ចិន៖ សារព័ត៌មានសៀងហៃ បានចុះផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ថា រតនសម្បត្តិជាច្រើនប្រភេទ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយនោះ ពេលនេះត្រូវបានរកឃើញ និងស្រង់ចេញពីក្រោមទន្លេ Minjiang ហើយ ដែលស្ថិតក្នុងខេត្តស៊ីឈួន ប្រទេសចិន។

រតនសម្បត្តិទាំងនោះមានជាង ១ម៉ឺនមុខ ដែលផលិតចេញពីមាស និងប្រាក់ ហើយវាត្រូវបានរកឃើញដោយក្រុមបុរាណវិទូមួយក្រុម និងផ្តល់ជាភស្តុតាងសម្រាប់រឿងនិទានមួយ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយ ថាជារឿងពិត គឺរឿង “ខ្លាលឿង” ។

ប្រភពព័ត៌មានបានឲ្យដឹងថា រឿងមួយនោះនិយាយអំពី មេដឹកនាំកសិករម្នាក់ឈ្មោះ Zhang Xianzhong ដែលបានគ្រប់គ្រងលើខេត្តស៊ីឈួន ក្នុងអំឡុងចុងរជ្ជកាលមីង និងដើមរជ្ជកាលឈីង។ រឿងព្រេងនោះបានដំណាលថា នៅក្នុងឆ្នាំ១៦៤៦ ទូករបស់លោក Zhang ប្រមាណ ១ពាន់គ្រឿងបានលិចទៅក្នុងទន្លេ ក្រោមស្នាដៃរបស់កងទ័ពព្រះចៅអធិរាជ បណ្តាលឲ្យទ្រព្យសម្បត្តិដ៏ច្រើនសន្ធិកសន្ធាប់របស់គាត់លិចទៅជាមួយគ្នា។ 

ក្រុមអ្នកបុរាណវិទូ បានរកឃើញកាក់មាស ប្រាក់ និងសំរិទ្ធរាប់ពាន់កាក់ រួមជាមួយនឹងគ្រឿងអលង្ការ ព្រមទាំងអាវុធដែលធ្វើពីដែកជាច្រើន នៅបាតទន្លេ Minjiang ដែលមានចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងត្បូងក្រុង Chengdu ជាកន្លែងដែលទន្លេ Minjiang និងទន្លេ Jinjiang ជួបប្រសព្វគ្នា។

លោក Wang Wei ដែលជាអ្នកបុរាណវិទូមួយរូប បានមានប្រសាសន៍ថា “ទ្រព្យសម្បត្តិដែលបានរកឃើញទាំងនោះ ភាគច្រើននៅរប៉ាត់រប៉ាយពាសពេញបាតទន្លេ និងជាភស្តុតាងដ៏គួរឲ្យទាក់ទាញអារម្មណ៍មួយ ដើម្បីកំណត់អត្តសញ្ញាណតំបន់នោះដែលជាកន្លែងដែលការប្រយុទ្ធគ្នា ត្រូវបានធ្វើឡើង”។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១០ តំបន់មួយនេះត្រូវបានរដ្ឋាភិបាលប្រកាស វាជាតំបន់អភិរក្ស និងបានចាប់ផ្តើមធ្វើការ លើផែនការជីករុករក។ ដោយឡែកនៅក្នុងឆ្នាំ២០១៥ ក្រុមកម្មករជាច្រើន បានចាប់ផ្តើមធ្វើការស្វែងរកវត្ថុមានតម្លៃ នៅជិតតំបន់នេះ ដោយជនសង្ស័យចំនួន ៣១នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន និងដកហូតបានកាក់បុរាណរាប់ពាន់កាក់ ព្រមទាំងឧបករណ៍មុជទឹករបស់ពួកគេផងដែរ។

នៅទីបំផុតក្រុមអ្នកបុរាណវិទូ ក៏ចាប់ផ្តើមការជីកកកាយបាតទន្លេនោះនៅក្នុងខែមករា ឆ្នាំ២០១៧ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកជាច្រើនគ្រឿង ធ្វើការបូមទឹកចេញពីតំបន់ជីកកកាយជាមុនសិន ទើបជីកទៅក្រោមដី ជម្រៅ៥ម៉ែត្រ៕ 

ប្រភព៖ Shanghaiist

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ចម្លែកមែន ! ខ្សែររថភ្លើងសង់បើកកាត់ ក្នុងផ្ទះល្វែងកំពស់១៩ជាន់នៅចិន

សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ថា ខ្សែរថភ្លើងមួយខ្សែ ត្រូវបានសាងសង់ កាត់តាមអគារផ្ទះល្វែងដ៏ខ្ពស់មួយកម្ពស់ ១៩ជាន់ នៅក្នុងទីក្រុងឆុងឈីង (Chongqing) ដើម្បីដោះស្រាយបញ្ហា រឿងមិនមានទីធ្លាគ្រប់គ្រាន់ក្នុងការសាងសង់។

ទីក្រុងមួយនេះ មានទីតាំងស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន ដែលជាទីក្រុងសាងសង់លើភ្នំ និងមានប្រជាពលរដ្ឋដល់ទៅ៤៩លាននាក់ រស់នៅលើផ្ទៃដីទំហំ តែជាង ៨០ ០០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យអ្នករៀបចំផែនការទីក្រុង រកមើលការច្នៃប្រឌិតនៅក្នុងការដោះស្រាយបញ្ហាកង្វះទីតាំងនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ថានីយរថភ្លើងដ៏ពិសេសមួយនេះ ត្រូវបានសាងសង់ឡើងក្នុងប្លុកផ្ទះល្វែងដ៏ធំមួយតែម្តង គឺចាប់ពីជាន់ទី៦ ដល់ជាន់ទី៨ ដោយអ្នកដែលរស់នៅក្នុងប្លុកផ្ទះនេះ អាចលោតចូលក្នុងរថភ្លើងដែលឆ្លកកាត់ តាមរយៈស្ថានីយ៍ Liziba ដែលនៅនឹងផ្ទះរបស់ពួកគេតែម្តង។

ប្រភពព័ត៌មានបន្តថា បើទោះជាមានមនុស្សរស់នៅជាប់នឹងផ្លូវរថភ្លើងដ៏មមាញឹកនេះក៏ដោយ ប៉ុន្តែសម្លេងឮរំខានត្រូវបានកាត់បន្ថយដោយគ្រឿងបរិក្ខាពិសេសៗ។ សម្រាប់អ្នករស់នៅក្នុងផ្ទះ ជាប់ស្ថានីយ៍រថភ្លើងនេះ សម្លេងរថភ្លើងត្រូវបានគេរចនាឡើង ដោយកាត់បន្ថយមកនៅត្រឹមសម្លេងដូចម៉ាស៊ីនលាងចានអង្រួនប៉ុណ្ណោះ។

តាមរយៈការធ្វើដូចនេះ ក្រុមអ្នករៀបចំផែនការទីក្រុង ងាចបញ្ចៀសការវាយរំលំចោលនូវអាគារទាំងមូល ដើម្បីយកកន្លែងសង់ផ្លូវរថភ្លើង។ អ្នកនាំពាក្យក្រសួងដឹកជញ្ជូនក្នុងទីក្រុង បាននិយាយថា “ទីក្រុងរបស់យើងត្រូវបានសាងសង់ឡើង ដោយមានអគារធំៗជាយូរមកហើយ ហើយការស្វែងរកចន្លោះណាមួយដើម្បីសាងសងខ្សែរថភ្លើងមួយនេះ គឺជាការប្រឈមដ៏ធំមួយ”។

គួរបញ្ជាក់ថា ទីក្រុងកំពង់ផែ ក្រុងឆុងឈីង (Chongqing) មួយនេះ គឺជាទីក្រុងមួយ ក្នុងចំណោមទីក្រុងទាំង៤ នៅក្នុងប្រទេសចិន ដែល ស្ថិតនៅតាមបណ្តោយច្រាំងទន្លេ Yangtze ។ វាត្រូវបានគេដាក់ឈ្មោះថា ជាទីក្រុងភ្នំ ក៏ដោយសារតែវាស្ថិតនៅជុំវិញព្រៃរបោះ និងកូនភ្នំតូចៗជាច្រើន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]