ថៃ៖ ឆ្កែជាសត្វចិញ្ចឹមមួយប្រភេទដែលមនុស្សទូទៅតែងតែចិញ្ចឹមវាទុក ដើម្បីយាមផ្ទះ អ្វីដែលជាពិសេសទៅទៀតនោះ សត្វនេះជាសត្វដឹងគុណ និងស្រឡាញ់ម្ចាស់ ដែលជាមូលហេតុធ្វើឲ្យអ្នកចញ្ចឹមឆ្កែភាគច្រើន ចាត់ទុកឆ្កែដូចជាសមាជិកគ្រួសាររបស់គេ។

ដោយឡែក ប្រទេសអាស៊ីមួយចំនួន ត្រូវបានគេដឹងថា ជាប្រទេសដែលបរិភោគសាច់សត្វឆ្កែជាអាហារ ដែលវាជារឿងអាក្រក់មួយសម្រាប់ឆ្កែដែលរស់នៅក្នុងតំបន់នេះ។

ជាក់ស្ដែង សត្វឆ្កែញីមួយក្បាលឈ្មោះ Teresa ត្រូវបានរងគ្រោះ ដោយសារវាត្រូវបានគេបម្រុងនឹងសម្លាប់យកសាច់របស់វា។ តែចៃដន្យវាបានរត់គេច និងរស់រានមានជីវិត ប៉ុន្តែជាសំណាងអាក្រក់វាបានដាច់មុខមួយចំហៀង ដោយសារគេកាប់ខុស ក្នុងពេលដែលគេបម្រុងនឹងកាត់ក្បាលវា។

ហេតុការណ៍ដ៏អាក្រក់នេះ បានបន្សល់ឲ្យឆ្កែអាយុ ២ឆ្នាំនេះត្រូវរស់នៅដោយគ្មានច្រមុះ និងគ្មានធ្មេញខាងលើ។ តែជាសំណាងល្អវិញលឆ្កែកម្សត់នេះត្រូវបាន នារីចិត្តធម៌ជនជាតិអាមេរិកម្នាក់ប្រទះឃើញ និងមានចិត្តអាណិតអាសូរយកវាទៅចិញ្ចឹម។ នារីចិត្តធម៌ ឈ្មោះ Karen Quigley បានប្រកាសរកជំនួយដើម្បីព្យាបាលសត្វឆ្កែនេះ ហើយនាងក៏ទទួលបានប្រាក់ឧបត្ថម្ភ ដល់ទៅ ១១ ០០០ដុល្លារឯណោះ។ នាងបានព្យាយាមបន្ថែមទៀត ដើម្បីព្យាបាល និងវះកាត់ធ្មេញដែលខូចខាត និងអណ្ដាតដែលបាត់បង់របស់វា។

បើទោះបីជាវាត្រូវបានខូចខាតដោយសារការកាប់យ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែបច្ចុប្បន្នវាបានរស់នៅក្នុងស្ថានភាពដ៏ប្រសើរវិញហើយនៅសហរដ្ឋអាមេរិក ដើម្បីទទួលការថែទាំយ៉ាងដិតដល់ ខណៈដែលពេលនេះ Teresa អាចស៊ីចំណី គ្រប់ប្រភេទបានយ៉ាងងាយស្រួល និងរត់លេងជាមួយក្មេងៗបានយ៉ាងសប្បាយរីករាយ។

នារីចិត្តធម៌Quigley បានបង្ហាញអារម្មណ៍សោកស្ដាយ ដោយសារតែប្រទេសថៃ នៅតែបន្តបរិភោគសាច់ឆ្កែ ដែលវាធ្វើឲ្យនាងមានអារម្មណ៍ក្ដុកក្ដួលជាមួយនឹង សត្វឆ្កែរាប់ពាន់ក្បាលដែលត្រូវគេសម្លាប់៕ 

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

កំសត់ណាស់! សត្វឆ្កែអនាថាមួយក្បាល ពាំស្លឹកឈើធ្វើជាលុយ ដើម្បីប្តូរយកអាហារស៊ីចិញ្ចឹមជីវិត (មានវីដេអូ)

ថៃ៖ ស្ទើរតែរាល់ថ្ងៃទៅហើយ ដែលសុនខអនាថា ដ៏គួរឲ្យកំសត់ និងឆ្លាតមួយក្បាល រស់នៅក្នុងខេត្ត Krabi ប្រទេសថៃ តែងពាំស្លឹកឈើធ្វើដូចជាលុយ យកទៅឲ្យស្រ្តីម្នាក់ ដើម្បីជាសញ្ញានៃការដោះដូរយកចំណី។ នេះបើយោងតាម សារព័ត៌មានបាងកកកូកូណាត់ បានចុះផ្សាយ។

តាមរយៈរូបភាពក្នុងវីដេអូឃ្លីប ដែលត្រូវបានបង្ហោះចែកចាញលើបណ្តាញសង្គម ធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តនោះ បានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់សុនខអនាថាឈ្មោះ Tua Plu កំពុងតែដើរពាំស្លឹកឈើ នៅជាប់នឹងមាត់របស់វា យកទៅឲ្យស្រ្តីម្នាក់ឈ្មោះ Orawan ដើម្បីប្តូរយកអាហារស៊ី។

ជាក់ស្តែង យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Orawan Kaewla-iat ដែលជាអ្នកផ្តល់ចំណីឲ្យសុនខមួយក្បាលនោះស្ទើររាល់ថ្ងៃ បានបង្ហោះចែករំលែកវីដេអូឃ្លីបនេះ ដោយសរសេររៀបរាប់ថា «នៅពេលដែលវាឃ្លាន វាតែងតែយករបស់អ្វីមួយមកខ្ញុំ ដើម្បីដូរយកអាហារស៊ីជានិច្ច។ ជារៀងរាល់ថ្ងៃ វាតែងពាំស្លឹកឈើនៅនឹងមាត់របស់វា និងជួនកាលមានថ្ងៃខ្លះ វាពាំក្រដាសមកឲ្យខ្ញុំក៏មានដែរ។ ប្រសិនជាអ្នកដាក់ចំណី ឲ្យសត្វឆ្កែដទៃទៀតស៊ី អ្នកត្រូវតែដាក់ចំណីឲ្យ Tua Plu និងមេរបស់វាស៊ីជាមុនសិន» ។

បើតាមការអះអាងពី អ្នកស្រី Orawan បានឲ្យដឹងថា រូបគាត់មានការព្រួយចិត្តយ៉ាងខ្លាំង ខ្លាចក្រែងគ្មាននរណាម្នាក់ ជួយផ្តល់ចំណីឲ្យ Tua Plu ។ នោះក៏ដោយសារតែ គាត់នឹងត្រូវផ្លាស់ប្តូរផ្ទះ រើទៅនៅកន្លែងថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏មានមនុស្សមួយចំនួន បានធ្វើការទាក់ទងអ្នកស្រី Orawan ដើម្បីស្នើសុំគាត់យកសុនខកំសត់ Tua Plu ទៅចិញ្ចឹមផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]