(ក្រចេះ)៖ ផ្ទះប្រជាពលរដ្ឋស្ថិតនៅសង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះ ពោលជិតបន្ទាយយោធាខេត្ត ត្រូវបានអគ្គិភ័យកំពុងឆាបឆេះយ៉ាងខ្លាំង នៅវេលាម៉ោងប្រមាណ២៖២០នាទី​រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ។

នៅពេលនេះកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើននាក់ កំពុងជួយអន្តរាគមន៍បាញ់ពន្លត់៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ខ្លោចចិត្ត! ក្មេងតូចៗ២នាក់បងប្អូន ស្លាប់ក្នុងអណ្តាតភ្លើងយ៉ាងវេទនា ពេលអគ្គិភ័យឆេះផ្ទះ, អភិបាលខេត្តមណ្ឌលគិរី បន្ទោសសមត្ថកិច្ច យឺតយ៉ាវជួយអន្តរាគមន៍

(មណ្ឌលគិរី)៖ ក្មេងប្រុសតូចៗ២នាក់បងប្អូន បានស្លាប់យ៉ាងវេទនា នៅក្នុងអណ្តាតភ្លើង គ្រាដែលផ្ទះរបស់ពួកគេ ត្រូវបានអគ្គិភ័យឆាបឆេះ នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ ត្រូវបានអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ស្តីបន្ទោសខ្លាំងៗចំពោះអាជ្ញាធរ និងសមត្ថកិច្ចដែលមានភាពយឺតយ៉ាវក្នុងការជួយអន្តរាគមន៍។

រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០១៧នេះ ក្រុមគ្រួសារ និងសមត្ថកិច្ចកំពុងកកាយរកឆ្អឹងសាកសពនៅក្នុងគំនរផេះ តែពុំទាន់រកឃើញនៅឡើយទេ។ នាយនគរបាលប៉ុស្តិ៍ឃុំចុងផ្លាស់ លោក ឡេវ វិបុល បានប្រាប់ភ្នាក់ងារ Fresh Newsថា ករណីភ្លើងឆេះផ្ទះខាងលើ​ សង្ស័យ​បណ្តាលមកពីការដុតភ្លើងទៀន​។ សម្រាប់ហេតុការណ៍នេះ ឪពុកម្តាយបានរួចពីសេចក្តីស្លាប់ ដោយសារតែរត់រួច ហើយម្នាក់ៗនឹកស្មានថា យកកូនចេញហើយ។

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានស្តីបន្ទោសដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទីនោះថា មានការយឺតយ៉ាវក្នុងការជួយពន្លត់នៃករណីនេះ។ ទោះបីយ៉ាងណាលោកអភិបាលខេត្ត បាននិងកំពុងចាត់ចែងផ្តល់​ជំនួយបឋម ជូនក្រុមគ្រួសាររងគ្រោះក្នុងហេតុការណ៍នេះដើម្បីជួយសម្រួលតាមតម្រូវការ។

បើតាមសមត្ថកិច្ច ផ្ទះមួយខ្នងសង់ពីឈើប្រកស័ង្កសី ទទឹង៦ម៉ែត្រ និងបណ្តោយ៧ម៉ែត្រនៅភូមិខ្ញែង (ហៅត្រពាំងឈូក)ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានភ្លើងឆេះខ្ទេច កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បណ្តាលឲ្យជីវិតក្មេងចំនួន២នាក់បងប្អូនស្លាប់យ៉ាងវេទនា។ ក្មេងប្រុសរងគ្រោះបងមានអាយុ៤ ឆ្នាំ និងប្អូនស្រីម្នាក់ទៀតអាយុ២ឆ្នាំ ត្រូវភ្លើងឆេះក្នុងគំនរផេះផង់ និងខូចខាតអស់ទ្រព្យសម្បត្តិជាច្រើនទៀតផង។

ទោះបីផ្លូវទៅកាន់ទីនោះ មានសភាពលំបាកយ៉ាងណាក៏ដោយ លោក ស្វាយ សំអ៊ាង កំពុងចាត់ចែងឲ្យកាកបាទក្រហមសាខា ខេត្តមណ្ឌលគិរី ចុះទៅកាន់ទីកន្លែងកើតហេតុដើម្បីយកជំនួយទៅផ្តល់ជូនក្រុមគ្រួសាររងគ្រោះ។ លោក ស្វាយ សំអ៊ាង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា «ក្នុងនាមរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ខ្ញុំកំពុងចាត់ចែងឲ្យមន្រ្តីសាលាខេត្ត ធ្វើការពិនិត្យទំហំ នៃការខូចខាតនេះហើយបន្ទាប់មកខេត្ត នឹងធ្វើការសាងសង់ផ្ទះជូនគ្រួសាររងគ្រោះខាងលើនេះ ឲ្យមានផ្ទះសម្បែងសម្រាប់ជ្រោកកោនឡើងវិញផងដែរ»៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]