រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យ ធនធានមនុស្សបានរងរបួសស្រាល ខណៈជិះម៉ូតូទៅបុកគូទរថយន្តកាមរីឆ្លាម ពណ៌ស ដែលចតលយមកលើផ្លូវនៅខាង មុខខារ៉ាអូខេឡឺវីស ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២៩ កញ្ញា ។

យុវជនឈ្មោះសុខ វឿន ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យធនធានមនុស្ស ស្នាក់នៅផ្ទះលេខ២៤ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោកបានឱ្យដឹងថា មុនពេលកើតហេតុរូបគេជិះម៉ូតូសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅតាមផ្លូវលេខ២៣០ ពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើបានជ្រុល ទៅបុកគូទរថយន្តកាមរីឆ្លាម ពណ៌ស ចតនៅពីមុខខារ៉ាអូខេឡឺវីសដែលចតលយទៅលើផ្លូវ បណ្តាលឱ្យរថយន្តក្រពឹតកាងក្រោយខាងស្តាំ ។ ចំណែកខ្លួនអ្នកបើកម៉ូតូរលាត់ដៃជើងតិចតួច ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានទាមទារឱ្យអ្នកបើកម៉ូតូសងថ្លៃខូចខាតរថយន្តចំនួន៣០ដុល្លារ បើទោះជាយុវជនជាអ្នកបើកម៉ូតូនោះលើកដៃសំពះអង្វរប្រាប់ថារូបគេអត់មានលុយក៏ដោយ ក៏ម្ចាស់រថយន្តនោះមិនព្រមដែរ ថែមទាំងបានប្រាប់ប៉ូលិសឱ្យដកយកអត្តសញ្ញាណប័ណ្ណយកទៅរក្សាទុករង់ចាំយកប្រាក់មកសងទើបប្រគល់ឱ្យអត្តសញ្ញាណប័ណ្ណនោះវិញ ។ អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកនាំគ្នាហួសចិត្តនឹងទង្វើរបស់ម្ចាស់រថយន្តដែលចតលយមកលើផ្លូវខុសច្បាប់ហើយនៅតែជំរិតទារប្រាក់ពីគេទៀត សូម្បីគេលើកដៃសំពះអង្វរក៏នៅតែគ្មានការអាណិតអាសូរយោគយល់បន្តិចណាដែរ ។

គួរបញ្ជាក់ផងដែរថា តាមបណ្តោយផ្លូវលេខ២៣០ ម្តុំហាងខារ៉ាអូខេនេះជារៀងរាល់យប់តែងតែមានរថយន្តចតលយមកលើផ្លូវ ធ្វើឱ្យអ្នកដំណើរដែលមិនបានប្រុងប្រយ័ត្នច្បាស់ជាជិះទៅបុកគូទរថយន្តដូចករណីយុវជនខាងលើនេះជាមិនខាន ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]