(ភ្នំពេញ)៖ មន្ទីរពេទ្យមនុស្សធម៌ដ៏ធំនៅកម្ពុជាគន្ធបុប្ផា បានប្រកាសឲ្យដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បាននិងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងទទួល​ការសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វីស នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃនេះ។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ជាមួយនិងការធ្លាក់ខ្លួនឈឺធ្ងន់នេះ លោកវេជ្ជបណ្ឌិត Beat Richner នឹងលាលែងពី​តំណែងនាពេលខាងមុខ ហើយតំណែងជាប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវប្រគល់ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យនាពេលបច្ចុប្បន្ន។

មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសឲ្យដឹងដែរថា បើទោះបីលោកវេជ្ជបណ្ឌិត Rechner ធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងណាក្តី តែមន្ទីរពេទ្យនៅតែដំណើរការជាធម្មតាជាមួយបុគ្គលិកប្រមាណ ២,៥០០រូប។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃនេះថា ជាមួយការទទួលបានព័ត៌មាន​នៃការវាយប្រហារ​ដោយជំងឺ​យ៉ាងធ្ងន់​លើស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផានេះ, លោករដ្ឋមន្រ្តី សូមជូនពរ​លោកវេជ្ជបណ្ឌិត Richner ឲ្យទទួលបានជោគជ័យក្នុងព្យាបាល និងឆាប់បានជាសះស្បើយ។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានចាត់ទុកលោកវេជ្ជបណ្ឌិត Richner ជាបុគ្គលដែលបានជួយសង្រ្គោះជីវិតកុមារកម្ពុជា បានយ៉ាងច្រើន។ លោក ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាលនឹងបន្តធ្វើការយ៉ាងស្អិតល្មួតជាមួយប្រធានមន្ទីរពេទ្យគន្ធបុប្ផាថ្មី លោក វេជ្ជបណ្ឌិត Peter Studer។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យ មនុស្សធម៌គន្ធបុប្ផាជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ គិតមកដល់ត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិការជាង ៥០០លានដុល្លារ សម្រាប់ការព្យាបាល ក្នុងនោះប្រមាណ ៤០០លានដុល្លារ បានមកពីសប្បុរសជននៅប្រទេសស្វីស និងប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ៨.៨% ជាការចូលរួមរបស់រដ្ឋាភិបាលស្វីស (រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ) ក្រៅពីនោះជាការចូលរួម របស់សប្បុរសជនក្នុង និងក្រៅស្រុកដទៃទៀតផងដែរ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ព័ត៌មានលម្អិត៖ បើករថយន្តបញ្ច្រាស់ផ្លូវបុករះម៉ូតូ បណ្តាលឲ្យស្លាប់៣នាក់ របួស៨នាក់ និងខូចខាតម៉ូតូ៧គ្រឿង ប្រជាពលរដ្ឋវាយកម្ទេចរថយន្ត និងអ្នកបើកស្ទើរស្លាប់, ស្រ្តីរងគ្រោះម្នាក់ ត្រូវចូលរោងការនាពេលឆាប់ៗនេះ

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿង បើកបុករះម៉ូតូនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ពោលនៅជិតច្រមុះជ្រូកក្បាលថ្នល់នោះ បានបណ្តាលឲ្យស្លាប់៣នាក់ របួសចំនួន៨នាក់ និងខូចខាតម៉ូតូចំនួន៧គ្រឿង។ នេះបើយោងតាមលោក សែម គន្ធា​​ នាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ។

លោក​ សែម គន្ធា បានបញ្ជាក់ថា ជនបង្កមានឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ ជាអ្នកលក់ទូរសព្ទ័ដៃ រស់នៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីររុស្ស៊ី ដោយសារតែប្រជាពលរដ្ឋ ដែលខឹងសម្បាយ៉ាងខ្លាំង បាននាំគ្នាវាយស្ទើរស្លាប់នៅកន្លែងកើតហេតុ។

បើតាមលោក​ សែម គន្ធា សម្រាប់ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះ មានស្រី២នាក់ ត្រូវជាម្តាយមីង និងក្មួយ ហើយបុរសម្នាក់ទៀត ត្រូវជាប្តីរបស់ស្រ្តីរងគ្រោះ (មីង)។ បុរសរងគ្រោះជាពលករខ្មែរនៅកូរ៉េ ហើយបានធ្វើដំណើរមកស្រុកវិញ ដើម្បីត្រៀមចូលរួមពិធីមង្គលការ ក្មួយស្រីរបស់ខ្លួន នាពេលខាងមុខដ៏ខ្លីនេះ។

ជនរងគ្រោះទី១ឈ្មោះ វ៉ង សុខណាក់ អាយុ៣៥ឆ្នាំ រស់នៅភូមិ៣ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងប្រពន្ធដែលស្លាប់ជាមួយឈ្មោះ សេង អាន អាយុ២៥ឆ្នាំរស់នៅជាមួយគ្នានេះ។ ដោយឡែក ក្មួយស្រីដែលជិតរៀបការនោះឈ្មោះ ណា ស្រីនីន អាយុ២៣ឆ្នាំ រស់នៅផ្ទះលេខ៧សេ ផ្លូវលេខ៤៨៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

លោក សែម គន្ធា បានបន្តទៀតថា សម្រាប់ជនរងគ្រោះទំាំង៨នាក់ មានរងរបួសធ្ងន់ចំនួន៦នាក់ និងស្រាល២នាក់ កំពុងសម្រាកនៅព្យាបាលនៅមន្ទីរស្ស៊ី មន្ទីរពេទ្យលោកសង្ឃ និងមន្ទីរពេទ្យកាល់ម៉ែត។ បើតាមមន្រ្តីនគរបាលរូបនេះ មុនពេលកើតហេតុ ជនប​ង្កបានបើករថយន្តម៉ាក Camry ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2M-2245 ធ្វើដំណើរបញ្ច្រាស់ទិសចរាចរណ៍ (បញ្ច្រាស់ផ្លូវ) តាមមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុករះម៉ូតូរបស់ជនរងគ្រោះទាំង៧គ្រឿងតែម្តង។ សម្រាប់មូលហេតុនេះ ត្រូវលោកបានបញ្ជាក់ថា​ បើកលឿន និងបញ្ច្រាស់ទិសចរាចរណ៍។

បើតាមសេចក្តីរាយពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ និងនាំគ្នាទៅវាយ​រថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងផងដែរ។ បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ច​បានព្យាយាមជួយយកអ្នកបើករថយន្ត ចេញពីកន្លែងកើតហេតុ និងជួយអន្តរាគមន៍ ដោយសារតែមានការផ្ទុះតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ទឹក ខ្លាចក្រែងផ្ទុះឆេះនៅពេល ប្រជាពលរដ្ឋវាយកម្ទេចនោះ។

សម្រាប់រថយន្តបង្កដែលខូចខាតស្ទើរទាំងស្រុងនោះ និងម៉ូតូរបស់ជនរងគ្រោះផ្សេងទៀត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តទៀតតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយ ស្ថានភាពរញ៉េរញ៉ៃ ដែលប្រជាពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំងនោះ បានស្ងប់ស្ងាត់ទៅវិញ នៅប៉ុន្មានម៉ោងក្រោយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]