(ភ្នំពេញ)៖ ម្សិលមិញកីឡាករ ឈាវ បូរ៉ា អតីតស្ដេចអុក ២ជំនាន់(២០១៤-២០១៥) បានឆ្លងកាត់វគ្គជម្រុះជុំទី១ ដោយមិនបាច់ប្រកួតម្ដងហើយ ដោយសារគូប្រកួតអវត្តមាននោះ ។ ប៉ុន្ដែបើតាមការឲ្យដឹងពីអ្នកស្រុកមកពីខេត្តកំពង់ចាមរូបនេះ បានឲ្យដឹងថា ការប្រកួតជម្រុះជុំទី២ នាព្រឹកថ្ងៃទី២៨ ខែមីនានេះ គូប្រកួតរបស់ខ្លួន ក៏នឹងអវត្តមានដែរ ។ បានន័យថា ឈាវ បូរ៉ា បានឈ្នះ ២ប្រកួតជាប់គ្នា ដោយមិនបាច់ចំណាយគំនិតគិតក្នុងការប្រកួតឡើយ ។

តើមូលហេតុអ្វី បានជាដៃគូរបស់ស្ដេចអុក ២ជំនាក់ខាងលើ បន្ដអវត្តមានមិនហ៊ានប្រកួតដូច្នេះ? ជាការឆ្លើយតបជុំវិញបញ្ហានេះ កីឡាករ ឈាវ បូរ៉ា បានឆ្លើយយ៉ាងខ្លះថា «ពួកគាត់ជាកូនសិស្សខ្ញុំ ពួកគាត់ថាមិនចង់ប្រកួតជាមួយខ្ញុំទេ» ។ នេះគឺជាមូលហេតុ ដែលគូប្រកួតរបស់ បូរ៉ា អវត្តមានជាបន្ដបន្ទាប់បែបនេះ ប៉ុន្ដែសាមីខ្លួនផ្ទាល់បានអះអាងថា ការប្រកួតជម្រុះជុំទី៣ គឺមិនអាចប៉ះគូប្រកួតអវត្តមានទៀតឡើយ ផ្ទុយទៅវិញ គឺអាចជួបកីឡាករជើងខ្លាំងទៀតផង ។

គួរបញ្ជាក់ថា ការប្រកួតអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ ដំណាក់កាលទី១ បានបញ្ចប់វគ្គជម្រុះជុំទី១ ហើយ ដោយរកឃើញកីឡាករ ៨០នាក់ឡើងទៅវគ្គជម្រុះជុំទី២ ដែលនឹងធ្វើការប្រកួតនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ដើម្បីជម្រុះទុកត្រឹម ៤០នាក់ឡើងទៅប្រកួតជម្រុះជុំទី៣ នៅល្ងាចថ្ងៃដដែលនេះ នៅលើទីលាននៃទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ David Beckham សម្រេចចិត្តដាក់ដេញថ្លៃរថយន្ត Ferrari ស៊េរី២០០១ របស់ខ្លួន តម្លៃវិញក៏មិនថោកដែរ

អង់គ្លេស៖ វីរៈបុរសបាល់ទាត់ប្រចាំក្លិប Manchester United និងជម្រើសជាតិអង់គ្លេស កីឡាករ David Beckham ពេលនេះបានសម្រេចិត្តដាក់រថយន្តស្ព័ររបស់ខ្លួន លក់ដេញថ្លៃហើយនៅសប្តាហ៍ក្រោយ។

រថយន្ត Ferrari 360 Spider F1 ពណ៌ខ្មៅ ស៊េរី២០០១ នឹងត្រូវដាក់លក់ដេញថ្លៃនៅសារមន្ទីរ Imperial War ស្ថិតក្នុងទីក្រុង Duxford ប្រទេសអង់គ្លេស ថ្ងៃពុធសប្តាហ៍ក្រោយនេះ។

គួរឲ្យដឹងថា ដោយសារតែរថយន្តមួយគ្រឿងនេះជាកម្មសិទ្ធិផ្ទាល់របស់កំពូលកីឡាករបាល់ទាត់ David Beckham នោះតម្លៃរបស់វានឹងត្រូវកំណត់ដេញថ្លៃចាប់ពី ១០មឺុនផោនឡើងទៅ (ជាង១២មឺុនដុល្លារអាមេរិក) ។

បន្ថែមពីនេះទៀត Ferrari ស៊េរីឆ្នាំ២០០១មួយគ្រឿងនេះ ក៏ត្រូវបានអ្នកជំនាញមកពីក្រុមហ៊ុន H&H និងជាអ្នកទទួលដាក់លក់ដេញថ្លៃ បានរំពឹងតម្លៃទីផ្សារតែ ៨៥,០០០ផោន ទៅ ៩៥,០០០ផោនតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា វីរៈបុរសបាល់ទាត់ David Beckham បានទិញរថយន្តមួយគ្រឿងនេះតាំងពីលេងឲ្យក្លិប Manchester United អំឡុងឆ្នាំ២០០០មកម្ល៉េះ ហើយរូបភាពរបស់ Beckham បើកបររថយន្ត Ferrari មួយគ្រឿងនេះចេញចូលកីឡដ្ឋាន Old Trafford ក៏ត្រូវគេថតបានជាច្រើនលើកផងដែរ។

រថយន្ត Ferrari 360 Spider F1 នេះមានល្បឿនអតិបរមា ២៩០គ.ម/ម៉ោង និងធ្លាប់ធ្វើដំណើរបានចម្ងាយជាង១២ពាន់គីឡូម៉ែត។

មុននឹងដាក់លក់ដេញថ្លៃ លោក Damien Jones ជាប្រធានផ្នែកលក់នៅក្រុមហ៊ុន H&H បានឲ្យដឹងថា «រថយន្ត Ferrari 360 សុទ្ធតែជារថយន្តស្រួលជិះ និងបង្កភាពងាយស្រួល មួយវិញទៀតជាមួយនឹងម្ចាស់កម្មសិទ្ធិរបស់រថយន្តជាអតីតកីឡាករ និងវីរៈបុរសបាល់ទាត់ផង រថយន្តមួយគ្រឿងនេះកាន់តែពិសេសទៅទៀត» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]