ឥណ្ឌូណេស៊ី៖ នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត បន្ទាប់ពីសាកសពបុរសម្នាក់ ត្រូវបានគេរកឃើញនៅក្នុងពោះថ្លាន់មួយក្បាល ដែលមានប្រវែង ៧ម៉ែត្រ បន្ទាប់ពីវាបានលេបបុរសនោះទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះត្រូវពស់ថ្លាន់លេបមានឈ្មោះ Akbar Salubiro អាយុ ២៥ឆ្នាំ  បានបាត់ខ្លួនកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីចេញទៅប្រមូលផលដូងប្រេង ក្នុងភូមិដាច់ស្រយ៉ាលមួយនៅលើកោះ Sulawesi ភាគខាងលិច ប្រទេសឥណ្ឌូណេស៊ី។

នាល្ងាចថ្ងៃច័ន្ទ ក្រោយពេលចេញទៅហើយមិនឃើញត្រឡប់មកវិញ មិត្តភ័ក្ដិ និងសាច់ញាតិរបស់គាត់បានប្រទះឃើញពស់ថ្លាន់ធំមួយក្បាល កំពុងលូនតិចៗនៅគុម្ពោតព្រៃខាងក្រោយផ្ទះរបស់លោក Akbar ក៏បានគិតដោយភ័យខ្លាចថា លោក Akbar ប្រហែលជាត្រូវពស់មួយនេះរឹត និងលេបចូលទៅក្នុងពោះហើយមើលទៅ។ 

ដោយមានការសង្ស័យបែបនេះ ពួកគេក៏បាននាំគ្នាចាប់ពស់ថ្លាន់មួយក្បាលនោះ យកមកវះពោះតែម្ដង ដោយប្រើកាំបិតប្រវែងជិតកន្លះម៉ែត្រ ហើយទីបំផុតពួកគេក៏បានឃើញសាកសព លោក Akbar នៅខាងក្នុងសត្វពស់នោះមែន។

យោងតាមសម្តីអ្នកភូមិម្នាក់ បាននិយាយថា “ដំបូងឡើយ លោក Akbar បានចេញពីផ្ទះទៅប្រមូលផលដូងប្រេង ហើយបន្ទាប់ពីមិនឃើញត្រឡប់មកផ្ទះវិញ អ្នកភូមិក៏នាំគ្នាតាមស្វែងរកគាត់តែម្តង។ ទីបំផុតពួកយើងក៏បានរកឃើញគាត់នៅគុម្ពោធព្រៃក្រោយផ្ទះរបស់គាត់ គឺនៅក្នុងពោះ របស់ពស់ថ្លាន់”។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា  ប្រពន្ធជនរងគ្រោះនាង Munu មិនបានស្ថិតនៅជិតទីតាំងកើតហេតុទេ ហើយនាងបានដឹងដំណឹងអកុសលនេះ នៅពេលដែលនាងបានឃើញរូបភាព និងវីដេអូផ្សព្វផ្សាយតាមសារព័ត៌មានទៅហើយ។

បើយោងតាមលេខាធិការភូមិ លោក Salubiro Junaidi បានឲ្យដឹងថា “មានអ្នកភូមិបានឮសម្លេងមនុស្សយំចេញពីចម្ការដូងប្រេង នៅយប់ថ្ងៃកើតហេតុ តែមិនចាប់អារម្មណ៍។ ហើយក្រោយពេលសត្វពស់ដ៏ធំនេះ ត្រូវចាប់បាន គេមើលឃើញស្បែកជើងដែលជនរងគ្រោះពាក់ យ៉ាងច្បាស់នៅក្នុងពោះរបស់វា"។ ពួកគេបន្តថា ពស់ដ៏សាហាវនេះបានរឹតជនរងគ្រោះរហូតដល់ថប់ដង្ហើមសិន ទើបលេបទាំងមូលតាមក្រោយ៕ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ សមាជិកសភាឥណ្ឌាមួយរូប ដោះស្បែកជើងវាយអ្នកបម្រើលើយន្តហោះ ២៥ដង ព្រោះតែរឿងតិចតួច

សមាជិកសភាមួយរូបបានសារភាពថា លោកពិតជាបានវាយអ្នកបម្រើលើយន្តហោះម្នាក់ដោយប្រើស្បែកជើងមែន ព្រោះហេតុផលមិនបានអង្គុយកៅអ៊ីប្រភេទ Business Class សមដូចចិត្ត។

អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ Air India បានឲ្យដឹងថា ក្រុមហ៊ុនបានបំពេញបែបបទដើម្បីប្តឹងសមាជិកសភាម្នាក់ ឈ្មោះ Ravindra Gaikwad រួចហើយ ក្រោយពីបានយកស្បែកជើងទៅវាយលើអ្នកបម្រើលើយន្តហោះម្នាក់។

ប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងថា ដំបូងឡើយលោក Gaikwad បានស្នើសុំ អ្នកបម្រើលើយន្តហោះម្នាក់ អង្គុយកៅអ៊ីប្រភេទ business class ប៉ុន្តែមិនដឹងថាអ្នកបម្រើនិយាយអ្វីខ្លះទេ ទើបលោក Gaikwad ដឹងថាយន្តហោះមានតែកៅអ៊ីប្រភេទ economy តែប៉ុណ្ណោះ។ ភ្លាមៗនោះ លោក Gaikwad ក៏បានចាប់ផ្តើមខឹងច្រឡោតតែម្តង។

មិនបង្អង់យូរ លោក Gaikwad បានដោះស្បែកជើងរបស់លោក ហើយក៏វាយទៅលើអ្នកបម្រើលើយន្តហោះម្នាក់នោះជាច្រើនដង។

លោក Gaikwad បាននិយាយថា “តើគេបាននិយាយអ្វីខ្លះ? និយាយថាខ្ញុំយកដៃទៅវាយគេមែនទេ? ខ្ញុំបានវាយគេដល់ទៅ២៥ដងឯណោះ គឺវាយដោយស្បែកជើង”។ លោកបាននិយាយទៀតថា “អ្នកបម្រើនោះបាននិយាយថា គេនឹងប្តឹងទៅនាយករដ្ឋមន្ត្រី Narendra Modi ដូចច្នេះ ខ្ញុំក៏វាយគេតែម្តងទៅ”។

បន្ទាប់ពីមានជម្លោះមួយនេះ លោក Shivkumar ដែលជាជនរងគ្រោះ បានប្រាប់ទៅកាន់សារព័ត៌មាន The Times of India ឲ្យដឹងថា វ៉ែនតារបស់លោកត្រូវបានបាក់ ដោយសារតែលោក Gaikwad ។ លោកថា “គាត់សម្តែងអាកប្បកិរិយាមិនសមរម្យជាមួយខ្ញុំ។ គាត់បានធ្វើឲ្យបាក់វ៉ែនតាខ្ញុំទៀតផង។ ខ្ញុំមិនដែលគិតថា ហេតុការណ៍របៀបនេះ អាចកើតមានឡើងទាល់តែសោះ។ ព្រះជាម្ចាស់អើយ សូមជួយដល់ប្រទេសជាតិយើងផង! ហេតុអ្វីបានជាមន្ត្រីរបស់យើងមានវប្បធម៌ និងអត្តចរិតអាក្រក់បែបនេះ?” ។

អ្នកតំណាងរបស់ក្រុមហ៊ុន Air India បាននិយាយថា ពួកគេមានបំណងចង់បិទការហោះហើរសម្រាប់មន្ត្រីនយោបាយ ក្រោយផ្ទុះហេតុការណ៍ដ៏អាក្រក់នេះ ប៉ុន្តែអ្នកនាំពាក្យរបស់សភា បានព្រមានមកវិញថា នឹងបិទក្រុមហ៊ុនអាកាសចរណ៍ចោល បើមិនឲ្យមានការហោះហើរសម្រាប់មន្ត្រីនយោបាយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]