កម្មវិធី WeChat និង AliPay របស់ប្រទេសចិនបង្ហាញឲ្យឃើញថាតើ កម្មវិធីពហុបំណងអាចជំរុញបដិវដ្តន៍ ពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជាបានយ៉ាងដូចម្តេច

អ្នកដែលចាប់អារម្មណ៍ចង់ចូលរួម នៅក្នុងបដិវដ្តន៍ឌីជីថលចល័តរបស់កម្ពុជា កំពុងតាមដានយកចិត្តទុកដាក់ ចំពោះជោគជ័យដ៏មហិមានៃកំពូលកម្មវិធីរបស់ប្រទេសចិន ដែលប្រើប្រាស់ជាមួយឧបករណ៍ចល័ត មានដូចជា WeChat ឬ AliPay ជាដើម ដែលជាកម្មវិធីប្រើប្រាស់សម្រាប់ការផ្ញើសារ ទិញទំនិញ និងមុខងារផ្សេងទៀត ហើយកម្មវិធីនេះបានវាយលុកយកទីផ្សារប្រទេសចិន និងទីកន្លែងដទៃទៀត ។

ក្នុងរយៈកាលពីរបីឆ្នាំកន្លងមកនេះ យុវជនកម្ពុជាបានជាប់ចិត្តនឹងបណ្ដាញសង្គម កម្មវិធី Chat និងចែករំលែកព័ត៌មានផ្សេងៗ ដែលជាកម្មវិធីរបស់លោកខាងលិច មានដូចជា Facebook, Youtube, Instagram និង What’s App ជាដើម ។

យោងតាមស្ថិតិពីរដ្ឋាភិបាល កម្មវិធីដែលប្រើប្រាស់លើឧបករណ៍ចល័តទាំងនេះ គឺជាឧបករណ៍ដែលទាក់ទាញឲ្យ ប្រជាជនកម្ពុជាប្រើប្រាស់សេវាអ៊ិនថឹណិតចល័ត ដោយក្នុងនោះបច្ចុប្បន្នអ្នកប្រើប្រាស់ចំនួន ៦,៣ លាននាក់មានលទ្ធភាពស្វែងរកទិន្នន័យតាមអ៊ិនថឹណិត ដោយប្រើប្រាស់ឧបករណ៍ចល័តបែបនេះ ។

កាលពីពេលថ្មីៗ ប្រជាជនកម្ពុជា ដែលចេះប្រើប្រាស់ប្រព័ន្ធឌីជីថល អាចប្រើប្រាស់សេវាឌីជីថល ដែលបង្កើតក្នុងស្រុកកាន់តែច្រើនឡើងៗ ដែលសេវាទាំងនេះបានចាប់ផ្ដើមផ្លាស់ប្ដូរការរំពឹងទុកចំពោះមុខងារ ដែលអាចប្រើប្រាស់បាននៅលើទូរស័ព្ទស្មាតហ្វូន ឬ Tablet ។

ប៉ុន្តែ ប្រព័ន្ធមជ្ឈដ្ឋាននៃសេវាឌីជីថលចល័តរបស់កម្ពុជា មានលក្ខណៈតូចចង្អៀត និងបែកខ្ញែក ហើយការប្រើប្រាស់ ក្រដាសប្រាក់នៅតែគ្របដណ្ដប់នៅឡើយ បើនិយាយអំពីការទិញទំនិញ ឬសេវាផ្សេងៗ ។

លោក ថូម៉ាស់ ផូករនី (Tomas Pokorny) ជាអ្នកត្រួសត្រាយផ្លូវដំបូងគេលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងតែដឹកនាំការងារបង្កើតកម្មវិធីប្រើប្រាស់ សម្រាប់ឧបករណ៍ចល័តថ្មីមួយឈ្មោះថា Pi Pay ដែលលោកសង្ឃឹមថា នឹងដាក់ចេញឲ្យប្រើប្រាស់នៅឆ្នាំនេះ ។ លោកបានមានប្រសាសន៍ថា៖ “ទីផ្សារនេះនៅមិនទាន់ត្រៀមខ្លួនលក្ខណៈបាន ១០០% នៅឡើយទេ សម្រាប់ការចាយវាយដោយមិនប្រើក្រដាសប្រាក់នោះ” ។

លោកបានបន្តទៀតថា៖ “ប៉ុន្តែ បើអ្នកគិតដល់ចំនួនក្រុមហ៊ុនថ្មី ផ្នែកបច្ចេកវិទ្យាថាតើមានប៉ុន្មាននៅក្នុងទីផ្សារមួយនេះ ដែលផ្ដល់សេវាលើផ្នែកផ្គត់ផ្គង់អាហារ ការទិញទំនិញតាមអនឡាញ ការទូរទាត់ ឬសេវាដឹកជញ្ជូនជាដើម សម្រាប់ទីផ្សារមួយនេះ ដែលកំណើនទីផ្សារកើតមាន តាមរយៈយុវជនប្រើប្រាស់បណ្ដាញសង្គម និងអ៊ិនថឹណិត ដូច្នេះ យើងជឿជាក់ថា ដល់ពេលហើយដែលត្រូវចាប់ផ្ដើមដំណើរការអភិវឌ្ឍកម្មវិធីថ្មី ដែលបម្រើដល់ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ប្រៀបបាននឹងកំពូលកម្មវិធីដូចជា WeChat ដែលបានបម្រើដល់វិស័យនេះ នៅក្នុងប្រទេសចិនដូច្នោះដែរ” ។

បុគ្គលនានាដែលស្ថិតក្នុងរង្វង់ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដែលនៅក្មេងខ្ចីនៅឡើយនៅកម្ពុជានេះ បានកោតសរសើរ ដល់ជោគជ័យនៃកំពូលកម្មវិធីរបស់ចិន ពីព្រោះកម្មវិធីទាំងនោះបានផ្លោះរំលងបច្ចេកវិទ្យាចាស់ ដើម្បីបំពេញតម្រូវការសម្រាប់យុវជនជំនាន់ថ្មី ដែលបានកើតមកនៅក្នុងសម័យឌីជីថល ។

លោក កាយ ឡូត ដែលជាពាណិជ្ជករកម្ពុជាមួយរូប មានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យធនាគារ ទូរស័ព្ទចល័ត និងសេវាទូទាត់ បានមានប្រសាសន៍ថា៖ “កម្មវិធីនានា ដូចជា WeChat និង AliPay ជាដើមបានទទួលជោគជ័យដូច្នេះ ក៏ដោយសារតែកម្មវិធីទាំងនេះជួយបម្រើដល់ការរស់នៅបែបទំនើប ទាំងការរស់នៅក្នុងសង្គមអនឡាញ និងនៅក្នុងពិភពពិត ។ អ្នកអាចប្រើប្រាស់កម្មវិធីទាំងនេះ ដើម្បីផ្ទេរប្រាក់តាមរយៈប្រព័ន្ធមួយទៅឲ្យមនុស្សណាម្នាក់តាមការចង់បាន ប៉ុន្តែអ្នកក៏អាចប្រើប្រាស់កម្មវិធីនេះនៅក្នុងហាងទំនិញទូទៅ ដើម្បីទិញទំនិញជាក់លាក់ណាមួយ ហើយបន្ទាប់មក អ្នកអាចប្រាប់ទៅកាន់មិត្តភ័ក្ត្រនៅពេលកំពុង Chat អំពីការទិញអាហារថ្ងៃត្រង់ ឬកាបូបដៃ ឬអ្វីៗផ្សេងទៀត ហើយមិត្តភ័ក្ត្ររបស់អ្នកអាចទិញទំនិញដូចគ្នានេះតាមអ៊ិនថឹណិតក៏បាន ។ ខណៈដែលជីវិតរបស់យើងឆ្លងកាត់ទាំងពិភពពិត និងពិភពនិមិត្ត ដូច្នេះបច្ចេកវិទ្យាក៏ត្រូវទៅតាមដូច្នេះដែរ” ។

ថ្វីដ្បិតតែឱកាសក្នុងការដាក់ចេញឲ្យប្រើប្រាស់នូវកំពូលកម្មវិធីបែបនេះ នៅក្នុងទីផ្សារកម្ពុជា ហាក់មានការកើនឡើងក្តី បញ្ហាប្រឈមនៅតែមាន ពោលគឺកម្ពុជាគឺជាទីផ្សារតូចមួយដែលប្រើប្រាស់រូបិយប័ណ្ណពីរ ជាមួយនឹងកត្តាប្រជាជន ដែលមានគម្លាតពីគ្នាយ៉ាងច្បាស់រវាងអ្នកមានចំណេះដឹងផ្នែកឌីជីថិល និងមិនមានចំណេះដឹងផ្នែកឌីជីថល ។

អ្នកតាមដានក៏បាននិយាយថា “ទីផ្សារបែកខ្ញែក” សម្រាប់វិស័យសេវាកម្មឌីជីថលនៅកម្ពុជាអាចបង្កការរាំងស្ទះដល់ការអភិវឌ្ឍន៍ ដោយសារតែមានជម្រើសផ្សេងៗជាច្រើនសម្រាប់អតិថិជនប្រើប្រាស់ ដូចជាប្រព័ន្ធទូរគមនាគមន៍ចល័តដែលផ្ដល់សេវាទូទាត់ និងផ្ទេរប្រាក់ ឬធនាគារដែលប្រកួតប្រជែងជាមួយគ្នា ឬក៏ប្រជែងនឹងខ្លួនឯង ដោយផ្ដល់នូវប័ណ្ណឥណទានខុសៗគ្នា កម្មវិធីប្រើប្រាស់លើឧបករណ៍ចល័ត និងការផ្ទេរប្រាក់តាមម៉ាស៊ីន ATM ជាដើម។ 

លោក ផូករនី បានមានប្រសាសន៍ថា៖ “គន្លឹះដើម្បីជោគជ័យនៅទីនេះ ប្រហែលជាត្រូវប្រើវិធីសាស្ត្រចាប់ដៃគូជាមួយនឹងអ្នកផ្ដល់សេវាផ្សេងៗគ្នាជាជាងប្រើប្រាស់វិធីសាស្ត្រប្រកួតប្រជែង” ។

លោក បានបន្ថែមថា៖ “ហេតុអ្វីបានជាយើងមិនបង្កើតកម្មវិធីមួយរបស់កម្ពុជា ដែលអាចផ្ទេរប្រាក់ទៅកាន់ប្រព័ន្ធផ្ទេរប្រាក់ផ្សេង ផ្ទេរប្រាក់ទៅម៉ាស៊ីន ATM របស់ធានាគារនានា ហើយត្រូវបានទទួលយកទៅប្រើប្រាស់ដោយអាជីវកររាប់ពាន់នាក់ ដែលចេះប្រើប្រាស់ប្រព័ន្ធលក់ដូរ ដែលអាចប្រើប្រាស់ជាមួយនឹងប័ណ្ណដទៃទៀត ឬការទូទាត់តាមអ៊ិនថឹណិតជាដើម ។ យើងត្រូវការបច្ចេកវិទ្យាដែលគាំទ្រ ឬពង្រឹងការរស់នៅរបស់យើង រាប់ចាប់ពីការកសាងបណ្ដាញសង្គម រហូតដល់ការទិញទំនិញ និងការគ្រប់គ្រងលុយកាក់របស់យើងផងដែរ” ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]