គ្រាន់តែឮពាក្យថា “ជំងឺមហារីកខួរក្បាល” ក៏មនុស្សយើងភាគច្រើន ព្រឺក្បាលមុនបាត់ទៅហើយ។ ជំងឺមហារីកខួរក្បាល អាចកើតឡើងទាំងមនុស្សប្រុស និងមនុស្សស្រី ជាពិសេស វាជាជំងឺមហារីកមួយប្រភេទ ដែលមិនមានកត្តាហានិភ័យកំណត់ជាក់លាក់ច្បាស់ច្រើនដូច ជំងឺមហារីកផ្សេងនោះទេ។

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចសង្កេតដឹងនូវរោគសញ្ញានៃជំងឺមហារីកខួរក្បាលមួយចំនួន ឲ្យបានទាន់ពេល ដូចខាងក្រោមនេះ ៖ 

១. ឈឺក្បាល ៖ អាការៈឈឹក្បាល អាចទាក់ទងទៅនឹងមូលហេតុជាច្រើន ប៉ុន្តែប្រសិនបើឈឺប្រកាំងខ្លាំង និងញឹកញាប់ពេក គួរឲ្យកត់សម្គាល់ នោះអ្នកប្រហែលជាមានដុះដុំសាច់ក្នុងខួរក្បាល (ដុំសាច់មហារីក) ហើយ។

២. ការប្រែប្រួលក្រសែភ្នែក ៖ ដុំសាច់ដុះក្នុងខួរក្បាល ដែលមានទីតាំងជិតសរសៃប្រសាទអុបទិច អាចធ្វើឲ្យអ្នកស្រវាំងភ្នែក និងមើលឃើញវត្ថុបែកចេញជាពីរបាន។ ដុំសាច់មហារីកប្រភេទផ្សេងទៀត អាចបណ្តាលឲ្យចលនាភ្នែក ប្រែជាមិនប្រក្រតី និងប្រែប្រួលក្រសែភ្នែក អាស្រ័យតាមទីតាំង និងទំហំដុំសាច់ផងដែរ។

៣. បាត់បង់តុល្យភាពរាងកាយ ៖ ដុំសាច់ក្នុងខួរក្បាលមួយចំនួន អាចបង្កផលប៉ះពាល់ដល់ តុល្យភាពរាងកាយ និងចលនា ជាពិសេស មានអារម្មណ៍ថាសាច់ដុំផ្ទៃមុខខ្សោយ។

៤. ក្អួតចង្អោរ ៖ ប្រសិនបើអ្នកមានអាការៈចង់ក្អួតញឹកញាប់ ជាពិសេស នៅរៀងរាល់ព្រឹក នោះអ្នកប្រហែលជាកំពុងតែមានដុំសាច់មហារីក ក្នុងខួរក្បាលហើយ។

៥. ប្រកាច់ ៖ អាការៈកន្រ្តាក់ៗ ឬប្រកាច់ ក៏អាចបណ្តាលមកពី មានដុំសាច់មហារីកក្នុងខួរក្បាលដែរ។

៦. ពិបាកនិយាយ ៖ ដុំសាច់មហារីក ក្នុងខួរក្បាលខ្លះ អាចបណ្តាលឲ្យមនុស្ស មានការលំបាក ក្នុងការនិយាយស្តី។

៧. បញ្ហាខួរក្បាលមួយចំនួន ៖ ដុំសាច់ក្នុងខួរក្បាល អាចបណ្តាលឲ្យអ្នកមានបញ្ហាទាក់ទងនឹងការចងចាំ ពិបាកផ្តោតអារម្មណ៍ ច្រឡំច្រើន គិតមិនចេញ រហូតភ្លេចភ្លាំងទាំងភាសាខ្លួនឯងទៀតផង។

៨. ស្ពឹក និងខ្សោយ ៖ ដុំសាច់ក្នុងខួរក្បាលមួយចំនួនបណ្តាលឱ្យ រាងកាយប្រែជាខ្សោយ រហូតប៉ះពាល់ប្រសៃប្រសាទ ធ្វើឲ្យស្ពឹកដៃ ស្ពឹកជើង។

*** ហេតុនេះ ប្រសិនបើអ្នកសង្កេតឃើញ រោគសញ្ញាទាំងនេះកើតឡើង សូមអ្នកប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់ ដើម្បីអាចទទួលបានការព្យាបាលទាន់ពេលវេលា៕ 

ប្រភព៖ Cancer Center

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

រោគសញ្ញាដំណាក់កាលដំបូងទាំង៤ នៃជំងឺ «មហារីកក្រពេញអូវែ» ដែលស្ដ្រីគ្រប់រូបចាំបាច់ត្រូវតែដឹង!

សព្វថ្ងៃនេះជំងឺមហារីក គឺជាមូលហេតុចំបង ដែលបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន ជុំវិញពិភពលោក។ ក្នុងចំណោមជំងឺមហារីកទាំងអស់ ជំងឺមហារីកក្រពេញអូវែ ក៏កំពុងតែគំរាមកំហែង ដល់ស្រ្តីគ្រប់ៗរូបផងដែរ។

ជំងឺមហារីកក្រពេញអូវែ កើតឡើងនៅពេល កោសិកាអូវែ ដុះដុំសាច់មហារីក ដែលគេតែងតែហៅវាថាជា “ឃាតករលាក់មុខ” ដោយសារតែ វាមិនសូវបង្កជារោគសញ្ញាជាក់លាក់ណាមួយ ឲ្យយើងបានដឹងច្បាស់ទាល់តែសោះ។

តែកុំបារម្ភអី ថ្ងៃនេះយើងនឹងលើកយករោគសញ្ញាចំនួន ៤ ដែលអាចជារោគសញ្ញារបស់ ជំងឺមហារីកក្រពេញអូវែ ដែលអ្នកត្រូវតែដឹង និងយកចិត្តទុកដាក់ ៖

១. ហើមពោះជាប់

ប្រសិនបើក្នុងករណី ដែលអ្នកមានអាការៈហើមពោះញឹកញាប់ ឬជាប់គ្នារហូត រយៈពេលជាង ៣ សប្តាហ៍ នោះមានន័យថា សាច់ដុំមហារីក កំពុងតែរីកលូតលាស់ក្នុងក្រពេញអូវែហើយ។

២. ឈឺចាប់ត្រង់បរិវេណក្រោមពោះ និងតាមអាងត្រគាក

នៅរាល់ពេលមករដូវ ការឈឺចាប់បែបនេះ គឺជារឿងធម្មតា ប៉ុន្តែប្រសិនបើអ្នករង ការឈឺចាប់ឥតឈប់ឈរ លើសពី ៣ អាទិត្យ នោះវាប្រហែលជាសញ្ញារបស់ ជំងឺមហារីកក្រពេញអូវែហើយ។ ជាពិសេស ស្រ្តីដែលអស់រដូវ គួរមានការប្រុងប្រយ័ត្នជាងគេ។

៣. មិនចង់បរិភោគអាហារ ឬមានអារម្មណ៍ថាចេះតែ ឆាប់ឆ្អែត

ការថយចុះ នូវចំណង់អាហារ រយៈពេលលើសបី ៣ សប្តាហ៍ អាចជារោគសញ្ញានៃ ជំងឺទូទៅជាច្រើន រួមមានដូចជា បញ្ហាក្រពះ ពោះវៀនតូច ពោះវៀនធំ។ ប៉ុន្តែ វាក៏អាចជារោគសញ្ញា នៃជំងឺមហារីកក្រពេញអូវែផងដែរ ហេតុនេះ អ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឲ្យបានឆាប់ ទើបជាការប្រសើរ។

៤. នោមញឹក

ក្នុងករណីអ្នកសង្កេតឃើញថា អ្នកឈឺបត់ជើងតូចញឹកញាប់ខុសពីធម្មតា ទាំងដែលទទួលទានជាតិទឹកក្នុងកម្រិតដូចពេលធម្មតាសោះ នោះអ្នកប្រហែលជាកំពុងស្ថិតក្នុងដំណាក់កាលដំបូង នៃជំងឺមហារីកក្រពេញអូវែហើយ (ជាពិសេស គឺនោមញឹក ទប់មិនចង់ជាប់តែម្តង)។

*** គួរបញ្ជាក់ផងដែរថា ស្រ្តីដែលប្រឈមមុខជាមួយ ជំងឺមហារីកក្រពេញអូវែខ្ពស់ ស្ថិតនៅពេលឈានចូលវ័យ ៣០ ទៅ ៤០ ឆ្នាំ។ ដូច្នេះហើយ ប្រសិនបើអ្នកសង្កេតឃើញមានរោគសញ្ញាទាំងនេះកើតឡើង មិនស្រាកស្រាន្តរយៈពេលច្រើនសប្តាហ៍ នោះអ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]