ហូឡង់៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ថា អ្នកដំណើរមួយក្រុមលើយន្តហោះ ដែលមានជើងហោះហើរពីទីក្រុងឡុងដ៍ បាននាំគ្នាបន់ស្រន់ព្រះ និងជីដូនជីតាឲ្យជួយ ខណៈយន្តហោះត្រូវប្រកាសអាសន្នចុះចតបន្ទាន់ ក្នុងទីក្រុង Amsterdam ប្រទេសហូឡង់។

ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះ Boeing 767 បានបាត់បង់សម្ពាធហោះហើរ ហើយអ្នកដំណើរទាំងអស់ត្រូវពាក់ម៉ាស់អុកស៊ីសែន ព្រោះថាយន្តហោះត្រូវចុះចតជាបន្ទាន់នៅព្រលានយន្តហោះ Schipol។ យន្តហោះ Boeing 767 មួយនេះផងដែរ គឺមានគោលដៅចេញពីទីក្រុងឡុងដ៍ ទៅកាន់ទីក្រុង Rzeszow ប្រទេសប៉ូឡូញ ជាកន្លែងដែលអ្នកដំណើរជាជនជាតិយូដាទាំងអស់ត្រូវទៅ  ដែលគេជាជឿជាក់ថា ពួកគេមានគម្រោងធ្វើធម្មយាត្រាមួយនៅទីនោះ។ 

យោងតាមវីដេអូដែលថតបាន នៅក្នុងអំឡុងពេលដ៏តក់ស្លុតនោះ  យើងអាចឃើញមានបុរសជាច្រើននាក់  នាំគ្នាយកសៀវភៅធម៌មកសូត្របួងសួង បែបន់ និងច្រៀងថា “Ani Ma’amin” មានន័យថា “ខ្ញុំជឿជាក់”។

ពួកគេច្រៀងបួងសួងបណ្តើរ ព្យាយាមស្រូបយកអុកស៊ីសែន ពីម៉ាស់អុកស៊ីសែន បណ្តើរ ក្នុងភាពភ័យខ្លាចបំផុត ខណៈអ្នកខ្លះបានជជែកគ្នា ថតរូប ថតវីដេអូតាមទូរស័ព្ទ ចងក្រងឯកសារពីឧប្បត្តិហេតុ។

ប្រភពព័ត៌មានបានបន្តថា នៅម៉ោងប្រមាណ ៩និង៤៣នាទី ម៉ោងក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ Titan Airways បានធ្វើការប្រកាសសញ្ញា “Mayday” ដែលជាសញ្ញាផ្សាយតាមវិទ្យុទាក់ទងសុំជំនួយ ពេលយន្តហោះមានគ្រោះថ្នាក់ ហើយយន្តហោះបានចុះចតក្នុងទីក្រុង Amsterdam នៅម៉ោង១០។

ក្រោយកើតហេតុអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានថ្លែងថា ក្នុងចំណោមអ្នកដំណើរ និងក្រុមការងារលើយន្តហោះ មិនមាននរណាម្នាក់រងរបួសនោះទេ ប៉ុន្តែក្រុមសង្គ្រោះបន្ទាន់ បានទៅដល់ទីតាំងយន្តហោះភ្លាមៗ ដើម្បីធានាបាននូវសុវត្ថិភាពរបស់អ្នកដំណើរទាំងអស់។

គួរបញ្ជាក់ថា ឧប្បត្តិហេតុមួយនេះ ជាករណីកម្រកើតមានបំផុត ប៉ុន្តែពីឡុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Titan Airways អាចគ្រប់គ្រងស្ថានភាពបានដោយជោគជ័យ៕ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ កាន់តែខ្លាំងមែនទែនហើយ! ចិនលក់ខ្យល់បរិសុទ្ធ គ្រាន់តែមួយកំប៉ុងតម្លៃមិនធម្មតា

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា ចិនគឺជាប្រទេសមួយដែលពោរពេញទៅដោយផ្សែងពុល ដូច្នេះទើបបានជាថ្មីៗនេះ រដ្ឋាភិបាលប្រទេសចិន បានរកឃើញដំណោះស្រាយមួយសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម។

បើយោងតាមសារព័ត៌មាន Weibo Post បានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស៊ីអាន បានរាយការណ៍ថា ខ្យល់បរិសុទ្ធទាំងអស់នេះ គឺបានមកពីតំបន់ការពារធម្មជាតិ Qinling Pingheliang ហើយពួកវាត្រូវបានដាក់លក់នៅក្នុងតម្លៃ ប្រហែល ៣.៧ ដុល្លារក្នុងមួយកំប៉ុង ដោយមួយកំប៉ុងអ្នកប្រើប្រាស់អាចបាញ់បានប្រហែលជា៥០ដង ឬប្រហែល២នាទី ប្រសិនបើអ្នកបាញ់វាជាប់រហូត។

គ្រប់គ្នាជឿថា ខ្យល់បរិសុទ្ធទាំងនេះអាចជួយបំបាត់ភាពអស់កម្លាំង សម្រួលអារម្មណ៍ផ្លូវចិត្ត និងលាងសម្អាតប្រព័ន្ធខ្យល់នៅក្នុងរាងកាយផងដែរ។

អតិថិជនម្នាក់ដែលគាំទ្រផលិតផលនេះបាននិយាយថា៖

“កាលពីមុន ខ្ញុំធ្លាប់បានទិញវាមួយកំប៉ុងដែរ គឺថាខ្យល់ដែលចេញពីកំប៉ុងនោះ ពិតជាបរិសុទ្ធខ្លាំងណាស់។ វាមានក្លិនដូចជានៅក្នុងព្រៃអ៊ីចឹង។ មិត្តភក្តិរបស់ខ្ញុំទើបតែបានដឹងពីរឿងមួយនេះ ហើយគេចង់សាកល្បងប្រើវាដែរ ដូច្នេះទើបខ្ញុំមកទីនេះ ដើម្បីរកទិញវា២កំប៉ុងទៀត”។

គួរឲ្យដឹងដែរថា ប្រមាណជា៩៤% នៃតំបន់ការពារធម្មជាតិនៅក្នុងប្រទេសចិន គឺជាព្រៃឈើ ហើយតំបន់ការពារទាំងនោះ គឺជាកន្លែងដែលពពួកខ្លាឃ្មុំផេនដារស់នៅ។

យ៉ាងណាមិញ គម្រោងនៃការលក់កំប៉ុងដែលមានផ្ទុកខ្យល់បរិសុទ្ធនេះ បានចាប់ផ្តើមតាំងពីឆ្នាំមុនមកម្ល៉េះ គឺនៅពេលដែលមន្ត្រីរដ្ឋបាលព្រៃឈើបានគិតគូរអំពីការលក់ខ្យល់បរិសុទ្ធទៅកាន់ប្រជាពលរដ្ឋ។ បន្ទាប់ពីបានធ្វើការពិសោធន៍ និងស្រាវជ្រាវទីផ្សាររួចមក ការិយាល័យព្រៃឈើក៏បានវិនិយោគទៅលើរោងចក្រផលិតខ្យល់បរិសុទ្ធនេះតែម្តង។

យោងទៅតាមប្រធានរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ខ្យល់បរិសុទ្ធ មួយកំប៉ុងដែលលក់នៅក្នុងតម្លៃ៣.៧ ដុល្លារនេះ គេទទួលបានប្រាក់ចំនេញប្រហែល ០.៥ ដុល្លារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]