អាមេរិក៖ ជារឿងមួយដ៏គួរឲ្យរំភើប និងភ្ញាក់ផ្អើល ក្រោយពីរង់ចាំអស់រយៈពេលយូរ នៅពេលនេះអ្នកកីឡាកាស John Cena បានសម្រេចចិត្តសុំមិត្តស្រីរបស់ខ្លួនរៀបការហើយ នៅកណ្តាលសង្វៀន ក្នុងព្រឹត្តការណ៍ដ៏ធំ Wrestlemania ក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនាជាង ៧មឺុននាក់ ក្នុងទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកកីឡាកាសអាជីពមកពីស្ថាប័ន WWE រូបនេះ បានលុតជង្គង់សុំមិត្តស្រីរបស់ខ្លួនរៀបការ បន្ទាប់ពួកគេបានចាប់ដៃគូគ្នាប្រកួតឈ្នះ The Miz និង Maryse ក្នុងព្រឹត្តការណ៍ប្រចាំឆ្នាំ Wrestlemania ។

នៅចំកណ្តាលសង្វៀន ក្រោមក្រសែភ្នែកអ្នកទស្សនាជាច្រើនមឺុននាក់ John បាននិយាយទៅកាន់ Nikka ថា «ខ្ញុំបានរង់ចាំពេលនេះ អស់ជាច្រើនឆ្នាំហើយ…ខ្ញុំក៏ធ្លាប់បានសន្យាដែរថានឹងសុំនាងរៀបការ នៅពេលវេលាសមស្របណាមួយ»

ក្រោយពីបានថ្លែងពាក្យពេជន៍ដ៏ផ្អែមល្ហែមអស់ជាច្រើនរួចមក John ក៏បានលុតជង្គង់សុំនាងរៀបការ ធ្វើឲ្យ Nikki ដែលជាមិត្តស្រីរំភើបចិត្តខ្លាំង ក៏ឆ្លើយយល់ព្រមភ្លាមៗតែម្តង។

គួរឲ្យដឹងថា John Cena និងនាង Nikki Bella បានស្គាល់ និងស្រលាញ់គ្នាតាំងពីឆ្នាំ២០១២មកម្ល៉េះ បន្ទាប់ពី John បានសម្រេចចែកផ្លូវលែងលះគ្នាជាមួយអតីតភរិយានាង Elizabeth។

ដោយឡែកចំពោះ Nikki វិញ បន្ទាប់ពីបានយល់ព្រមរៀបការហើយនោះ នាងបានបង្ហាញពីអារម្មណ៍របស់នាងទៅកាន់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គមថា «រីករាយទាំងទឹកភ្នែក!! ខ្ញុំមានអារម្មណ៍ថា ពួកយើងបានរៀបការរួចទៅហើយ…ស្វាគមន៍មកកាន់គ្រួសាររបស់យើង @JohnCena» ៕

ប្រភព៖ Dailymail

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖  អស្ចារ្យមែន! Real Madrid ក្លាយជាក្រុមបាល់ទាត់ដំបូងគេ ដែលមានអ្នកគាំទ្ររហូតដល់១០០លាននាក់ លើហ្វេសប៊ុក

អេស្ប៉ាញ៖ ក្លិបយក្សរបស់អេស្ប៉ាញ Real Madrid មិនត្រឹមតែនាំមុខក្នុងតារាងចំណាត់ថ្នាក់នៃលីកបាល់ទាត់កំពូលអេស្ប៉ាញនោះទេ មិនតែប៉ុណ្ណោះគឺជាក្រុមដែលមានអ្នកគាំទ្រច្រើនជាងគេទៀតផងនៅលើពិភពលោក មិនថានៅខាងក្រៅ ឬនៅក្នុងបណ្តាញសង្គម។

ទាក់ទងនឹងបណ្តាញសង្គមនេះដែរ ថ្មីៗនេះ ម្ចាស់ជើងឯក១១សម័យនៃពានរង្វាន់ UEFA Champions League ក្លិប Real Madrid បានក្លាយជាក្លិបដំបូងគេបង្អស់ ដែលមានអ្នកគាំទ្ររហូតដល់១០០.៤៦លាននាក់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក តាមពីក្រោយដោយក្លិប Barcelona ដែលមានអ្នកគាំទ្រ ១០០.២លាននាក់ តិចជាង Real Madrid ។ នេះបើយោងតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ក្លិប Real Madrid និង Barcelona។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីក្លាយជាក្លិបដំបូងគេដែលមានអ្នកគាំទ្ររហូតដល់១០០លាននាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកហើយនោះ Real Madrid ក៏បានផ្តល់ជូននូវជ័យជំនះមួយផងដែរ ដោយបានបំបាក់ក្រុម Alaves ក្នុងលទ្ធផល ៣-០ ក្នុងជំនួបនៃលីក La Liga កាលពីយប់មិញ។

ដូចគ្នានេះដែរ Barcelona ក៏ទទួលបានជ័យជំនះទៅលើក្រុមម្ចាស់ផ្ទះ Granada ក្នុងលទ្ធផល ៤-១ ផងដែរ ដោយក្នុងនោះ Neymar បានបង្កើតប្រវត្តិសាស្ត្រមួយ ក្លាយជាកីឡាករប្រស៊ីលទី៣ ដែលស៊ុតចូលបាន១០០គ្រាប់ ឲ្យក្លិបអ្នកមានបុណ្យ Barcelona ។

ដូច្នេះជាមួយលទ្ធផលជ័យជំនះ កាលពីយប់មិញនេះ Real នៅតែបន្តឈរលេខ១ មាន៦៨ពិន្ទុ ក្នុងតារាងចំណាត់ថ្នាក់ដដែល តាមពីក្រោយដោយក្រុម Barcelona មាន៦៦ពិន្ទុ ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]