(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះថា ក្រោយពីសួរចម្លើយពេញមួយយប់ ក្រុមចោរប្លន់​នៅខេត្តកំពត និងខេត្តកែប ដែលបង្ក្រាបបាន​ម្សិលមិញនោះ បាន​សារភាពថា ពួកគេធ្លាប់​ធ្វើសកម្មភាពប្លន់បាន៩លើករួចមកហើយ ​តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ចំពោះសកម្មភាពប្លន់ទាំង៩លើក ពួកបាននិយាយថា ធ្លាប់បាញ់សម្លាប់ជនរងគ្រោះ និងយកទ្រព្យសម្បត្តិបានយ៉ាងច្រើនទៀតផង។

​លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់យ៉ាងលម្អិត យ៉ាងដូច្នេះថា៖

​-​លើកទី១៖ នៅ​ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥​ ប្លន់អ្នកដូរលុយនៅផ្សារលក ក្នុងភូមិលក ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច

-លើកទី២៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ប្លន់ផ្ទះឈ្មោះ អេង សេង ភេទប្រុស អាយុ​៥៦ឆ្នាំ ​ជាបុគ្គលិកអណ្តែត​ពេទ្យ​៣១៧ តេជោអភិវឌ្ឍន៍ និងប្រពន្ធឈ្មោះ ទៀង សារិន អាយុ​៥៥ឆ្នាំ ​ជាបុគ្គលិកពេទ្យ​៣១៧ នៅភូមិតេជោអភិវឌ្ឍន៍ ឃុំ​តេជោអភិវឌ្ឍន៍ ស្រុកឈូក ហើយបានកាប់នឹងពូថៅ៩​ពូថៅ បណ្តាលឲ្យ ឈ្មោះ អេង សេង ស្លាប់នៅក្បែរជញ្ជាំងក្រៅផ្ទះ រីឯ ទៀង សារិន របួសធ្ងន់

-លើកទី៣៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ប្លន់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ជនរងគ្រោះ ឈ្មោះ មុយ ឃិ អាយុ៦៨​ឆ្នាំ ដីដែលធ្វើផ្ទះក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ប៉ុន្តែចុះឈ្មោះស្នាក់នៅភូមិ ព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

-លើកទី៤៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ​ប្លន់ម៉ូតូ នៅតាមផ្លូវលេខ​៣ ខាងលិចកំពត ក្បែរព្រំប្រទល់ក្រុង និង​ទឹក​ឈូ ក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ជនរងគ្រោះឈ្មោះ វង្ស សៀក ភេទស្រី អាយុ៤៨​ឆ្នាំ នៅភូមិរលួស ឃុំបឹងទូក បាញ់របួសកំភួនដៃឆ្វេងធ្លាយ (ត្រូវគ្រាប់កាំភ្លើង) និងជនរងគ្រោះម្នាក់ទៀតឈ្មោះ អ៊ិន ក្រូច ភេទប្រុស អាយុ៤៦​ឆ្នាំ នៅភូមិរលួស ឃុំបឹងទូក របួសថ្ងាស និងក្បាល ដោយត្រូវចោរកាប់ នឹងពូថៅ

-លើកទី៥៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ប្លន់សម្លាប់ នៅភូមិអង្គ្រង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ជនរងគ្រោះឈ្មោះ ភឹម ខន ភេទប្រុស អាយុ៦០​ឆ្នាំ ជាជនពិការជើង ផ្ទះនៅភូមិធ្នង់ ឃុំប្ញស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច មានដីស្រែ និងដីភូមិ នៅភូមិអង្គ្រង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ដោយជនល្មើសវាយ និងកាប់ បណ្ដាលស្លាប់នៅនឹងកន្លែង រីឯកូនស្រីបានវាយរបួសធ្ងន់ និងចងភ្ជាប់ជាមួយខ្មោចឪពុក

-លើកទី៦៖ នៅថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១៧ ប្លន់ម៉ូតូរបស់ឈ្មោះ លាង លេងប៉ុង ភេទប្រុស​២៣ឆ្នាំ នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ​​

-លើកទី៧៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ប្លន់យកម៉ូតូនៅចំណុចមុខមណ្ឌលសុខភាព ប៊ុនរ៉ានី ហ៊ុនសែន ក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូ បានបាញ់ទៅលើ ជនរងគ្រោះ ឈ្មោះ ថោង ប៊ុនធិន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិកើតហេតុ ត្រូវគល់ភ្លៅស្ដាំ​​

-លើកទី៨៖ នៅថ្ងៃទី​២២ ខែមករា ឆ្នាំ២០១៧ ​ប្លន់ម៉ូតូនៅចំណុចផ្លូវលំគ្រួសក្រហមចេញពីផ្លូវបេតុង រោងចក្រ ស៊ីម៉ងត៍ K-Cement ចំងាយប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ​ដោយបាញ់៣គ្រាប់ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ពៅ ដេវ៉ា ​ត្រូវពោះ របួសធ្ងន់​​

និងលើកទី៩៖ នៅថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០១៧ ​ប្លន់លើកចុងក្រោយ ​នៅតាមផ្លូវលំ​ជាប់ជើងភ្នំត្នោត ក្នុងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ជនរងគ្រោះឈ្មោះ រុំ រ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិទួល ឃុំល្បើក ស្រុកឈូក ​​ដោយបានបាញ់ជនរងគ្រោះ១គ្រាប់ របួសត្រគាកឆ្វេងបៀមគ្រាប់​។

យ៉ាងណាមិញលោកស្នងការ ​បានឲ្យដឹងថា «កាលពីថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០១៦ យើងបានចាប់ជនសង្ស័យឈ្មោះ លឹម ភី​ អាយុ៣៧​ឆ្នាំ ជាគូកនរបស់ក្រុមចោរនេះ បច្ចុប្បន្នកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកំពត​»។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា ក្រោយបង្ក្រាបបាន កម្លាំងជំនាញដកហូតវត្ថុតាង​អាវុធខ្លី K59 មួយដើម បង់១ និងគ្រាប់​៩គ្រាប់ ម៉ូតូ Honda Dream C125 ឆ្នាំ​២០០៩ មួយគ្រឿង ពាក់ស្លាក់លេខភ្នំពេញ​1AK-4747 ដែលលោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ និងលោកឧត្តមសេនីយ៍ទោ ង៉េង ជួរ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំចាប់យកវត្ថុតាងទាំងនេះ​។ រីឯម៉ូតូដែលប្លន់នៅកំពង់ស្ពឺនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ ​រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

ជាមួយគ្នានោះ លោកស្នងការបន្ថែមថា បក្ខពួក២ដែលបង្ក្រាបបាននៅពេលនេះទី១៖ឈ្មោះ ម៉ៅ គឹមអេង ហៅចន មានដីកាចាប់ខ្លួន របស់តុលាការកំពតរឿងប្លន់សម្លាប់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិអង្គ្រង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច និងទី២៖ឈ្មោះ ចាន់ រត្ន័ មានដីកាចាប់ខ្លួនរបស់តុលាការកំពត រឿងប្លន់សម្លាប់ នៅថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៤ នៅភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ​ ខេត្តកំពត និងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការគ្នា តាមចាប់ខ្លួនបានម្នាក់នៅមុខអធិការដ្ឋាននគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច និងម្នាក់ទៀតត្រូវចាប់ខ្លួននៅគល់ស្ពានស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ កំពុង​​តោង​រទេះ​អាំងត្រី ស្រាប់តែ​ស្រែក​ឆោឡោ​ផ្អើល​ទាំង​កណ្តាល​យប់

រាជធានី​ភ្នំពេញ ៖ បុរស​លក់​ត្រី​ដុត​អំបិល​ម្នាក់ បាន​ឆ្លង​ចរន្តអគ្គិសនី​ពី​រទេះ​លក់​ត្រី បណ្តាល​ឱ្យ​ឆក់​ដាច់​ផ្ងារ​រង​របួសធ្ងន់ ត្រូវ​បាន​សាច់ញាតិ​ហៅ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ តែ​អកុសល​បុរស​ខាងលើ​បាន​ដាច់ខ្យល់​ស្លាប់​កណ្តាលផ្លូវ​មុន​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បាត់​ទៅ​ហើយ​។

ករណី​នេះ​បង្ក​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​២៣​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៧ នៅ​មុខ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​ដែល​ស្លាប់​ឈ្មោះ ឃុ​ត ឈុ​ន​លី​ន អាយុ​២៧​ឆ្នាំ មុខរបរ​អាំ​ត្រី​លក់ ស្នាក់​នៅផ្ទះ​លេខ​០៧​ផ្លូវជាតិ​លេខ​០៤ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ពី​បុរស​ឈ្មោះ ប៉ុក ឡេ​ង អាយុ​៤២​ឆ្នាំ មុខរបរ​លក់​ទា​ខ្វៃ នៅ​ក្បែ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា នា​ល្ងាច​មុន​កើតហេតុ មាន​ភ្លៀង​កក់ខែ​មួយ​មេ​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​កន្លែង​លក់ដូរ​មានទឹក​ដក់​នៅ​ដី ហើយ​រូប​គាត់ និង​ជន​រង​គ្រោះ​លក់ដូរ​បណ្តើរ​ជជែក​គ្នា​លេង​បណ្តើរ លុះដល់​ម៉ោង​ខាងលើ ពេល​ដែល​លក់​ជិត​ដល់​ម៉ោង​រើ​ឥ​វ៉ា​ន់​ទៅ​ផ្ទះ​ទៅ​ហើយ​នោះ ជន​រង​គ្រោះ​ទៅ​ឈរ​តោង​នឹង​រទេះ​អាំងត្រី ស្រាប់តែ​ស្រែក​ខ្លាំង​ៗ​ថា ឆក់​ខ្សែរ​ភ្លើង ពេល​នោះ​គាត់​ស្មាន​តែ​ជន​រង​គ្រោះ​និយាយ​លេង​ផង​។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ពេល​នោះ​គាត់​បាន​យកដៃ​ទៅ​ប៉ះ​ជន​រង​គ្រោះ​ធ្វើ​ឱ្យ​ឆក់​មក​ខ្លួន​គាត់ ទើប​គាត់​ស្ទុះ​ទៅ​ដក​ឌុ​យ​ភ្លើង ហើយ​ឃើញ​ជន​រង​គ្រោះ​ដាច់​ផ្ងារ​មក​ក្រោយ ពេល​ឃើញ​សភាព​បែប​នោះ​គាត់​ក៏​ព្យាយាម​សង្គ្រោះ និង​ហៅ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តែ​អកុសល​បុរស​ខាងលើ​បាន​ដាច់ខ្យល់​ស្លាប់​កណ្តាលផ្លូវ​មុន​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាត់​ទៅ​ហើយ​។

បច្ចុប្បន្ន​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​ផ្ទះ​វិញ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]