(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យការស្នាក់ និងធ្វើការរបស់ជនជាតិបរទេស ក្នុងរោងសិប្បកម្មកែច្នៃឈើ និងឃ្លាំងឈ្មោះត្រាំពេជ្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា នៅពេលចុះត្រួតពិនិត្យនោះ ជនជាតិវៀតណាមចំនួន១៥នាក់ និងជនជាតិថៃចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនដោយសារគ្មានឯកសារត្រឹមត្រូវ។
លោកបានបញ្ជាក់ថា «ពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ»។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ជនជាតិវៀតណាម និងថៃទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕
ប្រភព៖ Fresh News
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ខ្មាសអ្នកភូមិដៀលត្មះថា ខ្លួនចេះធ្មប់ សម្រេចសម្លាប់ប្រពន្ធ រួចក៏...
ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវបាន កម្លាំងនគរបាលចាប់ខ្លួន ក្រោយប្រើប្រាស់កាំបិតចុងស្រួចចាក់ទៅប្រពន្ធរបស់ខ្លួន កាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ។ មូលហេតុដោយសារខ្មាស់អ្នកភូមិដៀលត្មះថា ចេះអំពើធ្មប់បង្កការភ័យខ្លាច។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់ភេ បានប្រាប់ឱ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះត្រូវជាប្តីប្រពន្ធនឹងគ្នា រស់នៅភូមិ-ឃុំកើតហេតុខាងលើ ជាជនជាតិភាគតិចគួយ ដោយប្រកបរបរធ្វើស្រែចំការ។ មន្ត្រីដដែលបន្តថា ជនសង្ស័យជាប្តីបានប្រើកាំបិតចុងស្រួចចាក់ទៅលើស្ត្រីជាប្រពន្ធរបស់ខ្លួនមួយកាំបិត លើចុងដោះខាងស្តាំ បណ្តាលឱ្យស្លាប់នៅលើផ្ទះរបស់ខ្លួន។
ប្រភពបានឱ្យដឹងទៀតថា ពលរដ្ឋក្នុងភូមិជាមួយគ្នានោះ តែងដៀលត្មះលើគ្រួសារនោះថា ចេះអំពើអាប ធ្មប់ងាយបង្កគ្រោះថា្នក់ដល់មនុស្សក្នុងភូមិណាស់ ហើយគ្រួសារមួយនេះតែងខ្មាសអៀនជាខ្លាំង ស្ទើរមិនចង់ឃើញមុខអ្នកក្នុងភូមិនោះផងដែរ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុបុរសជាប្តីបានផឹកស្រាស្រវឹងជោកជាំ តាំងពីថ្ងៃរហូតដល់យប់ហើយជជែកជាមួយប្រពន្ធថា នឹងសម្លាប់ខ្លួនទាំងអស់គ្នា ព្រោះមិនអាចរស់នៅក្នុងភូមិនេះទៀតបានទេ ដោយសព្វថ្ងៃរងការដៀលត្មះពីអ្នកភូមិជាច្រើននិយាយចោទប្រកាន់ថា គ្រួសារយើងចេះអាប ចេះធ្មប់ ប្រសិនជារស់តទៀត ពិតជាខ្មាសគេ និងមិនចង់រស់នៅក្នុងភូមិឡើយ ។
ភ្លាមនោះលុះបុរសជាប្តីក៏បានយកកាំបិតចុងស្រួចចាក់លើប្រពន្ធចំដើមទ្រូងដេកស្លាប់នៅលើគ្រែក្នុងមុងលើផ្ទះ។ ក្រោយពីយកកាំបិតចាក់ប្រពន្ធរួចហើយ ខ្លួនក៏ងងឹតមុខឈឹងមិនដឹងថា ខ្លួនបានធ្វើអ្វីសោះ ក្រោយមកទៀតពេលដឹងខ្លួនឡើង ក៏ស្រាប់តែត្រូវប្អូនថ្លៃចាប់ចង រួចប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
តែប្រភពមួយទៀតបាននិយាយថា ក្រោយបុរសជាប្តីចាក់សម្លាប់ប្រពន្ធបានចុះពីលើផ្ទះយកកាំទៅឱ្យគេ រួចប្រាប់គេថា ខ្លួនចាក់សម្លាប់ប្រពន្ធហើយ ភ្លាមនោះទើបមានការចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
ជាការប៉ាន់ស្មានរបស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ថា ពិតជាមានរឿងការចោទប្រកាន់ពីអ្នកភូមិថា គ្រួសារនោះចេះអំពើអាបធ្មប់មែន តែពុំមានអ្នកណាម្នាក់ឃើញជាក់ស្តែងថា គ្រួសារនោះធ្វើឱ្យអ្នកភូមិស្លាប់ដោយភស្តុតាងអ្វីមួយឡើយ ហើយស្ថិតក្រោយហេតុការណ៍នោះសមត្ថកិច្ចប៉ាន់ស្មានថា ជនសង្ស័យជាប្តីចាក់សម្លាប់ប្រពន្ធ រួចនឹងត្រូវចាក់សម្លាប់ខ្លួនជាក្រោយ តែទំនងមិនដាច់ចិត្តចាក់សម្លាប់ខ្លួន ទើបយកកាំបិតទៅប្រគល់ឱ្យគេ រួចត្រូវគេចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចជាក្រោយ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអន្លុងភេ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស៊ុត រ៉េត អាយុ៤៤ឆ្នាំ ជនជាតិភាគតិចគួយ រីឯស្ត្រីរងគ្រោះឈ្មោះ វឿន ឡី អាយុ៣៩ឆ្នាំ ជនជាតិភាគតិចគួយ រស់នៅភូមិ-ឃុំកើតហេតុខាងលើ គ្រួសារអ្នកទាំង២មានកូន៥នាក់ ប្រុស៤នាក់ និងកូនស្រីច្បងម្នាក់។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំបន្ថែមនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]