ខេត្តកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ជិន កែវ​សុវណ្ណ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត បាន​ចុះ​ពិនិត្យ​កន្លែង​ព្យាបាល​ជំងឺ​ទូទៅ​របស់​និស្សិត​ពេទ្យ​ម្នាក់ ដែល​ទើបនឹង​បញ្ចប់​ការ​សិក្សា​បាន​យក​សញ្ញាប័ត្រ​របស់​ខ្លួន​មក​ដាក់​តាំង ហើយ​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ ព្រមទាំង​ចេញ​លិខិត​ផ្សេង​ៗ​ដល់​អ្នកជំងឺ​ទៀត​ផង​។

គ្រូពេទ្យ​រូប​នេះ​ឈ្មោះ ញ៉ែ​ម សុខ​ម៉េ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ និង​បើក​កន្លែង​ព្យាបាល​ជំងឺ ស្ថិត​នៅ​ភូមិ​រំដួល​៨៨ ហៅ​ផ្សារ​តា​ឡា​ត់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​ របស់​សមត្ថកិច្ច​ចម្រុះ​នោះ​ត្រង់​ថា លោកគ្រូ​ពេទ្យ​រូប​នេះ បាន​បោះពុម្ព​ក្រដាស​វេជ្ជបញ្ជា​ ដោយ​យកឈ្មោះ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ មក​ដាក់​ទៀត​ផង ដែល​ការ​ដាក់​ដូច្នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ខុសច្បាប់ ព្រោះតែ​រូប​គាត់​មិនមែន​ជា​មន្ត្រីរាជការ​ ដែល​បម្រើ​ការ​ក្នុង​អង្គភាព​រដ្ឋ ។ ការ​បើក​អាជីវកម្ម​រកស៊ី​បែប​នេះ ត្រូវ​បាន​មន្ត្រី​ប្រាប់​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ករណី​នេះ​អាច​ហៅ​បាន​ថា រកស៊ី​បន្លំ​មហាជន ជា​ពិសេស​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តំបន់​ខាងលើ​តែ​ម្តង​។

ក្នុង​ការ​ពិនិត្យ​នេះ​ដែរ ក្រុមចម្រុះ​រក​ឃើញ​ថា កន្លែង​ព្យា​ល​ជំងឺ​របស់​លោក ញ៉ែ​ម សុខ​ម៉េ​ង បើក​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា និង​ខ្វះ​អនាម័យ ជា​ពិសេស គឺ​ទូ​ដាក់​ថ្នាំ​តែ​ម្តង​។ ក្នុង​ការ​ត្រួតពិនិត្យ​គណៈកម្មការ​ចម្រុះ​បាន​ណែនាំ​ដល់​គ្រូពេទ្យ​រូប​នេះ ព្រមទាំង​ឱ្យធ្វើ​កិច្ចសន្យា​៣​ចំណុច ៖

ទី​១-​ឱ្យ​កាត់​បន្ថយ​ចំនួន​គ្រែ​ពី​ច្រើន​មក​តិច អាច​នៅ​ត្រឹម​២​គ្រែ កាត់​បន្ថយ​មុខ​ឱសថ ព្រមទាំង​អនាម័យ​ក្នុង និង​ក្រៅ​បរិវេណ ព្រមទាំង​ត្រួតពិនិត្យ​ទុយោ​ទីប​អុកស៊ីហ្សែន​ផង​ដែរ

ទី​២-​ឈប់​យក​វេជ្ជបញ្ជា​ជ្រក​ក្រោម​ស្លាក​មន្ទីរ​សុខាភិបាល​មក​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​នេះ​តទៅ

ទី​៣-​បើសិនជា​ថ្ងៃក្រោយ​លោក ញ៉ែ​ម សុខ​ម៉េ​ង មិន​គោរព​តាម​កិច្ចសន្យា​នេះ​ទេ លោក​សូម​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទាំងស្រុង​។

បើ​តាម​គ្រូពេទ្យ​មួយ​រូប​លើក​ឡើង​ថា តាម​ពិត​និស្សិត​ពេទ្យ​ដែល​ទើប​បញ្ចប់​ការ​សិក្សា​សាលា​រដ្ឋ​ក្តី ឯកជន​ក្តី ត្រូវ​ចុះ​ធ្វើ​កម្មសិក្សា​រយៈពេល​៣​ឆ្នាំ​យ៉ាងតិច ទើប​អាច​សុំ​ច្បាប់​បើក​អា​ជី​កម្ម​បាន មិនមែន​រៀន​ចប់​ភ្លាម​មក​បើក​ភ្លាម​នោះ​ទេ​។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ខ្លោចចិត្ត! ក្មេងតូចៗ២នាក់បងប្អូន ស្លាប់ក្នុងអណ្តាតភ្លើងយ៉ាងវេទនា ពេលអគ្គិភ័យឆេះផ្ទះ, អភិបាលខេត្តមណ្ឌលគិរី បន្ទោសសមត្ថកិច្ច យឺតយ៉ាវជួយអន្តរាគមន៍ 

(មណ្ឌលគិរី)៖ ក្មេងប្រុសតូចៗ២នាក់បងប្អូន បានស្លាប់យ៉ាងវេទនា នៅក្នុងអណ្តាតភ្លើង គ្រាដែលផ្ទះរបស់ពួកគេ ត្រូវបានអគ្គិភ័យឆាបឆេះ នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ ត្រូវបានអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ស្តីបន្ទោសខ្លាំងៗចំពោះអាជ្ញាធរ និងសមត្ថកិច្ចដែលមានភាពយឺតយ៉ាវក្នុងការជួយអន្តរាគមន៍។

រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០១៧នេះ ក្រុមគ្រួសារ និងសមត្ថកិច្ចកំពុងកកាយរកឆ្អឹងសាកសពនៅក្នុងគំនរផេះ តែពុំទាន់រកឃើញនៅឡើយទេ។ នាយនគរបាលប៉ុស្តិ៍ឃុំចុងផ្លាស់ លោក ឡេវ វិបុល បានប្រាប់ភ្នាក់ងារ Fresh Newsថា ករណីភ្លើងឆេះផ្ទះខាងលើ​ សង្ស័យ​បណ្តាលមកពីការដុតភ្លើងទៀន​។ សម្រាប់ហេតុការណ៍នេះ ឪពុកម្តាយបានរួចពីសេចក្តីស្លាប់ ដោយសារតែរត់រួច ហើយម្នាក់ៗនឹកស្មានថា យកកូនចេញហើយ។

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានស្តីបន្ទោសដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទីនោះថា មានការយឺតយ៉ាវក្នុងការជួយពន្លត់នៃករណីនេះ។ ទោះបីយ៉ាងណាលោកអភិបាលខេត្ត បាននិងកំពុងចាត់ចែងផ្តល់​ជំនួយបឋម ជូនក្រុមគ្រួសាររងគ្រោះក្នុងហេតុការណ៍នេះដើម្បីជួយសម្រួលតាមតម្រូវការ។

បើតាមសមត្ថកិច្ច ផ្ទះមួយខ្នងសង់ពីឈើប្រកស័ង្កសី ទទឹង៦ម៉ែត្រ និងបណ្តោយ៧ម៉ែត្រនៅភូមិខ្ញែង (ហៅត្រពាំងឈូក)ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានភ្លើងឆេះខ្ទេច កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បណ្តាលឲ្យជីវិតក្មេងចំនួន២នាក់បង

ប្អូនស្លាប់យ៉ាងវេទនា។ ក្មេងប្រុសរងគ្រោះបងមានអាយុ៤ ឆ្នាំ និងប្អូនស្រីម្នាក់ទៀតអាយុ២ឆ្នាំ ត្រូវភ្លើងឆេះក្នុងគំនរផេះផង់ និងខូចខាតអស់ទ្រព្យសម្បត្តិជាច្រើនទៀតផង។

ទោះបីផ្លូវទៅកាន់ទីនោះ មានសភាពលំបាកយ៉ាងណាក៏ដោយ លោក ស្វាយ សំអ៊ាង កំពុងចាត់ចែងឲ្យកាកបាទក្រហមសាខា ខេត្តមណ្ឌលគិរី ចុះទៅកាន់ទីកន្លែងកើតហេតុដើម្បីយកជំនួយទៅផ្តល់ជូនក្រុមគ្រួសាររងគ្រោះ។ លោក ស្វាយ សំអ៊ាង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា «ក្នុងនាមរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ខ្ញុំកំពុងចាត់ចែងឲ្យមន្រ្តីសាលាខេត្ត ធ្វើការពិនិត្យទំហំ នៃការខូចខាតនេះហើយបន្ទាប់មកខេត្ត នឹងធ្វើការសាងសង់ផ្ទះជូនគ្រួសាររងគ្រោះខាងលើនេះ ឲ្យមានផ្ទះសម្បែងសម្រាប់ជ្រោកកោនឡើងវិញផងដែរ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]