កំពង់ចាមៈ គ្រូទាយម្នាក់ឈ្មោះ សៀង សុង អាយុ៥១ឆ្នាំ ដែលបានលួចកាំភ្លើងពីមន្ត្រីនគរបាល យកទៅបាញ់ប្រហារគ្រូទាយម្នាក់ទៀត បណ្តាលឲ្យស្លាប់ក្នុងបរិវេណភ្នំជើងព្រៃ ខេត្តកំពង់ចាម  កាលពីខែឧសភា ឆ្នាំ២០១២កន្លងទៅនោះ មកដល់ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១២នេះ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនបានហើយ ខណៈដែលជនសង្ស័យមកស្រុកកំណើតរបស់ខ្លួនស្ថិតក្នុង ភូមិខ្សាច់ប្រឆេះកណ្តាល ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម កាលពីល្ងាចម្សិលម៉ិញ។

លោកវរសេនីយ៍ត្រី សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារ បានប្រាប់ដើមអម្ពិលឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សៀង សុង មានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ២០៥ ដ.ច ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ ដោយ ចៅក្រម ជា វណ្ណៈ ចោទពីបទពីបទឃាតកម្មគិតទុកជាមុន។

លោក អធិការបានឲ្យដឹងទៀតថា ក្រោយពីមានហេតុការណ៍បាញ់សម្លាប់ នៅចំណុចកើតហេតុដូចខាង លើលោក ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់វិធានការយ៉ាងតឹងរឹង ដាក់បទបញ្ជាដល់កម្លាំងនគរបាលក្រោមឱវាទ ធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខាងតែបាន ។

លោកអធិការបានបន្តទៀតថា ដោយបានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយត្រីស្នងការ ហើយ សមត្ថកិច្ចបានដឹងថា ផ្ទះជនសង្ស័យស្ថិតក្នុងភូមិឃុំដូចខាងលើ ទើបសមត្ថកិច្ចនគរបាលបានដាក់ភ្នាក់ងារ ដែលរស់នៅក្នុងភូមិនោះ ឃ្លាំចាំមើលពេលជនសង្ស័យ ចូលភូមិសូមរាយការណ៍មកសមត្ថកិច្ច។

លោក អធិការបន្តថា លុះនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២សមត្ថកិច្ចបានទទួលសេចក្តី រាយការណ៍ថា ជនសង្ស័យបានចូលផ្ទះហើយភ្លាមនោះ សមត្ថកិច្ចនគរបាលស្រុកក្រូចឆ្មារ បានហ៊ុំព័ទ្ធផ្ទះ ជនសង្ស័យសិនព្រោះផុតម៉ោងរដ្ឋបាល លុះរហូតដល់ម៉ោង៦ព្រឹក ថ្ងៃទី១ ខែតុលា ទើបសមត្ថកិច្ច បាន ឃាត់ខ្លួនជនសង្ស័យតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ចាម។

ចំណែកឯជនសង្ស័យឈ្មោះ សៀង សុង បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាំភ្លើងពីមន្ត្រីនគរបាល បាញ់សម្លាប់គ្រូទាយម្នាក់ ឈ្មោះយ៉ែម អូន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរគ្រូទាយ ដូចគ្នាមានទីលំនៅភូមិវ៉ារិនទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ពិតប្រាកដមែន មូលហេតុដោយសារតែខាងជន រងគ្រោះ បានប៉ុនប៉ងធ្វើឃាតរូបគាត់មុន ។

ឈ្មោះ សៀង សុង បានបន្តថា បន្ទាប់ពីខ្លួនបានបាញ់សម្លាប់ ឈ្មោះ យ៉ែម អូនរួចបានរត់ទៅលាក់ខ្លួនក្នុង ព្រៃក្បែរៗ ភ្នំជើងព្រៃ លុះបាន៥ថ្ងៃ ទើបខ្លួនបានរត់ទៅស្នាក់នៅជាមួយកូននៅព្រុំដែនថៃ បានជាង៤ខែ ទើបខ្លួនចូលស្រុក ហើយត្រូវនគរបាលស្រុកក្រូចឆ្មារចាប់ខ្លួនតែម្តង។

លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង ទទួលផែនការិយាល័យកណ្តាលនគរបាលយុត្តិធម៌បាន មានប្រសាសន៍ឲ្យដឹងថា ក្នុងករណីឃាតកម្មលើភ្នំជើងព្រៃនាពេលកន្លងទៅនោះ មានសារព័ត៌មានខ្លះ បានផ្សាយថា ជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយ ។ប៉ុន្តែជាក់ស្តែង តាមចម្លើយរបស់ជនសង្ស័យ ករណី ឃាតកម្មនោះ វាជារឿង គំនុំ ក្នុងអាជីពជាគ្រូទាយដូចគ្នានោះទេ ។

លោកស្នងការរងបានបន្តថាក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យឈ្មោះ សៀង សុងនេះ លោកឧត្តម សេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្តបានផ្តល់ប្រាក់លើកទឹកចិត្ត ដល់កម្លាំងនគរបាលដែល ចុះប្រតិបត្តការនូវទឹកប្រាក់ចំនួន៨០ម៉ឺនរៀលផងដែរ៕

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]