(មណ្ឌលគិរី)៖ ក្មេងប្រុសតូចៗ២នាក់បងប្អូន បានស្លាប់យ៉ាងវេទនា នៅក្នុងអណ្តាតភ្លើង គ្រាដែលផ្ទះរបស់ពួកគេ ត្រូវបានអគ្គិភ័យឆាបឆេះ នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ ត្រូវបានអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ស្តីបន្ទោសខ្លាំងៗចំពោះអាជ្ញាធរ និងសមត្ថកិច្ចដែលមានភាពយឺតយ៉ាវក្នុងការជួយអន្តរាគមន៍។

រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០១៧នេះ ក្រុមគ្រួសារ និងសមត្ថកិច្ចកំពុងកកាយរកឆ្អឹងសាកសពនៅក្នុងគំនរផេះ តែពុំទាន់រកឃើញនៅឡើយទេ។ នាយនគរបាលប៉ុស្តិ៍ឃុំចុងផ្លាស់ លោក ឡេវ វិបុល បានប្រាប់ភ្នាក់ងារ Fresh Newsថា ករណីភ្លើងឆេះផ្ទះខាងលើ​ សង្ស័យ​បណ្តាលមកពីការដុតភ្លើងទៀន​។ សម្រាប់ហេតុការណ៍នេះ ឪពុកម្តាយបានរួចពីសេចក្តីស្លាប់ ដោយសារតែរត់រួច ហើយម្នាក់ៗនឹកស្មានថា យកកូនចេញហើយ។

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានស្តីបន្ទោសដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទីនោះថា មានការយឺតយ៉ាវក្នុងការជួយពន្លត់នៃករណីនេះ។ ទោះបីយ៉ាងណាលោកអភិបាលខេត្ត បាននិងកំពុងចាត់ចែងផ្តល់​ជំនួយបឋម ជូនក្រុមគ្រួសាររងគ្រោះក្នុងហេតុការណ៍នេះដើម្បីជួយសម្រួលតាមតម្រូវការ។

បើតាមសមត្ថកិច្ច ផ្ទះមួយខ្នងសង់ពីឈើប្រកស័ង្កសី ទទឹង៦ម៉ែត្រ និងបណ្តោយ៧ម៉ែត្រនៅភូមិខ្ញែង (ហៅត្រពាំងឈូក)ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានភ្លើងឆេះខ្ទេច កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បណ្តាលឲ្យជីវិតក្មេងចំនួន២នាក់បង

ប្អូនស្លាប់យ៉ាងវេទនា។ ក្មេងប្រុសរងគ្រោះបងមានអាយុ៤ ឆ្នាំ និងប្អូនស្រីម្នាក់ទៀតអាយុ២ឆ្នាំ ត្រូវភ្លើងឆេះក្នុងគំនរផេះផង់ និងខូចខាតអស់ទ្រព្យសម្បត្តិជាច្រើនទៀតផង។

ទោះបីផ្លូវទៅកាន់ទីនោះ មានសភាពលំបាកយ៉ាងណាក៏ដោយ លោក ស្វាយ សំអ៊ាង កំពុងចាត់ចែងឲ្យកាកបាទក្រហមសាខា ខេត្តមណ្ឌលគិរី ចុះទៅកាន់ទីកន្លែងកើតហេតុដើម្បីយកជំនួយទៅផ្តល់ជូនក្រុមគ្រួសាររងគ្រោះ។ លោក ស្វាយ សំអ៊ាង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា «ក្នុងនាមរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ខ្ញុំកំពុងចាត់ចែងឲ្យមន្រ្តីសាលាខេត្ត ធ្វើការពិនិត្យទំហំ នៃការខូចខាតនេះហើយបន្ទាប់មកខេត្ត នឹងធ្វើការសាងសង់ផ្ទះជូនគ្រួសាររងគ្រោះខាងលើនេះ ឲ្យមានផ្ទះសម្បែងសម្រាប់ជ្រោកកោនឡើងវិញផងដែរ»៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ បុរស​ជា​ប្ដី​ចោទ​ថា​គ្រូពេទ្យ​ធ្វេសប្រហែស ទើប​ប្រពន្ធ​គាត់​ស្លាប់​ក្រោយ​សម្រាលកូន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ ក្នុង​ពេល​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី កាលពី​រសៀល​ថ្ងៃ​ទី​២២ មីនា​ ​២០១៧ ក្រោយ​សម្រាល​ បានកូន​ប្រុស​ម្នាក់​ តែ​ឈាម​ធ្លាក់​ច្រើន​ពេក ខណៈ​បុរស​ជា​ប្តី​ទ្រហោយំ ដ​ង្ហើ​យ​រក​យុត្តិធម៌​ចោទ​ថា ដោយសារ​គ្រូពេទ្យ​មានការ​ធ្វេសប្រហែស​ទើប​ប្រពន្ធ​គាត់​ស្លាប់​។​ ជន​រង​គ្រោះ​ឈ្មោះ ហៀ​ត ចាន់​នី អាយុ​២៩​ឆ្នាំ ជា​កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​ អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ស្ត្រី​រង​គ្រោះ​មានកូន​ ក្នុង​បន្ទុក​៤​នាក់ រួម​ទាំង​កូនប្រុស​ដែល​ទើប​សម្រាល​គ្រាន់តែ​ឃើញ​ពន្លឺ​ថ្ងៃ​ត្រូវ​ម្តាយ​ស្លាប់​ចោល​។ តាម​បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ សុខ ភី​រម្យ អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​កម្មករ​អូស​រទេះ​ដែរ​នោះ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ទាំង​ទ្រហោយំ​ថា ការ​ពិត​ប្រពន្ធ​របស់​គាត់​មិន​គួរ​ស្លាប់​ទេ ព្រោះ​ជា​កូន​ទី​៤​ទៅ​ហើយ​ៗ​គាត់​បាន​ចោទប្រកាន់​ថា​ករណី​ខាងលើ​ អាច​បណ្តាល​មក​ពី​គ្រូពេទ្យ​មានការ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​ដាច់​កន្ទុយ​លិ​ន​ ក្នុង​ពេល​សម្រាល​ ទើប​ប្រពន្ធ​គាត់​ស្លាប់​។

បុរស​ខាងលើ​បន្ត​ថា ប្រពន្ធ​គាត់​បាន​ស្លាប់​ ក្រោយ​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​មួយ​ភ្លែត​ពោល​គឺ ស្លាប់​ម្តុំ​វត្ត​ថ្មី ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយ​ប៉ែ​ត ចម្ងាយ​ពី​មន្ទីរពេទ្យ​មិន​បាន​៥​គីឡូម៉ែត្រ​ផង​។ បុរស​ខាងលើ​បញ្ជាក់​ថា ក្រោយ​ពិធី​បុណ្យសព​ប្រពន្ធ​រួច​នឹង​ដាក់​ពាក្យបណ្តឹង​ពី​ក្រុម​គ្រូពេទ្យ​ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ហើយ ថា​ប្រសិនបើ​មិន​ទទួល​បាន​ភាព​យុត្តិធម៌​ទេ​ គាត់​នឹង​បីកូន​ប្រុស​ ដែល​ទើប​ស្គាល់​ពន្លឺ​ថ្ងៃ​នោះ​ ទៅ​កាន់​ស្ថានីយ៍​ទូរ​ទស្ស​ដើម្បី​ឲ្យ​គេ​ឃើញ​ជា​សាធារណៈ ព្រោះ​ជីវភាព​ក្រី​ក្រ ពុំ​មាន​លទ្ធភាព​ចិញ្ចឹម​កូនប្រុស​ស្រី​ទាំង​៤​នោះ​ទេ​។

ជុំវិញ​បញ្ហា​ខាងលើ​ លោក​វេជ្ជបណ្ឌិត ហ៊ុ​ល សុ​ផ​ល្លី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ដោយ​ច្រាន​ចោលការ​ចោទប្រកាន់​ពី​គ្រួសារ​រង​គ្រោះ ហើយ​ថា ការ​ពិត​គ្រូពេទ្យ​របស់​គាត់​បាន​ខំប្រឹង​ប្រែង​អស់ពី​សមត្ថភាព​ ដើម្បី​ជួយ​ស្ត្រី​រង​គ្រោះ​។

លោក​បន្ត​ថា ករណី​ខាងលើ​ ដោយសារ​ក្រោយ​សម្រាល​ឈាម​ មិន​កក​គឺ​ហូរ​ច្រើន​ខាង​មន្ទីរពេទ្យ​លោក​ បាន​ចាត់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី តែ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ ស្លាប់​តាម​ដងផ្លូវ​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]