ភ្នំពេញ៖ យោងតាមការប្រកាស របស់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយកំពុងទទួលការសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វីស។

ដោយសារតែលោកមានជំងឺដូច្នេះ នៅក្នុងសេចក្តីប្រកាសក៏បានបញ្ជាក់ទៀតថា លោកវេជ្ជបណ្ឌិត Beat Richner នឹងលាលែងពីតំណែងជាប្រធានមន្ទីរពេទ្យគន្ធបុប្ជានាពេលខាងមុខនេះហើយ។ ចំណែកឯតំណែងជាប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវប្រគល់ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យនាពេលបច្ចុប្បន្ននេះជំនួសវិញ។

ដំណឹងនេះពិតជាធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ប្រជាជនកម្ពុជាយើងភាគច្រើន ដែលធ្លាប់បាន ទទួលការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផាកន្លងមក។

ក្នុងនោះកញ្ញា សុខ ពិសី ដែលជាតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ក៏ធ្លាប់ជាកុមារមួយរូប ដែលធ្លាប់បានទទួលការព្យាបាលពីមន្ទីរពេទ្យនេះផងដែរ ព្រោះនាងបានប្រាប់ឱ្យដឹងថា កាលពីតូចរាល់ពេលឈឺ ម្តាយនាងតែងតែយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

គ្រាន់តែឮដំណឹងថា លោកវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺ កញ្ញា ក៏បានជូនពរលោកតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖

«Please recovery soon my hero love u ខ្ញុំបារម្ភពីវីរបុរស beat richner ណាស់ គាត់មានគុណលើកុមារកម្ពុជាច្រើនណាស់ រួមទាំងខ្ញុំដែរ ចាំបានកាលនៅតូចគ្រប់ពេលដែលខ្ញុំ ឈឺម៉ាក់តែងតែយកខ្ញុំមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា»។ 

ចុះប្រិយមិត្តទាំងអស់គ្នាវិញ ចង់និយាយអ្វីខ្លះទៅកាន់លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផារបស់យើង?

លោកវេជ្ជបណ្ឌិត Beat Richner
កញ្ញា សុខ ពិសី

កំណត់ហេតុខ្មែឡូត៖

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺជាទម្ងន់ និងប្រកាសលាលែងពីតំណែងប្រធានមន្ទីរពេទ្យគន្ធបុប្ជា។

មន្ទីរពេទ្យមនុស្សធម៌ដ៏ធំនៅកម្ពុជាគន្ធបុប្ផា បានប្រកាសឲ្យដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បាននិងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងទទួល​ការសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វីស នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាន។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ជាមួយនិងការធ្លាក់ខ្លួនឈឺធ្ងន់នេះ លោកវេជ្ជបណ្ឌិត Beat Richner នឹងលាលែងពី​តំណែងនាពេលខាងមុខ ហើយតំណែងជាប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវប្រគល់ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យនាពេលបច្ចុប្បន្ន។

មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសឲ្យដឹងដែរថា បើទោះបីលោកវេជ្ជបណ្ឌិត Rechner ធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងណាក្តី តែមន្ទីរពេទ្យនៅតែដំណើរការជាធម្មតាជាមួយបុគ្គលិកប្រមាណ ២,៥០០រូប។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃនេះថា ជាមួយការទទួលបានព័ត៌មាន​នៃការវាយប្រហារ​ដោយជំងឺ​យ៉ាងធ្ងន់​លើស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផានេះ, លោករដ្ឋមន្រ្តី សូមជូនពរ​លោកវេជ្ជបណ្ឌិត Richner ឲ្យទទួលបានជោគជ័យក្នុងព្យាបាល និងឆាប់បានជាសះស្បើយ។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានចាត់ទុកលោកវេជ្ជបណ្ឌិត Richner ជាបុគ្គលដែលបានជួយសង្រ្គោះជីវិតកុមារកម្ពុជា បានយ៉ាងច្រើន។ លោក ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាលនឹងបន្តធ្វើការយ៉ាងស្អិតល្មួតជាមួយប្រធានមន្ទីរពេទ្យគន្ធបុប្ផាថ្មី លោក វេជ្ជបណ្ឌិត Peter Studer។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យ មនុស្សធម៌គន្ធបុប្ផាជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ គិតមកដល់ត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិការជាង ៥០០លានដុល្លារ សម្រាប់ការព្យាបាល ក្នុងនោះប្រមាណ ៤០០លានដុល្លារ បានមកពីសប្បុរសជននៅប្រទេសស្វីស និងប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ៨.៨% ជាការចូលរួមរបស់រដ្ឋាភិបាលស្វីស (រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ) ក្រៅពីនោះជាការចូលរួម របស់សប្បុរសជនក្នុង និងក្រៅស្រុកដទៃទៀតផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី