ថៃ៖ ស្ទើរតែរាល់ថ្ងៃទៅហើយ ដែលសុនខអនាថា ដ៏គួរឲ្យកំសត់ និងឆ្លាតមួយក្បាល រស់នៅក្នុងខេត្ត Krabi ប្រទេសថៃ តែងពាំស្លឹកឈើធ្វើដូចជាលុយ យកទៅឲ្យស្រ្តីម្នាក់ ដើម្បីជាសញ្ញានៃការដោះដូរយកចំណី។ នេះបើយោងតាម សារព័ត៌មានបាងកកកូកូណាត់ បានចុះផ្សាយ។

តាមរយៈរូបភាពក្នុងវីដេអូឃ្លីប ដែលត្រូវបានបង្ហោះចែកចាញលើបណ្តាញសង្គម ធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តនោះ បានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់សុនខអនាថាឈ្មោះ Tua Plu កំពុងតែដើរពាំស្លឹកឈើ នៅជាប់នឹងមាត់របស់វា យកទៅឲ្យស្រ្តីម្នាក់ឈ្មោះ Orawan ដើម្បីប្តូរយកអាហារស៊ី។

ជាក់ស្តែង យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Orawan Kaewla-iat ដែលជាអ្នកផ្តល់ចំណីឲ្យសុនខមួយក្បាលនោះស្ទើររាល់ថ្ងៃ បានបង្ហោះចែករំលែកវីដេអូឃ្លីបនេះ ដោយសរសេររៀបរាប់ថា «នៅពេលដែលវាឃ្លាន វាតែងតែយករបស់អ្វីមួយមកខ្ញុំ ដើម្បីដូរយកអាហារស៊ីជានិច្ច។ ជារៀងរាល់ថ្ងៃ វាតែងពាំស្លឹកឈើនៅនឹងមាត់របស់វា និងជួនកាលមានថ្ងៃខ្លះ វាពាំក្រដាសមកឲ្យខ្ញុំក៏មានដែរ។ ប្រសិនជាអ្នកដាក់ចំណី ឲ្យសត្វឆ្កែដទៃទៀតស៊ី អ្នកត្រូវតែដាក់ចំណីឲ្យ Tua Plu និងមេរបស់វាស៊ីជាមុនសិន»

បើតាមការអះអាងពី អ្នកស្រី Orawan បានឲ្យដឹងថា រូបគាត់មានការព្រួយចិត្តយ៉ាងខ្លាំង ខ្លាចក្រែងគ្មាននរណាម្នាក់ ជួយផ្តល់ចំណីឲ្យ Tua Plu ។ នោះក៏ដោយសារតែ គាត់នឹងត្រូវផ្លាស់ប្តូរផ្ទះ រើទៅនៅកន្លែងថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏មានមនុស្សមួយចំនួន បានធ្វើការទាក់ទងអ្នកស្រី Orawan ដើម្បីស្នើសុំគាត់យកសុនខកំសត់ Tua Plu ទៅចិញ្ចឹមផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖    

ប្រភព៖ Bangkok Coconuts

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

នារីសក់វែង! គ្រាន់តែសក់មានប្រវែងជាង ២ម៉ែត្រធ្លាក់ដី ប្រើពេលសិត និងផ្លុំម្តងៗយូរណាស់ (មានវីដេអូ)

ឡេតូនី៖ ហេតុតែស្រលាញ់ និងចូលចិត្តតួអង្គ Rapunzel នៅក្នុងរឿងព្រេងនិទាន នារីម្នាក់ សុខចិត្តទុកសក់អស់រយៈពេល២០ឆ្នាំមិនព្រមកាត់ មានប្រវែងរហូតដល់ជាង២ម៉ែត្រ ធ្លាក់ដល់ដី។

Brunette Aliia Nasyrova អាយុ២៧ឆ្នាំ មានដើមកំណើតមកពីប្រទេសរុស្ស៊ី តែបច្ចុប្បន្នរស់នៅក្នុងប្រទេសឡេតូនី។ សក់របស់នាងមានទម្ងន់ជាង ២គីឡូក្រាម ស្មើនឹងទម្ងន់ឆ្មាចិញ្ចឹមរបស់នាងមួយក្បាលទៅហើយ។ រាល់ពេលនាងត្រូវចំណាយពេល ១ម៉ោង ទំរាំអាចផ្លុំឲ្យសក់ស្ងួតល្អបាន។

ចំពោះប្តីរបស់នាង Aliia ឈ្មោះថា Ivan បានបញ្ជាក់ថា ប្រពន្ធរបស់ខ្លួនស្រលាញ់ និងទុកសក់នេះប្រៀបដូចជាសមាជិកគ្រួសារ ហើយតែងតែខ្វល់ខ្វាយពីសក់របស់នាងមិនថាទៅណាមកណានោះទេ។

គាត់បន្តទៀតថា «នៅពេលគេង ខ្ញុំតែងតែទុកចន្លោះធំមួយឲ្យគាត់បានពន្លាសក់ ដើម្បីប្រាកដថា សក់របស់គាត់មិនកណ្តាញ់ជាប់គ្នារញ៉េរញៃ ឬក៏រងការខូចខាតដោយចេតនាណាមួយឡើយ» ។

គួរឲ្យដឹងទៀតថា Ivan ដែលជាប្តី ក៏មិនបានប្រកាន់រឿងទុកសក់វែងនេះដែរ ហើយភរិយារបស់ខ្លួនវិញ​ ក៏តែងតែបដិសេធក្នុងការកាត់សក់នេះចេញផងដែរ។

ក្រឡេកមកមើលនាង Aliia វិញបានឲ្យដឹងថា «ខ្ញុំបានចាប់ផ្តើមទុកសក់របស់ខ្ញុំតាំងពីនៅក្មេង ដោយសារតែរឿងព្រេងនិទាន Rapunzel ដែលជាតួអង្គម្នាក់ដែលមានសក់វែង ហើយព្រះរាជបុត្រាតែងតែប្រើសក់របស់តួអង្គ Rapunzel នេះ ធ្វើជាឈ្នាន់ដើម្បីឡើងទៅលើប្រាសាទ»។

នាងបន្ថែមទៀតថា «នៅពេលខ្ញុំឈានចូលវ័យជំទង់ ខ្ញុំតែងតែក្រងសក់របស់ខ្ញុំ ដើម្បីការពារនៅពេលចេញក្រៅផ្ទះ ពីព្រោះថានៅក្នុងផ្ទះ មានពេលខ្លះខ្ញុំដើរជាន់សក់ខ្លួនឯង ទើបដូច្នេះហើយពេលចេញក្រៅម្តងៗ ខ្ញុំមិនដែលទម្លាក់សក់មកអស់នោះទេ» ។

គួរបញ្ជាក់ផងដែរថា Aliia តែងតែបង្ហោះរូបថតជាមួយសក់ដ៏វែងអន្លាយរបស់នាងទៅក្នុងបណ្តាញសង្គមរូបភាព Instagram ប៉ុន្តែអ្វីដែលនាងទទួលបានវិញនោះគឺ ការមិនពេញចិត្តពីអ្នកបញ្ចេញមតិមួយចំនួនទៅលើសក់របស់នាង ដោយអ្នកខ្លះបានព្យាយាមបញ្ចុះបញ្ចូលឲ្យនាងកាត់សក់នេះចោល ខ្លះទៀតឲ្យនាងកាត់សក់នេះយកទៅលក់។ តែបើទោះជាយ៉ាងណាក៏ដោយ Aliia មិនដែលមានប្រតិកម្មឆ្លើយតបទៅនឹងមតិទាំងអស់នោះឡើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]