(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿង បើកបុករះម៉ូតូនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ពោលនៅជិតច្រមុះជ្រូកក្បាលថ្នល់នោះ បានបណ្តាលឲ្យស្លាប់៣នាក់ របួសចំនួន៨នាក់ និងខូចខាតម៉ូតូចំនួន៧គ្រឿង។ នេះបើយោងតាមលោក សែម គន្ធា​​ នាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ។

លោក​ សែម គន្ធា បានបញ្ជាក់ថា ជនបង្កមានឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ ជាអ្នកលក់ទូរសព្ទ័ដៃ រស់នៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីររុស្ស៊ី ដោយសារតែប្រជាពលរដ្ឋ ដែលខឹងសម្បាយ៉ាងខ្លាំង បាននាំគ្នាវាយស្ទើរស្លាប់នៅកន្លែងកើតហេតុ។

បើតាមលោក​ សែម គន្ធា សម្រាប់ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះ មានស្រី២នាក់ ត្រូវជាម្តាយមីង និងក្មួយ ហើយបុរសម្នាក់ទៀត ត្រូវជាប្តីរបស់ស្រ្តីរងគ្រោះ (មីង)។ បុរសរងគ្រោះជាពលករខ្មែរនៅកូរ៉េ ហើយបានធ្វើដំណើរមកស្រុកវិញ ដើម្បីត្រៀមចូលរួមពិធីមង្គលការ ក្មួយស្រីរបស់ខ្លួន នាពេលខាងមុខដ៏ខ្លីនេះ។

ជនរងគ្រោះទី១ឈ្មោះ វ៉ង សុខណាក់ អាយុ៣៥ឆ្នាំ រស់នៅភូមិ៣ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងប្រពន្ធដែលស្លាប់ជាមួយឈ្មោះ សេង អាន អាយុ២៥ឆ្នាំរស់នៅជាមួយគ្នានេះ។ ដោយឡែក ក្មួយស្រីដែលជិតរៀបការនោះឈ្មោះ ណា ស្រីនីន អាយុ២៣ឆ្នាំ រស់នៅផ្ទះលេខ៧សេ ផ្លូវលេខ៤៨៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

លោក សែម គន្ធា បានបន្តទៀតថា សម្រាប់ជនរងគ្រោះទំាំង៨នាក់ មានរងរបួសធ្ងន់ចំនួន៦នាក់ និងស្រាល២នាក់ កំពុងសម្រាកនៅព្យាបាលនៅមន្ទីរស្ស៊ី មន្ទីរពេទ្យលោកសង្ឃ និងមន្ទីរពេទ្យកាល់ម៉ែត។ បើតាមមន្រ្តីនគរបាលរូបនេះ មុនពេលកើតហេតុ ជនប​ង្កបានបើករថយន្តម៉ាក Camry ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2M-2245 ធ្វើដំណើរបញ្ច្រាស់ទិសចរាចរណ៍ (បញ្ច្រាស់ផ្លូវ) តាមមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុករះម៉ូតូរបស់ជនរងគ្រោះទាំង៧គ្រឿងតែម្តង។ សម្រាប់មូលហេតុនេះ ត្រូវលោកបានបញ្ជាក់ថា​ បើកលឿន និងបញ្ច្រាស់ទិសចរាចរណ៍។

បើតាមសេចក្តីរាយពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ និងនាំគ្នាទៅវាយ​រថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងផងដែរ។ បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ច​បានព្យាយាមជួយយកអ្នកបើករថយន្ត ចេញពីកន្លែងកើតហេតុ និងជួយអន្តរាគមន៍ ដោយសារតែមានការផ្ទុះតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ទឹក ខ្លាចក្រែងផ្ទុះឆេះនៅពេល ប្រជាពលរដ្ឋវាយកម្ទេចនោះ។

សម្រាប់រថយន្តបង្កដែលខូចខាតស្ទើរទាំងស្រុងនោះ និងម៉ូតូរបស់ជនរងគ្រោះផ្សេងទៀត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តទៀតតាមផ្លូវច្បាប់។ យ៉ាងណាក៏ដោយ ស្ថានភាពរញ៉េរញ៉ៃ ដែលប្រជាពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំងនោះ បានស្ងប់ស្ងាត់ទៅវិញ នៅប៉ុន្មានម៉ោងក្រោយ៕

សូមទស្សនាវិដេអូផ្សាយផ្ទាល់​ ពីកន្លែងកើតហេតុ៖

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ដោះស្រាយ​គ្នា​មិនត្រូវ​​ទៅ​ស្បថ​នៅ​ព្រះ​អង្គ​ដង​កើរ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​អាជីវករ​លក់ដូរ​ អីវ៉ាន់​ចាប់ហួយ បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​កា​កាប ជួយ​អន្តរាគមន៍​ដើម្បី​ឃាត់​បុគ្គលិក​ផ្នែក​លក់​បារី​ម្នាក់ ចាត់ការ​តាម​ច្បាប់ ដោយ​នាង​បាន​ចោទប្រកាន់​ថា បុគ្គលិក​ម្នាក់​នោះ​បាន​យក​បារី​ទៅ​ដាក់​នៅ​កន្លែង​លក់ដូរ​របស់​នាង ហើយ​ឆ្លៀតពេល​កំពុង​ជាប់រវល់​ធ្វើ​ម្ហូប ក៏​ធ្វើ​សកម្មភាព​លួច​ដោះ​យក​ខ្សែ​.​ក​ប្លា​ទី​ន​កូនស្រី​របស់​នាង ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លក់​ចាប់ហួយ​ដែល​មាន​យីហោ «​មុំ ស្រី​ឌី​» ស្ថិត​នៅ​ក្នុងភូមិ​ប៉​ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ដែល​រង​ការ​ចោទប្រកាន់​នោះ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ចំណែក​ស្ត្រី​អ្នកលក់​អីវ៉ាន់​ចាប់ហួយ​នោះ ក៏​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ដែរ ប៉ុន្តែ​នាង​បាន​ប្រាប់​ថា នៅ​មុន​ពេល កើតហេតុ ខណៈ​ពេល​ដែល​គាត់​ទៅ​ធ្វើ​ម្ហូប​នៅ​ខាងក្រោយ បាន​ដាក់​កូន​តូច​ឲ្យ​ដេក​នៅ​លើ​គ្រែ​ខាង​មុខ ពេល​នោះ​ជនសង្ស័យ​បាន​យក​បារី​ទៅ​ដាក់​ឲ្យ​គាត់ ហើយ​ឆ្លៀតពេល​ដែល​គាត់​កំពុង​ជាប់ដៃ​មិន​បាន​មើល ជន​នោះ​ក៏​បាន​ធ្វើ​សកម្មភាព​ដោះ​យក​ខ្សែ​.​ក​ពី​កូនស្រី​របស់​គាត់​អាយុ​ទើប​មាន​អាយុ​៤​ខែ ១​ខ្សែ​ទម្ងន់​២​ជី ពី​កូនស្រី​គាត់​តែ​ម្ដង​។

បន្ទាប់​មក​ជន​នោះ​បាន​ដាក់​បារី​រួចរាល់ ក៏​បាន​ចាកចេញ​ទៅ​បាត់ ចំណែក​គាត់​ក្រោយ​ពេល​ដែល​គាត់​ធ្វើ​ម្ហូប​រួច បាន​ដើរទៅ​ខាង​មុខ ស្រាប់តែ​បាត់​ខ្សែ​.​កកូន​ស្រី ទើប​សង្ស័យ​ទៅ​លើ​ជន​នោះ ហើយ​បាន​ខ​ល​ឲ្យ​ជន​នោះ​ឈប់ ហើយ​គាត់​បាន​ទៅ​នាំ​ជន​នោះ​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ ដើម្បី​ជជែក​គ្នា ប៉ុន្តែ​ខណៈនោះ​គាត់​បាន​ត្រឡប់​មក​ដល់​ផ្ទះ​យូរហើយ ស្រាប់តែ​បាត់​ជន​នោះ ទើប​គាត់​តាម​រក​ម្ដងទៀត រហូត​ដល់​ឃើញ ហើយ​នាំ​ទៅ​ដោះស្រាយ​គ្នា​មិន​ត្រូវ ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​តែ​ម្ដង​។

នគរបាល​បាន​និយាយ​ថា ទាំង​ជនសង្ស័យ និង​ស្ត្រី​អ្នក​ប្ដឹង​នោះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ព្រោះ​នៅ​ពេល​នោះ​កម្លាំង​មិន​បាន​ទទួល​ពាក្យបណ្ដឹង ដោយសារ​គ្មាន​ភស្តុ​តាង ហើយ​ជន​នោះ​បាន​ប្រកែក​រហូត ទើប​កម្លាំង​មិន​អាច​កំណត់​បាន​ថា ជន​នោះ​គឺជា​អ្នក​លួច​ខ្សែ​.​ក​នោះ ឬ​យ៉ាងណា ទើប​មិន​បាន​ធ្វើ​កំណត់ហេតុ​ឡើយ​។ បន្ទាប់​មក​ភាគី​ទាំង​សងខាង​បាន​ដឹក​ដៃ​គ្នា​ទៅ​ស្បថ​នៅ​ព្រះ​អង្គ​ដង​កើរ មុខ​ព្រះ​បរមរាជវាំង​តែ​ម្ដង​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]