ខេត្ដបាត់ដំបង ៖ យោង​តាម​ព័ត៌មាន​ ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លោកគ្រូ​បង្រៀន​ថ្នាក់​ទី​៣​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ នៅ​ក្នុង​សាលារៀន​មួយ​កន្លែង​ ក្នុងស្រុក​បាណ​ន់ រីឯ​ក្មេង​ស្រី​ម្នាក់អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៣ ក៏​បាន​ចងក​សម្លាប់​ខ្លួន​ដែរ​នៅ​ក្នុងផ្ទះ​របស់​នាង ក្នុងស្រុក​សង្កែ ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ករណី​នេះ​បាន​កើតឡើង​ក្នុង​ចន្លោះ​ពេល​គ្នា​តែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ ក្នុង​ថ្ងៃ​តែ​មួយ ។

ប្រភព​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ទៀត​ថា លោកគ្រូ សំ រស់ អាយុ​៤៣​ឆ្នាំ បង្រៀន​ថ្នាក់​ទី​៣​នៅ​សាលា​បឋម​សិក្សា​តា​គ្រាម រស់នៅ​ក្នុងភូមិ​ក្រពើ​ខាងជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ បាន​ចងក​សម្លាប់​ខ្លួន​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៣ ខែមីនា ។ លោក​គ្រួ​បង្រៀន​រូប​នេះ បាន​យក​ខ្សែ​អង្រឹង​ចងក​ជាប់​នឹង​ធ្នឹម​នៅ​ក្នុង​បន្ទប់ដេក​យាម​សាលា​ដែល​គាត់​បង្រៀន នៅ​ក្នុងភូមិ​តា​គ្រាម ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ហើយ​ត្រូវ​លោកគ្រូ​អ្នក​គ្រួ និង​សិស្សានុសិស្ស​ប្រទះ​ឃើញ​ពេល​ពួក​គេ​ទៅ​ដល់​សាលា ។

ប្រភព​ដដែល​បញ្ជាក់​ថា ទាំង​សាច់ញាតិ​និង​សាក្សី​នានា នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោកគ្រូ សំ រស់ ចងក​សម្លាប់​ខ្លួន​នោះ​ទេ តែ​លោកគ្រូ​បាន​បន្សល់​ពាក្យ​មួយ​ឃ្លា​ដែល​គេ​រក​ឃើញ​នៅ​លើ​ក្រដាស​មាន​ខ្លឹមសារ​ថា «​សុំ​ដើរ​មួយ​ថ្ងៃ​ទៀត​ហើយ​» ។ ទោះជា​យ៉ាងណា ពុំ​ទាន់​មាន​អ្នក​ណា​ម្នាក់ យល់​អំពី​ខ្លឹមសារ​ដែល​លោកគ្រូ​បង្រៀន​រូប​នេះ​បន្សល់​ទុក​នោះ​ឡើយ ។

ខណៈ​មន្ត្រី​ជំនាញ​មិន​ទាន់​បញ្ចប់​ការ​ពិនិត្យ​ធ្វើកោសល្យវិច័យ​សព​លោកគ្រូ​បង្រៀន​ថ្នាក់​ទី​៣ នៅ​ស្រុក​បាណ​ន់​រួចរាល់​ផង ស្រាប់តែ​មាន​សេចក្ដីរាយការណ៍​មួយ​ផ្សេង​ទៀត​ថា ក្មេង​ស្រី​ម្នាក់​ឈ្មោះ ជាចំរើន អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៣​ដែរ បាន​ចងកសម្លាប់​ខ្លួន​នៅ​ក្រោមផ្ទះ​របស់​នាង នា​ម៉ោង​៨​និង១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមីនា ស្ថិត​ក្នុងភូមិ​អន្លង់​វិល

ឃុំ​អន្លង់​វិល ស្រុក​សង្កែ ដោយ​មិនដឹង​ពី​មូលហេតុ​។

មន្ត្រី​ស្រុក​សង្កែ​និយាយ​ថា ក្មេង​ស្រី​នេះ​បាន​ដាក់​កៅអី​ជ័រ​ឡើងឈរ រួច​យក​កន្សែង​ចងក​ភ្ជាប់​នឹង​រត​ផ្ទះ ខណៈ​ឪពុក​មិន​នៅ ហើយ​ម្ដាយ​នាង​ក៏​រវល់​ទៅ​ផ្សារ​ដែរ ។ លោក វ៉ា​ត់ ជា អាយុ​៤៨​ឆ្នាំ និយាយ​ថា គាត់​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កូនស្រី​ជាទី​ស្រឡាញ់​របស់​គាត់​ចងក​សម្លាប់​ខ្លួន​នោះ​ទេ ។ គាត់​និយាយ​ទាំង​ទឹកភ្នែក​ថា គ្មាន​នរណា​បាន​ស្ដីបន្ទោស​នាង​ពី​រឿង​អ្វី​នោះ​ឡើយ ស្រាប់តែ​នៅ​សុខ​ៗ​នាង​យក​កន្សែង​ទៅ​ចងក​សម្លាប់​ខ្លួន ។ គាត់​សែន​រន្ធត់​ចិត្ត​មែនទែន ឬ​ក៏​នាង​ធ្វើ​នេះ​ដោយ​កំរោលចូល គឺ​គាត់​មិន​យល់​ទាល់តែ​សោះ ។

ទោះជា​យ៉ាងណា បើ​តាម​សមត្ថកិច្ច​និយាយ​ថា មន្ត្រី​ជំនាញ​បាន​និង​កំពុង​ពិនិត្យ​សព​ជន​រង​គ្រោះ និង​សួរនាំ​សាច់ញាតិ​ជន​រង​គ្រោះ​ទាំង​២​ករណី​នេះ ដើម្បី​ស្វែងរក​ពី​មូលហេតុ​ពិត ខណៈ​ក្រុម​គ្រួសារ​កំពុង​សោយសោក​និង​កំពុង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

អស្ចារ្យ​... រៀន​ពេទ្យ​ចប់​ភ្លាម បើក​ផ្ទះ​ព្យាបាល​ជំងឺ​ភ្លាម

ខេត្តកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ជិន កែវ​សុវណ្ណ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត បាន​ចុះ​ពិនិត្យ​កន្លែង​ព្យាបាល​ជំងឺ​ទូទៅ​របស់​និស្សិត​ពេទ្យ​ម្នាក់ ដែល​ទើបនឹង​បញ្ចប់​ការ​សិក្សា​បាន​យក​សញ្ញាប័ត្រ​របស់​ខ្លួន​មក​ដាក់​តាំង ហើយ​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ ព្រមទាំង​ចេញ​លិខិត​ផ្សេង​ៗ​ដល់​អ្នកជំងឺ​ទៀត​ផង​។

គ្រូពេទ្យ​រូប​នេះ​ឈ្មោះ ញ៉ែ​ម សុខ​ម៉េ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ និង​បើក​កន្លែង​ព្យាបាល​ជំងឺ ស្ថិត​នៅ​ភូមិ​រំដួល​៨៨ ហៅ​ផ្សារ​តា​ឡា​ត់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​ របស់​សមត្ថកិច្ច​ចម្រុះ​នោះ​ត្រង់​ថា លោកគ្រូ​ពេទ្យ​រូប​នេះ បាន​បោះពុម្ព​ក្រដាស​វេជ្ជបញ្ជា​ ដោយ​យកឈ្មោះ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ មក​ដាក់​ទៀត​ផង ដែល​ការ​ដាក់​ដូច្នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ខុសច្បាប់ ព្រោះតែ​រូប​គាត់​មិនមែន​ជា​មន្ត្រីរាជការ​ ដែល​បម្រើ​ការ​ក្នុង​អង្គភាព​រដ្ឋ ។ ការ​បើក​អាជីវកម្ម​រកស៊ី​បែប​នេះ ត្រូវ​បាន​មន្ត្រី​ប្រាប់​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ករណី​នេះ​អាច​ហៅ​បាន​ថា រកស៊ី​បន្លំ​មហាជន ជា​ពិសេស​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តំបន់​ខាងលើ​តែ​ម្តង​។

ក្នុង​ការ​ពិនិត្យ​នេះ​ដែរ ក្រុមចម្រុះ​រក​ឃើញ​ថា កន្លែង​ព្យា​ល​ជំងឺ​របស់​លោក ញ៉ែ​ម សុខ​ម៉េ​ង បើក​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា និង​ខ្វះ​អនាម័យ ជា​ពិសេស គឺ​ទូ​ដាក់​ថ្នាំ​តែ​ម្តង​។ ក្នុង​ការ​ត្រួតពិនិត្យ​គណៈកម្មការ​ចម្រុះ​បាន​ណែនាំ​ដល់​គ្រូពេទ្យ​រូប​នេះ ព្រមទាំង​ឱ្យធ្វើ​កិច្ចសន្យា​៣​ចំណុច ៖

ទី​១-​ឱ្យ​កាត់​បន្ថយ​ចំនួន​គ្រែ​ពី​ច្រើន​មក​តិច អាច​នៅ​ត្រឹម​២​គ្រែ កាត់​បន្ថយ​មុខ​ឱសថ ព្រមទាំង​អនាម័យ​ក្នុង និង​ក្រៅ​បរិវេណ ព្រមទាំង​ត្រួតពិនិត្យ​ទុយោ​ទីប​អុកស៊ីហ្សែន​ផង​ដែរ

ទី​២-​ឈប់​យក​វេជ្ជបញ្ជា​ជ្រក​ក្រោម​ស្លាក​មន្ទីរ​សុខាភិបាល​មក​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​នេះ​តទៅ

ទី​៣-​បើសិនជា​ថ្ងៃក្រោយ​លោក ញ៉ែ​ម សុខ​ម៉េ​ង មិន​គោរព​តាម​កិច្ចសន្យា​នេះ​ទេ លោក​សូម​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទាំងស្រុង​។

បើ​តាម​គ្រូពេទ្យ​មួយ​រូប​លើក​ឡើង​ថា តាម​ពិត​និស្សិត​ពេទ្យ​ដែល​ទើប​បញ្ចប់​ការ​សិក្សា​សាលា​រដ្ឋ​ក្តី ឯកជន​ក្តី ត្រូវ​ចុះ​ធ្វើ​កម្មសិក្សា​រយៈពេល​៣​ឆ្នាំ​យ៉ាងតិច ទើប​អាច​សុំ​ច្បាប់​បើក​អា​ជី​កម្ម​បាន មិនមែន​រៀន​ចប់​ភ្លាម​មក​បើក​ភ្លាម​នោះ​ទេ​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]