ឥណ្ឌា៖ សមាជិកសភាមួយរូបបានសារភាពថា លោកពិតជាបានវាយអ្នកបម្រើលើយន្តហោះម្នាក់ដោយប្រើស្បែកជើងមែន ព្រោះហេតុផលមិនបានអង្គុយកៅអ៊ីប្រភេទ Business Class សមដូចចិត្ត។

អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ Air India បានឲ្យដឹងថា ក្រុមហ៊ុនបានបំពេញបែបបទដើម្បីប្តឹងសមាជិកសភាម្នាក់  ឈ្មោះ  Ravindra Gaikwad  រួចហើយ  ក្រោយពីបានយកស្បែកជើងទៅវាយលើអ្នកបម្រើលើយន្តហោះម្នាក់។

ប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងថា ដំបូងឡើយលោក Gaikwad បានស្នើសុំ អ្នកបម្រើលើយន្តហោះម្នាក់  អង្គុយកៅអ៊ីប្រភេទ business class  ប៉ុន្តែមិនដឹងថាអ្នកបម្រើនិយាយអ្វីខ្លះទេ  ទើបលោក Gaikwad ដឹងថាយន្តហោះមានតែកៅអ៊ីប្រភេទ economy តែប៉ុណ្ណោះ។ ភ្លាមៗនោះ លោក Gaikwad ក៏បានចាប់ផ្តើមខឹងច្រឡោតតែម្តង។

មិនបង្អង់យូរ លោក Gaikwad បានដោះស្បែកជើងរបស់លោក ហើយក៏វាយទៅលើអ្នកបម្រើលើយន្តហោះម្នាក់នោះជាច្រើនដង។

លោក Gaikwad បាននិយាយថា “តើគេបាននិយាយអ្វីខ្លះ? និយាយថាខ្ញុំយកដៃទៅវាយគេមែនទេ? ខ្ញុំបានវាយគេដល់ទៅ២៥ដងឯណោះ គឺវាយដោយស្បែកជើង”។ លោកបាននិយាយទៀតថា “អ្នកបម្រើនោះបាននិយាយថា គេនឹងប្តឹងទៅនាយករដ្ឋមន្ត្រី Narendra Modi ដូចច្នេះ ខ្ញុំក៏វាយគេតែម្តងទៅ”

បន្ទាប់ពីមានជម្លោះមួយនេះ លោក Shivkumar ដែលជាជនរងគ្រោះ បានប្រាប់ទៅកាន់សារព័ត៌មាន The Times of India ឲ្យដឹងថា វ៉ែនតារបស់លោកត្រូវបានបាក់ ដោយសារតែលោក Gaikwad ។ លោកថា “គាត់សម្តែងអាកប្បកិរិយាមិនសមរម្យជាមួយខ្ញុំ។ គាត់បានធ្វើឲ្យបាក់វ៉ែនតាខ្ញុំទៀតផង។ ខ្ញុំមិនដែលគិតថា ហេតុការណ៍របៀបនេះ អាចកើតមានឡើងទាល់តែសោះ។ ព្រះជាម្ចាស់អើយ សូមជួយដល់ប្រទេសជាតិយើងផង! ហេតុអ្វីបានជាមន្ត្រីរបស់យើងមានវប្បធម៌ និងអត្តចរិតអាក្រក់បែបនេះ?”

អ្នកតំណាងរបស់ក្រុមហ៊ុន Air India បាននិយាយថា ពួកគេមានបំណងចង់បិទការហោះហើរសម្រាប់មន្ត្រីនយោបាយ ក្រោយផ្ទុះហេតុការណ៍ដ៏អាក្រក់នេះ ប៉ុន្តែអ្នកនាំពាក្យរបស់សភា បានព្រមានមកវិញថា នឹងបិទក្រុមហ៊ុនអាកាសចរណ៍ចោល បើមិនឲ្យមានការហោះហើរសម្រាប់មន្ត្រីនយោបាយ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ បរទេស

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មិនធម្មតា! លោកយាយអាយុ៩៤ឆ្នាំ ធ្វើការនៅ McDonald ជិតពាក់កណ្តាលសតវត្ស តែគ្មានបំណងចង់ចូលនិវត្តន៍

អាមេរិក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានឌេលីម៉ែល បានឲ្យដឹងថា លោកយាយម្នាក់ អាយុ៩៤ឆ្នាំហើយ ប៉ុន្តែគ្មានបំណងចង់ចូលនិវត្តពីហាង McDonald នោះទេ បន្ទាប់ពីចំណាយពេលវេលា និងញើសឈាមធ្វើការជាអ្នកគិតលុយទីនោះអស់រយៈពេល៤៤ឆ្នាំ។

ប្រភពបានរៀបរាប់បន្តទៀតថា លោកយាយមានឈ្មោះ Loraine Maurer បានចាប់ផ្តើមធ្វើការនៅ McDonald ដំបូងតាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ ពោលគឺគាត់ប្រៀបបានដូចជាគ្រឹះមួយនៅក្នុងហាង McDonald ដែលមានសាខាស្ថិតនៅក្នុងទីក្រុង Evansville រដ្ឋ Indiana សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ដោយសារតែពិការភាព ប្តីរបស់លោកយាយបានចូលនិវត្តន៍បាត់ទៅហើយ ដោយទុកឲ្យលោកយាយ Loraine សម្រេចចិត្តដាក់ពាក្យការងារមកធ្វើការជាអ្នកគិតលុយនៅ McDonald តាំងពីឆ្នាំនោះមក។

អំឡុងពេលធ្វើការដំបូង លោកយាយមិនបានមានបំណងធ្វើការនៅទីនេះយូរពេកទេ ដោយសារគាត់គិតថាវ័យរបស់គាត់មិនសមធ្វើការទីនេះ។ លោកយាយក៏បានប្រាប់ទៅកាន់សារព័ត៌មាន ABC News ផងដែរថា «នៅពេលខ្ញុំចាប់ផ្តើមធ្វើការ ខ្ញុំមិនមានគំរោងនៅយូរទេ»

លុះក្រោយមក ពេលវេលាកាន់តែដើរទៅមុខ លោកយាយក៏ក្លាយជាបុគ្គលិកចាស់ជាងគេម្នាក់ នៅក្នុងហាង បន្ទាប់ពីចំណាយពេលជិតពាក់កណ្តាលសតវត្សធ្វើការនៅទីនេះ។

ចំពោះម្ចាស់ហាងសាខា McDonald ឈ្មោះ Katie Kenworthy បាននិយាយថា «លោកយាយ Loraine មានអតិថិជនច្រើនណាស់។ អតិថិជនទាំងនោះមកទីនេះ ភាគច្រើនគឺដើម្បីចង់ជួបជាមួយគាត់»

ដោយសារតែភាពស្មោះត្រង់ និងជាអ្នកបំរើសេវាកម្មនៅទីនេះអស់ច្រើនឆ្នាំ អ្នកនាង Katie ដែលជាម្ចាស់ហាងក៏បានរៀបចំ ពិធីជប់លៀងអនុស្សាវរីយ៍មួយដើម្បីអបអរលោកយាយ Loraine ផងដែរ ដោយក្នុងនោះម្ចាស់ហាងក៏បានអញ្ជើញមិត្តភក្តិរបស់លោកយាយមកពីវិហារជាច្រើននាក់ទៀតផង។

គួរឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នលោកយាយធ្វើការតែ២ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដោយគាត់បានបដិសេធពីការចូលនិវត្តន៍ បើទោះជាអាយុកាន់តែច្រើនយ៉ាងណាក៏ដោយ។ ពាក់ព័ន្ធនឹងបញ្ហានេះលោកយាយបាននិយាយថា «ខ្ញុំមិនចង់មានការសោកសៅ នៅពេលដែលចាកចេញនោះទេ ខ្ញុំនឹងនឹកការងារមួយនេះ…ខ្ញុំពិតជាចូលចិត្ត និងស្រលាញ់ការងារនៅទីនេះណាស់»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]