ហុងកុង៖ យោងទៅតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស១៨នាក់ដែរ ដែលបានរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់មួយនៅឯផ្សារទំនើប Langham Place កាលពីម៉ោង ៤រសៀល ថ្ងៃទី ២៥ មីនា កន្លងទៅនេះ។

តាមរយៈវីដេអូ បង្ហាញឲ្យឃើញថា ជណ្តើរយន្តកំពុងតែរុញមនុស្សទៅជាន់លើសុខៗសោះ ស្រាប់តែវាបែរជារុញមនុស្សចុះមកក្រោមវិញភ្លាមៗ ក្នុងល្បឿនមួយដែលលឿនខ្លាំងទៀតផង ទើបបណ្តាលឲ្យអ្នកដំណើរបាត់បង់លំនឹង និងដួលលើគ្នាបែបនេះតែម្តង។

សារព័ត៌មាន SCMP ក៏បានរាយការណ៍ដែរថា តាមរយៈសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា គេឃើញមានបុរស៤នាក់ និងនារី ១៤នាក់បានបាត់បង់លំនឹង រួចក៏រមាលមកក្រោមតែម្តង។ បន្ទាប់ពីកើតហេតុ មានបុរសម្នាក់បានរងរបួសក្បាល និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Queen Elizabeth ភ្លាមៗផងដែរ។

ស្ត្រីម្នាក់ដែលបានរងរបួសជើងនៅក្នុងឧប្បត្តិហេតុមួយនេះ បាននិយាយថា ជណ្តើរយន្តនោះ ស្រាប់តែវិលត្រលប់ក្រោយ ហើយបង្កើនល្បឿនលឿនជាងមុនដល់ទៅ២ដងឯណោះ។ នាងបានបន្ថែមទៀតថា ជណ្តើរយន្តមួយនេះធ្លាប់បានគាំងម្តងរួចមកហើយ កាលពីថ្ងៃត្រង់ក្នុងថ្ងៃកើតហេតុ។

ចំណែកឯជំនួយការមន្ត្រីការិយាល័យពន្លត់អគ្គីភ័យ Tsim Sha Tsui បាននិយាយថា អ្នកដែលរងរបួសទាំងអស់ មិនមានប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ ហើយក៏មិនមានអ្នកប៉ះពាល់ដល់ឆ្អឹងដែរ។

យោងទៅតាម អ្នកនាំពាក្យរបស់ផ្សារទំនើប Langham Place បានប្រាប់ទៅកាន់សារព័ត៌មាន South China Morning Post ថា អ្នកគ្រប់គ្រងផ្សារ នឹងផ្តល់ជាជំនួយទៅដល់ជនរងគ្រោះ ក៏ដូចជាចូលរួមសហការក្នុងការស៊ើបអង្កេតចំពោះហេតុការណ៍នេះដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Otis Elevator Company (HK) Limited ដែលជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការតម្លើងជណ្តើរយន្តសម្រាប់ផ្សារទំនើបមួយនេះ ក៏កំពុងតែត្រូវបានគេស៊ើបអង្កេតរកកំហុសឆ្គងផងដែរ។ 

ទោះជាយ៉ាងណា នាងបាននិយាយថា ជណ្តើរយន្តមួយនេះ ទើបតែបានឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពកាលពីថ្ងៃទី ២៣ មីនា កន្លងទៅថ្មីៗនេះតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ជណ្តើរយន្តនេះ គឺជាជណ្តើរយន្តក្នុងផ្សារទំនើប ដែលមានប្រវែងវែងបំផុតនៅក្នុងទីក្រុងហុងកុង ហើយជណ្តើរយន្តមួយនេះគឺសម្រាប់នាំមនុស្សពីជាន់ទី៤ ទៅជាន់ទី៨៕ 

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖ ខ្លាំងមែន! រលាតខ្លួនប្រើក្បាល អុកបំបែកថ្មស៊ីម៉ង់អស់១១១បន្ទះ ប្រើពេលដ៏ខ្លី បំបែកឯតទគ្គកម្មពិភពលោក (មានវីដេអូ)

បូស្នី៖ ម្ចាស់ជើងឯកតៃក្វាន់ដូវ័យក្មេង អាយុ១៦ឆ្នាំ មកពីប្រទេសបូស្នី ត្រូវបានជាប់ឈ្មោះ ក្នុងសៀវភៅកំណត់ត្រាពិភពលោក «Gunness World Records» បន្ទាប់ពី​បង្ហាញសមត្ថភាពដ៏អស្ចារ្យ ដោយការរលាតខ្លួនប្រើក្បាលអុកបំបែក ថ្មស៊ីម៉ង់អស់១១១បន្ទះ ក្នុងរយៈពេលដ៏ខ្លី។

ព្រឹត្តិការណ៍ប្រកួតប្រជែងដ៏ជក់ចិត្ត មានអ្នកឈរទស្សនាយ៉ាងច្រើនកុះករនេះ ត្រូវបានរៀបចំធ្វើឡើង នៅក្នុងទីក្រុង Visoko ប្រទេសបូស្នី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ ក្នុងនោះលោក Kerim Ahmetspahic បានបំបែកឯតទគ្គកម្ម ដោយប្រើក្បាលអុកបំបែកបន្ទះថ្មស៊ីម៉ង់ អស់១១១បន្ទះ ដែលត្រូវបានរៀបចេញជាប្លុកៗ (ដូចអគារ) ចំនួន១៦ជួរ ប្រើរយៈពេលត្រឹមតែ ៣៥វិនាទីតែប៉ុណ្ណោះ។

តាមរយៈវីដេអូឃ្លីប គេអាចឮការប្រកាស ពីខាងគណៈកម្មការកំណត់ត្រាពិភពលោក អំពីចំនួនបន្ទះថ្មដែលលោក Ahmetspahic បានបំបែកខ្ទេច ខណៈមានអ្នកទស្សនាជាច្រើន បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវអបអរសាទរ ពីជ័យជំនះរបស់លោក ក្រោយពីបញ្ចប់ការប្រកួត ។

លោក Ahmetspahic និយាយថា «ខ្ញុំនៅមានកម្លាំងច្រើនជាងនេះទៀត។ ខ្ញុំសូមអរគុណដល់អ្នករាល់គ្នា ដែលបានជួយខ្ញុំរហូតទទួលបានសមិទ្ធផលល្អមួយនេះ ជាពិសេស អរគុណដល់ប៉ាម៉ាក់របស់ខ្ញុំ និងគ្រូបង្វឹករបស់ខ្ញុំ លោក Edin Kajevic ផងដែរ» ៕

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]