ចិន៖ សាកសពដែលមានសភាពល្អ ត្រូវបានប្រទះឃើញនៅក្នុងផ្នូរបុរាណមួយ ដោយក្រុមការងារសំណង់ មានទីតាំងស្ថិតក្នុងសង្កាត់ Taikang ខេត្តហឺណាន  ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពដែលជាបុរសមានស្លៀកពាក់ខោអាវមន្រ្តីរាជការស៊ីវិល ហើយនៅមានសក់ជាច្រើនជាប់នៅឡើយ។ យោងតាមសិលាចារិក ចំនួន៤នៅមុខផ្នូរ បានបង្ហាញថា សាកសពមានឈ្មោះថា Gu Pu  ត្រូវបានកប់អស់រយៈពេលជាង៥០០ឆ្នាំមកហើយ ក្នុងសម័យរាជវង្សមីង។  Gu Pu គឺជាចៅប្រុសរបស់ Gu Zuo ដែលជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ព្រះចៅអធិរាជមីង។

ទោះជាយ៉ាងណា ក្រុមការងារសំណង់មិនបានផ្តល់ដំណឹងទៅដល់អាជ្ញាធរមូលដ្ឋានភ្លាមៗទេ រហូតដល់ម៉ោង៩យប់ទើបដឹង  ហើយដោយសារការពន្យាពេលក្នុងការផ្តល់ដំណឹងនេះ ផ្នូរខាងលើត្រូវបានគេរាយការណ៍ថាបានទទួលរងការខូចខាតមួយចំនួន ហើយវត្ថុបុរាណមួយចំនួនត្រូវបានគេលួចបាត់។ 

ក្រោយមកមន្រ្តីមូលដ្ឋាន និងជាអនុប្រធាននាយកដ្ឋានវប្បធម៌ លោក Ge បានចេញមុខបញ្ជាក់ថា ផ្នូរបុរាណនោះពិតជារកឃើញមែន។ ប៉ុន្តែលោកបានច្រានចោលនូវពាក្យចចាមអារ៉ាមលើបណ្តាញអ៊ីនធើណេត ដែលថាអ្នកស្រុកក្នុងតំបន់អាចចូលក្នុងទីតាំងផ្នូរដោយសេរី និងបានយករបស់របរមួយចំនួនដែលកប់ក្នុងផ្នូរនោះ។

លោកក៏បានអះអាងដែរថា របស់របរដែលកប់នៅក្នុងផ្នូរនោះ មិនសូវមានតម្លៃប៉ុន្មានទេ ដោយសារអំពើពុករលួយ និងការសូកប៉ាន់ត្រូវបានគេហាមឃាត់យ៉ាងតឹងរ៉ឹង ក្នុងអំឡុងពេលរាជវង្សមីង។ ទោះបីជាមន្រ្តីរាជការស៊ីវិលកម្រិតខ្ពស់ប៉ុណ្ណា នៅពេលដែលពួកគេបានស្លាប់ទៅ នឹងមិនត្រូវបានកប់ជាមួយវត្ថុមានតម្លៃអ្វីពិតប្រាកដឡើយ។

លោក Wang Deheng អ្នកស្រាវជ្រាវនៅបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន ក៏បានថ្លែងឲ្យដឹងដែរថា “វាជារឿងដ៏កម្រណាស់ដែលអាចបានឃើញសាកសពនៅសភាពល្អ រួមជាមួយនឹងសម្លៀកបំពាក់បែបនេះ និងបានស្នើ ដាក់ការរកឃើញនេះនៅក្នុងលក្ខខណ្ឌនៃបុរាណវិទ្យា និងមានតម្លៃខ្លាំង”។

គួរបញ្ជាក់ថា ជាច្រើនម៉ោងបន្ទាប់ពីគេបានរកឃើញផ្នូរនោះ គេក៏បានជូនដំណឹងទៅដល់កូនចៅជំនាន់ក្រោយរបស់លោក Gu Pu ហើយពួកគេមិនអាចមានសិទ្ធិ ទទួលបានវត្ថុបុរាណណាមួយ ដែលមាននៅក្នុងផ្នូរនោះទេ។ ខណៈសមាជិកគ្រួសារម្នាក់ឈ្មោះ Gu Xin បានសម្តែងការខកចិត្តជាខ្លាំង ដោយសារផ្នូរត្រូវរកការបំផ្លាញយ៉ាងខ្លាំង៕ 

ប្រភព៖ CGTN

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ អស្ចារ្យមែន! សត្វខ្លា Tasmanian ដែលបានផុតពូជយូរមកហើយនោះ ទំនងជានៅមានជីវិត លើផែនដីនៅឡើយ

សត្វខ្លា Tasmanian ត្រូវបានគេជឿជាក់ថា បានដាច់ពូជ តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៣០មកម្ល៉េះ ប៉ុន្តែពេលនេះត្រូវបានបុរសម្នាក់អះអាងថា គាត់បានប្រទះឃើញ សត្វខ្លានេះមួយហ្វូង ស្ថិតនៅភាគខាងជើង រដ្ឋ Queensland ប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក Brian Hobbs ដែលជា ប្រតិបត្តិករទេសចរណ៍នៅរដ្ឋ Queensland បានអះអាងថា សត្វខ្លា Tasmanian នៅមិនទាន់ដាច់ពូជនៅឡើយទេ បន្ទាប់ពីលោកបានប្រទះឃើញវា នៅឯឧបទ្វីប Cape York ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី។

លោក Hobbs បានបង្ហាញឲ្យដឹងពីការជួបប្រទះ សត្វខ្លា Tasmanian ឬ Thylacine ថាជារឿងដែលមិនទំនងនឹងកើតឡើង ខណៈពេលកំពុងបោះជំរុំ ដោយលោកបានថ្លែងថា “ខ្ញុំបានដើរជុំវិញជំរុំ សំដៅទៅកាន់ជ្រោះមួយដែលនៅជិតនោះ ហើយខ្ញុំបានភ្ញាក់ផ្អើលមួយរំពេចនៅពេលដែលឃើញ គ្រាប់ភ្នែកពណ៌ក្រហមរបស់ហ្វូងខ្លា Tasmanian សម្លឹងមកកាន់ខ្ញុំ”។

លោកបន្តថា “សត្វខ្លា Tasmanian មួយហ្វូងនោះ មាន ឈ្មោល១ក្បាល ញី១ក្បាល និង កូន២ក្បាល និងមានរូបរាងដូចជាសត្វឆ្កែ ។ ខ្ញុំអាចមើលឃើញពួកវា មានសម្បុរពណ៌ត្នោត និងមានឆ្នូតនៅលើខ្លួនថែមទៀត។ ខ្ញុំមិនដែលឃើញអ្វីពីមុនមក ដូចពួកវាទេ ក្នុងជីវិតរបស់ខ្ញុំ”។

លោក Hobbs បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកបានចូលទៅជិតសត្វខ្លានោះ ដែលមានចម្ងាយប៉ុន្មាន២០ម៉ែត្រ ពីពួកវា ដើម្បីមើលឲ្យកាន់តែច្បាស់។ លោកបន្តថា ហើយនៅពេលយប់ឡើង ពួកវាបានមកលេងគាត់ម្តង ដោយបានដើរមកនោមក្បែរជំរុំរបស់គាត់ មុនពេលដែលវាបានដើរចូលទៅក្នុងព្រៃវិញបាត់ទៅ។

គួរបញ្ជាក់ថា ការអះអាងនេះបានធ្វើឡើង រយៈពេល២ខែ បន្ទាប់ពីមានការដាក់បង្កប់កាមេរ៉ាមួយ អះអាងថាថតជាប់ សត្វខ្លា Tasmanian នៅក្នុងផ្នែកមួយ នៃទីក្រុង Perth ប្រទេសអូស្ត្រាលី៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]