ចិន៖  លោក Wang Xiaowen និស្សិតប្រុសមកពីទីក្រុង Shenyang ភាគខាងជើងខេត្ត Liaoning ប្រទេសចិន បានថតរូបភាពផ្លែប៉េងប៉ោះចម្លែកមួយផ្លែ  បង្ហោះចែកចាយនៅលើបណ្តាញសង្គម  ដែលវាមានសភាពខុសប្លែក ពីផ្លែប៉េងប៉ោះដទៃទៀត។

កម្លោះសង្ហាវ័យ២៤ឆ្នាំ និស្សិតផ្នែកមេកានិច នៅវិទ្យាស្ថាន Shenyang Institute of Technology បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០១៧កន្លងទៅ  លោកបានទៅផ្សារទំនើបមួយកន្លែង ទិញផ្លែប៉េងប៉ោះចំនួនពីរបីផ្លែ  តម្លៃ២០យ័ន (ប្រហែល ០.២៩ដុល្លារអាមេរិក)។

លុះដល់ពេលរសៀល លោក Wang  បានយកផ្លែប៉េងប៉ោះមួយមកញ៉ាំ  ទើបដឹងថាផ្លែប៉េងប៉ោះនោះ  បែរជាគ្មានគ្រាប់ទៅវិញ។   បើមើលពីរូបរាងខាងក្រៅ និងរសជាតិរបស់វា គឺធម្មតា ដូចផ្លែប៉េងប៉ោះផ្សេងទៀត ប៉ុន្តែខាងក្នុង បែរជាមានផ្លែស្រ្តប៊ឺរីទៅវិញ។ លោក Wang មានការភ្ញាក់ផ្អើលនិងងឿងឆ្ងល់យ៉ាងខ្លាំង ក៏យកទៅឲ្យមិត្តរួមថ្នាក់របស់គាត់ជួយមើល  តែគ្មាននរណាម្នាក់ដឹងថាមកពីអ្វីឡើយ។  ចុងក្រោយ លោក Wang  បានសម្រេចចិត្តថតរូបភាព បង្ហោះចែកចាយនៅលើបណ្តាញសង្គម Weibo របស់ចិនតែម្តង។

លោក Wang បានសរសេរថា «តើខ្ញុំគួរតែបន្តញ៉ាំផ្លែប៉េងប៉ោះនេះទៀតឬយ៉ាងណា?» ។  លោកបានសម្រេចចិត្តមិនញ៉ាំស្នូលខាងក្នុង(ផ្លែស្ត្រប៊ឺរី)នោះឡើយ។ លោក Wang បានទុកវារយៈពេលពីរទៅបីថ្ងៃ ទើបសម្រេចចិត្តបោះវាចោលតែម្តង។

អ្នកជំនាញខាងកសិកម្ម មកពីខាងស្ថានីយទូរទស្សន៍ចិន Central Television Station បានអះអាងថា ផ្លែប៉េងប៉ោះដែលមានរូបរាងដ៏ចម្លែកនេះ អាចទទួលរងកង្វះសាធាតុចិញ្ចឹម (ឬហៅថា Nutrient) ក្នុងអំឡុងពេលលូតលាស់របស់វា។ មួយវិញទៀត វាអាចមកពីខាងកសិករដាំដុះ បានប្រើប្រាស់នូវអ័រម៉ូនមួយចំនួនទៅលើផ្លែឈើ ដែលជាហេតុធ្វើឲ្យបណ្តូលខាងក្នុងរបស់វាស្ងួត ចេញរូបរាងដូចផ្លែស្ត្រប៊ឺរីទៅវិញ។

អ្នកជំនាញបានឲ្យដឹងទៀតថា សម្រាប់ផ្លែប៉េងប៉ោះដែលមានសភាពបែបនេះ មិនគួរសាកល្បងភ្លក្សរសជាតិរបស់វាឡើយ។

គួរឲ្យដឹងដែរថា នេះមិនមែនជាករណីទីមួយទេ  ដែលមានហេតុការណ៍ចម្លែកបែបនេះ។ ជាក់ស្តែង កាលពីក្នុងកំឡុងឆ្នាំ២០១០ ធ្លាប់មានបុរសម្នាក់ គឺលោក Dean Wilson រស់នៅរដ្ឋ Illinois សហរដ្ឋអាមេរិក ក៏ធ្លាប់ប្រទះឃើញផ្លែស្រ្តប៊ឺរី នៅខាងក្នុងផ្លែប៉េងប៉ោះ ដែលគាត់បានដាំដុះវានៅផ្ទះដោយខ្លួនឯងផងដែរ ៕  

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ប្រទះឃើញសពកូនចៅមន្រ្តីធំ ក្នុងផ្នូរបុរាណសម័យរាជវង្សមីង អាយុកាលជាង៥០០ឆ្នាំ តែនៅមានសភាពល្អ

ចិន៖ សាកសពដែលមានសភាពល្អ ត្រូវបានប្រទះឃើញនៅក្នុងផ្នូរបុរាណមួយ ដោយក្រុមការងារសំណង់ មានទីតាំងស្ថិតក្នុងសង្កាត់ Taikang ខេត្តហឺណាន ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពដែលជាបុរសមានស្លៀកពាក់ខោអាវមន្រ្តីរាជការស៊ីវិល ហើយនៅមានសក់ជាច្រើនជាប់នៅឡើយ។ យោងតាមសិលាចារិក ចំនួន៤នៅមុខផ្នូរ បានបង្ហាញថា សាកសពមានឈ្មោះថា Gu Pu ត្រូវបានកប់អស់រយៈពេលជាង៥០០ឆ្នាំមកហើយ ក្នុងសម័យរាជវង្សមីង។ Gu Pu គឺជាចៅប្រុសរបស់ Gu Zuo ដែលជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ព្រះចៅអធិរាជមីង។

ទោះជាយ៉ាងណា ក្រុមការងារសំណង់មិនបានផ្តល់ដំណឹងទៅដល់អាជ្ញាធរមូលដ្ឋានភ្លាមៗទេ រហូតដល់ម៉ោង៩យប់ទើបដឹង ហើយដោយសារការពន្យាពេលក្នុងការផ្តល់ដំណឹងនេះ ផ្នូរខាងលើត្រូវបានគេរាយការណ៍ថាបានទទួលរងការខូចខាតមួយចំនួន ហើយវត្ថុបុរាណមួយចំនួនត្រូវបានគេលួចបាត់។

ក្រោយមកមន្រ្តីមូលដ្ឋាន និងជាអនុប្រធាននាយកដ្ឋានវប្បធម៌ លោក Ge បានចេញមុខបញ្ជាក់ថា ផ្នូរបុរាណនោះពិតជារកឃើញមែន។ ប៉ុន្តែលោកបានច្រានចោលនូវពាក្យចចាមអារ៉ាមលើបណ្តាញអ៊ីនធើណេត ដែលថាអ្នកស្រុកក្នុងតំបន់អាចចូលក្នុងទីតាំងផ្នូរដោយសេរី និងបានយករបស់របរមួយចំនួនដែលកប់ក្នុងផ្នូរនោះ។

លោកក៏បានអះអាងដែរថា របស់របរដែលកប់នៅក្នុងផ្នូរនោះ មិនសូវមានតម្លៃប៉ុន្មានទេ ដោយសារអំពើពុករលួយ និងការសូកប៉ាន់ត្រូវបានគេហាមឃាត់យ៉ាងតឹងរ៉ឹង ក្នុងអំឡុងពេលរាជវង្សមីង។ ទោះបីជាមន្រ្តីរាជការស៊ីវិលកម្រិតខ្ពស់ប៉ុណ្ណា នៅពេលដែលពួកគេបានស្លាប់ទៅ នឹងមិនត្រូវបានកប់ជាមួយវត្ថុមានតម្លៃអ្វីពិតប្រាកដឡើយ។

លោក Wang Deheng អ្នកស្រាវជ្រាវនៅបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន ក៏បានថ្លែងឲ្យដឹងដែរថា “វាជារឿងដ៏កម្រណាស់ដែលអាចបានឃើញសាកសពនៅសភាពល្អ រួមជាមួយនឹងសម្លៀកបំពាក់បែបនេះ និងបានស្នើ ដាក់ការរកឃើញនេះនៅក្នុងលក្ខខណ្ឌនៃបុរាណវិទ្យា និងមានតម្លៃខ្លាំង”។

គួរបញ្ជាក់ថា ជាច្រើនម៉ោងបន្ទាប់ពីគេបានរកឃើញផ្នូរនោះ គេក៏បានជូនដំណឹងទៅដល់កូនចៅជំនាន់ក្រោយរបស់លោក Gu Pu ហើយពួកគេមិនអាចមានសិទ្ធិ ទទួលបានវត្ថុបុរាណណាមួយ ដែលមាននៅក្នុងផ្នូរនោះទេ។ ខណៈសមាជិកគ្រួសារម្នាក់ឈ្មោះ Gu Xin បានសម្តែងការខកចិត្តជាខ្លាំង ដោយសារផ្នូរត្រូវរកការបំផ្លាញយ៉ាងខ្លាំង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]