ទោះបីជាបុរស មិនមានដើមទ្រូងទំហំធំដូចមនុស្សស្រី ក៏បុរសមានជាលិកាសុដន់ដូចជានារីដែរ គ្រាន់តែបុរសមិនមានការលូតលាស់ប៉ុណ្ណោះ។ ហើយដោយសារតែ ជាលិកាសុដន់នេះហើយ ទើបបុរសក៏អាចប្រឈមនឹង ជំងឺមហារីក ដូចជាមនុស្សស្រីដែរ។

គួរបញ្ជាក់ផងដែរថា បុរសក្រោមអាយុ ៣៥ឆ្នាំ កម្រកើតមានជំងឺមហារីកសុដន់ណាស់ ប៉ុន្តែអាយុកាន់តែច្រើន អ្នកនឹងកាន់តែប្រឈមមុខខ្ពស់ ជាពិសេសបុរសវ័យ៦០ ទៅ ៧០ ឆ្នាំ រួមទាំងកត្តាហានិភ័យដទៃទៀតដូចជា៖

• ធ្លាប់មានសាច់ញាតិជិតដិតភេទស្រី មានជំងឺមហារីកសុដន់

• ធ្លាប់ទទួលរងជាតិវិទ្យុសកម្ម នៅត្រង់ដើមទ្រូង

• មានទំហំសុដន់រីកធំខុសពីធម្មតា (ហៅថា gynecomastia)

• មានប្រវត្តិធ្លាប់ទទួលទានថ្នាំ មានសារធាតុ Estrogen (អរម៉ូនភេទបុរស)

• កត្តាហ្សែន

• មានជំងឺថ្លើមធ្ងន់ធ្ងរ (ក្រិនថ្លើម)

• ជំងឺពាក់ព័ន្ធនឹងពងសា្វស ដូចជា កូនកណ្តុរក្នុងពងស្វាស ឬរបួសពងស្វាស ជាដើម។ 

ចំពោះរោគសញ្ញា ជំងឺមហារីកសុដន់របស់បុរស ក៏មិនខុសពីនារីដែរ គ្រាន់តែបុរសៗមិនសូវជាចាប់អារម្មណ៍ និងយកចិត្តទុកដាក់ប៉ុន្មានទេ រហូតទាល់តែមានសភាពធ្ងន់ធ្ងរ ដូចជា ហូរឈាមចេញតាមក្បាលដោះ ទើបទៅជួបជាមួយគ្រូពេទ្យ។ ហេតុនេះ អ្នកគួរតាមដានរោគសញ្ញាដំណាក់កាលដំបូងមួយចំនួន ដូចខាងក្រោម ៖

• មានដុំ នៅក្នុងសុដន់ ឬនៅបរិវេណក្រោមដៃ ហើយជាពិសេស វាគ្មានបង្កជាការឈឺចាប់អ្វីទាំងអស់

• អាការៈហើម នៅត្រង់ក្លៀក

• សុដន់ទាំងមូល មានសភាពតឹង និងឈឺ

• សុដន់ប្រែប្រួល ហាក់ដូចជា មានទំហំតូចជាងមុន

• សុដន់ប្រែប្រួលទំហំ ពណ៌ និងសីតុណ្ហភាព ជាពិសេស នៅពេលដែលវាឡើងពណ៌រាងក្រហម ឬទឹកក្រូច មានសាច់ខូងតាមបរិវេណខ្លះ នោះវាអាចជាសញ្ញា ដែលបញ្ជាក់ថា ដល់ដំណាក់កាលធ្ងន់ធ្ងរហើយ

• ក្បាលដោះមានសភាពខួច រមាស់ ក្រហាយ និងឡើងដំបៅ

• ក្បាលដោះមានហូរទឹករំអិលថ្លា ឬមានពណ៌ រហូតហូរឈាមក៏មាន

• មានសរសៃឈាមផុសពេញផ្ទៃស្បែក។

*** សូមអ្នកចងចាំថា ជំងឺមហារីកសុដន់ របស់បុរស មានសភាពធ្ងន់ធ្ងរ មិនខុសពីនារីឡើយ។ ហេតុនេះ ប្រសិនបើអ្នកសង្កេតឃើញមានរោគសញ្ញាទាំងនេះកើតឡើង សូមអ្នកទៅពិគ្រោះ និងព្យាបាល ជាមួយគ្រូពេទ្យឲ្យបានទាន់ពេលវេលា៕ 

ប្រភព៖ WebMD

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

រោគសញ្ញាគ្រោះថ្នាក់នៃ «ជំងឺមហារីកខួរក្បាល» ដែលមនុស្សគ្រប់គ្នាត្រូវតែដឹង!

គ្រាន់តែឮពាក្យថា “ជំងឺមហារីកខួរក្បាល” ក៏មនុស្សយើងភាគច្រើន ព្រឺក្បាលមុនបាត់ទៅហើយ។ ជំងឺមហារីកខួរក្បាល អាចកើតឡើងទាំងមនុស្សប្រុស និងមនុស្សស្រី ជាពិសេស វាជាជំងឺមហារីកមួយប្រភេទ ដែលមិនមានកត្តាហានិភ័យកំណត់ជាក់លាក់ច្បាស់ច្រើនដូច ជំងឺមហារីកផ្សេងនោះទេ។

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចសង្កេតដឹងនូវរោគសញ្ញានៃជំងឺមហារីកខួរក្បាលមួយចំនួន ឲ្យបានទាន់ពេល ដូចខាងក្រោមនេះ ៖

១. ឈឺក្បាល ៖ អាការៈឈឹក្បាល អាចទាក់ទងទៅនឹងមូលហេតុជាច្រើន ប៉ុន្តែប្រសិនបើឈឺប្រកាំងខ្លាំង និងញឹកញាប់ពេក គួរឲ្យកត់សម្គាល់ នោះអ្នកប្រហែលជាមានដុះដុំសាច់ក្នុងខួរក្បាល (ដុំសាច់មហារីក) ហើយ។

២. ការប្រែប្រួលក្រសែភ្នែក ៖ ដុំសាច់ដុះក្នុងខួរក្បាល ដែលមានទីតាំងជិតសរសៃប្រសាទអុបទិច អាចធ្វើឲ្យអ្នកស្រវាំងភ្នែក និងមើលឃើញវត្ថុបែកចេញជាពីរបាន។ ដុំសាច់មហារីកប្រភេទផ្សេងទៀត អាចបណ្តាលឲ្យចលនាភ្នែក ប្រែជាមិនប្រក្រតី និងប្រែប្រួលក្រសែភ្នែក អាស្រ័យតាមទីតាំង និងទំហំដុំសាច់ផងដែរ។

៣. បាត់បង់តុល្យភាពរាងកាយ ៖ ដុំសាច់ក្នុងខួរក្បាលមួយចំនួន អាចបង្កផលប៉ះពាល់ដល់ តុល្យភាពរាងកាយ និងចលនា ជាពិសេស មានអារម្មណ៍ថាសាច់ដុំផ្ទៃមុខខ្សោយ។

៤. ក្អួតចង្អោរ ៖ ប្រសិនបើអ្នកមានអាការៈចង់ក្អួតញឹកញាប់ ជាពិសេស នៅរៀងរាល់ព្រឹក នោះអ្នកប្រហែលជាកំពុងតែមានដុំសាច់មហារីក ក្នុងខួរក្បាលហើយ។

៥. ប្រកាច់ ៖ អាការៈកន្រ្តាក់ៗ ឬប្រកាច់ ក៏អាចបណ្តាលមកពី មានដុំសាច់មហារីកក្នុងខួរក្បាលដែរ។

៦. ពិបាកនិយាយ ៖ ដុំសាច់មហារីក ក្នុងខួរក្បាលខ្លះ អាចបណ្តាលឲ្យមនុស្ស មានការលំបាក ក្នុងការនិយាយស្តី។

៧. បញ្ហាខួរក្បាលមួយចំនួន ៖ ដុំសាច់ក្នុងខួរក្បាល អាចបណ្តាលឲ្យអ្នកមានបញ្ហាទាក់ទងនឹងការចងចាំ ពិបាកផ្តោតអារម្មណ៍ ច្រឡំច្រើន គិតមិនចេញ រហូតភ្លេចភ្លាំងទាំងភាសាខ្លួនឯងទៀតផង។

៨. ស្ពឹក និងខ្សោយ ៖ ដុំសាច់ក្នុងខួរក្បាលមួយចំនួនបណ្តាលឱ្យ រាងកាយប្រែជាខ្សោយ រហូតប៉ះពាល់ប្រសៃប្រសាទ ធ្វើឲ្យស្ពឹកដៃ ស្ពឹកជើង។

*** ហេតុនេះ ប្រសិនបើអ្នកសង្កេតឃើញ រោគសញ្ញាទាំងនេះកើតឡើង សូមអ្នកប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់ ដើម្បីអាចទទួលបានការព្យាបាលទាន់ពេលវេលា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]