បូស្នី៖ ម្ចាស់ជើងឯកតៃក្វាន់ដូវ័យក្មេង អាយុ១៦ឆ្នាំ មកពីប្រទេសបូស្នី ត្រូវបានជាប់ឈ្មោះ ក្នុងសៀវភៅកំណត់ត្រាពិភពលោក «Gunness World Records» បន្ទាប់ពី​បង្ហាញសមត្ថភាពដ៏អស្ចារ្យ ដោយការរឡាតខ្លួនប្រើក្បាលអុកបំបែក ថ្មស៊ីម៉ង់អស់១១១បន្ទះ ក្នុងរយៈពេលដ៏ខ្លី។

ព្រឹត្តិការណ៍ប្រកួតប្រជែងដ៏ជក់ចិត្ត មានអ្នកឈរទស្សនាយ៉ាងច្រើនកុះករនេះ ត្រូវបានរៀបចំធ្វើឡើង នៅក្នុងទីក្រុង Visoko ប្រទេសបូស្នី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ ក្នុងនោះលោក Kerim Ahmetspahic បានបំបែកឯតទគ្គកម្ម ដោយប្រើក្បាលអុកបំបែកបន្ទះថ្មស៊ីម៉ង់ អស់១១១បន្ទះ ដែលត្រូវបានរៀបចេញជាប្លុកៗ (ដូចអគារ) ចំនួន១៦ជួរ ប្រើរយៈពេលត្រឹមតែ ៣៥វិនាទីតែប៉ុណ្ណោះ។ 

តាមរយៈវីដេអូឃ្លីប គេអាចឮការប្រកាស ពីខាងគណៈកម្មការកំណត់ត្រាពិភពលោក អំពីចំនួនបន្ទះថ្មដែលលោក Ahmetspahic បានបំបែកខ្ទេច ខណៈមានអ្នកទស្សនាជាច្រើន បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវអបអរសាទរ ពីជ័យជំនះរបស់លោក ក្រោយពីបញ្ចប់ការប្រកួត ។

លោក Ahmetspahic និយាយថា «ខ្ញុំនៅមានកម្លាំងច្រើនជាងនេះទៀត។ ខ្ញុំសូមអរគុណដល់អ្នករាល់គ្នា ដែលបានជួយខ្ញុំរហូតទទួលបានសមិទ្ធផលល្អមួយនេះ ជាពិសេស អរគុណដល់ប៉ាម៉ាក់របស់ខ្ញុំ និងគ្រូបង្វឹករបស់ខ្ញុំ លោក Edin Kajevic ផងដែរ»

ទស្សនាវីដេអូខាងក្រោម៖  

ប្រភព៖ ដេលីម៉ែល

ដោយឡែក ប័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ប្រច័ណ្ឌជ្រុលហើយ! ដល់ថ្នាក់ជះទឹកអាស៊ីត និងដុតមិត្តស្រីខ្លួន​ឯង ដោយសារតែរូបថតមួយសន្លឹក

រុស្ស៊ី៖ ឃោរឃៅពេកហើយ មិត្តប្រុសប្រច័ណ្ឌមិត្តស្រីរបស់ខ្លួន ហ៊ានដល់ថ្នាក់ជះទឹកអាស៊ីត និងដុត ដោយសារតែឃើញរូបថតរបស់នាងជាមួយឆ្កែមួយក្បាល ដែលនាងធ្លាប់ចិញ្ចឹមជាមួយអតីតសង្សារនាងកាលពីលើកមុន។

ជនរងគ្រោះដែលរងគ្រោះទឹកអាស៊ីត និងឆាបឆេះរលាកពេញខ្លួន​ មានឈ្មោះ Yekaterina M ប្រាប់ថា មិត្តប្រុសបច្ចុប្បន្នឈ្មោះ Vyatcheslavពិតជាបានប្រព្រឹត្តអំពើបែបនេះមែន ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះល្វែងមួយ នៃទីក្រុងមូស្គូ។

នារីរងគ្រោះបានថ្លែងប្រាប់ព័ត៌មាននៅក្នុងស្រុកឲ្យដឹងថា «នៅពេលដែលមិត្តប្រុសខ្ញុំ ជះទឹកអាស៊ីតដាក់ភ្លាម គេបានយកភ្លើងមកដុតខ្ញុំថែមទៀត…អាវរបស់ខ្ញុំក៏ចាប់ផ្តើមឆេះ លើសពីនេះទៀត គេថែមទាំងចាប់ខ្ញុំផ្តួល កុំឲ្យខ្ញុំរត់ទៅពន្លត់»។

នាងបានបន្តទៀតថា «ខណៈនោះ ខ្ញុំក៏ព្យាយាមដោះអាវចេញ បន្តិចក្រោយគេក៏យកទឹកផ្កាឈូកបាញ់មកលើខ្ញុំវិញដើម្បីពន្លត់ភ្លើង។ គេមិនបានបញ្ជូនខ្ញុំទៅមន្ទីរពេទ្យភ្លាមៗទេ ទាល់តែ២ម៉ោងក្រោយទើបសម្រេចចិត្តទៅ» ។

នាង Yekaterina M ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏បានបញ្ជាក់ប្រាប់ពីមូលហេតុផងដែរថា «រឿងរ៉ាវនេះកើតឡើងនៅយប់មួយ នៅពេលដែលខ្ញុំបានយករូបថតមួយសន្លឹកជាមួយឆ្កែរបស់ខ្ញុំ បង្ហោះចូលអិុនធើណេត ទើបធ្វើឲ្យគេខឹងទ្រាំមិនបាន»។

នាងបានពន្យល់ទៀតថា «គេបានហាមប្រាមខ្ញុំមិនឲ្យបង្ហោះចូលអិុនធើណេតដែរ ដោយសារតែរូបថតមួយសន្លឹកនោះគឺជាអនុស្សាវរីយ៍មួយរវាងខ្ញុំ និងអតីតមិត្តប្រុស ដែលចិញ្ចឹមឆ្កែមួយក្បាលក្នុងរូបថតជាមួយគ្នា» ។

នាងបន្ត «ដោយខ្លាចខ្ញុំនិងមិត្តប្រុសចាស់ត្រូវគ្នាវិញ ហើយខ្ញុំមិនស្តាប់សម្តីផងនោះ គេក៏ខឹងហួងហែងប្រព្រឹត្តអំពើបែបនេះតែម្តង» ។

ពេលនេះ ប៉ូលិសបានឃាត់ខ្លួនជនល្មើសដែលជាមិត្តប្រុសរួចហើយ។ ចំណែកជនរងគ្រោះ មានស្នាមរលាកលើខ្លួនប្រាណ និងរបួសត្រង់ចង្ការ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]