ចិន៖ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា ចិនគឺជាប្រទេសមួយដែលពោរពេញទៅដោយផ្សែងពុល ដូច្នេះទើបបានជាថ្មីៗនេះ រដ្ឋាភិបាលប្រទេសចិន បានរកឃើញដំណោះស្រាយមួយសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម។

បើយោងតាមសារព័ត៌មាន Weibo Post បានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស៊ីអាន បានរាយការណ៍ថា ខ្យល់បរិសុទ្ធទាំងអស់នេះ គឺបានមកពីតំបន់ការពារធម្មជាតិ Qinling Pingheliang ហើយពួកវាត្រូវបានដាក់លក់នៅក្នុងតម្លៃ ប្រហែល ៣.៧ ដុល្លារក្នុងមួយកំប៉ុង ដោយមួយកំប៉ុងអ្នកប្រើប្រាស់អាចបាញ់បានប្រហែលជា៥០ដង ឬប្រហែល២នាទី ប្រសិនបើអ្នកបាញ់វាជាប់រហូត។

គ្រប់គ្នាជឿថា ខ្យល់បរិសុទ្ធទាំងនេះអាចជួយបំបាត់ភាពអស់កម្លាំង សម្រួលអារម្មណ៍ផ្លូវចិត្ត និងលាងសម្អាតប្រព័ន្ធខ្យល់នៅក្នុងរាងកាយផងដែរ។

អតិថិជនម្នាក់ដែលគាំទ្រផលិតផលនេះបាននិយាយថា៖

“កាលពីមុន ខ្ញុំធ្លាប់បានទិញវាមួយកំប៉ុងដែរ គឺថាខ្យល់ដែលចេញពីកំប៉ុងនោះ ពិតជាបរិសុទ្ធខ្លាំងណាស់។ វាមានក្លិនដូចជានៅក្នុងព្រៃអ៊ីចឹង។ មិត្តភក្តិរបស់ខ្ញុំទើបតែបានដឹងពីរឿងមួយនេះ ហើយគេចង់សាកល្បងប្រើវាដែរ ដូច្នេះទើបខ្ញុំមកទីនេះ ដើម្បីរកទិញវា២កំប៉ុងទៀត”។

គួរឲ្យដឹងដែរថា ប្រមាណជា៩៤% នៃតំបន់ការពារធម្មជាតិនៅក្នុងប្រទេសចិន គឺជាព្រៃឈើ ហើយតំបន់ការពារទាំងនោះ គឺជាកន្លែងដែលពពួកខ្លាឃ្មុំផេនដារស់នៅ។ 

យ៉ាងណាមិញ គម្រោងនៃការលក់កំប៉ុងដែលមានផ្ទុកខ្យល់បរិសុទ្ធនេះ បានចាប់ផ្តើមតាំងពីឆ្នាំមុនមកម្ល៉េះ គឺនៅពេលដែលមន្ត្រីរដ្ឋបាលព្រៃឈើបានគិតគូរអំពីការលក់ខ្យល់បរិសុទ្ធទៅកាន់ប្រជាពលរដ្ឋ។ បន្ទាប់ពីបានធ្វើការពិសោធន៍ និងស្រាវជ្រាវទីផ្សាររួចមក ការិយាល័យព្រៃឈើក៏បានវិនិយោគទៅលើរោងចក្រផលិតខ្យល់បរិសុទ្ធនេះតែម្តង។

យោងទៅតាមប្រធានរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ខ្យល់បរិសុទ្ធ មួយកំប៉ុងដែលលក់នៅក្នុងតម្លៃ៣.៧ ដុល្លារនេះ គេទទួលបានប្រាក់ចំនេញប្រហែល ០.៥ ដុល្លារ៕

ប្រភព៖ បរទេស

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អភ័ព្វណាស់! ទារកម្នាក់កើតមកមានជើងជាប់គ្នាដូចមច្ឆា និងមានក្រអូមមាត់ឆែប ហើយពិការភ្នែកមួយចំហៀងទៀត

ថៃ៖ គួរឲ្យសោកសង្រេងចំពោះស្ថានភាពទារក អាយុ១០ខែម្នាក់ កើតមកមានរូបរាងមិនប្រក្រតី ជើងទាំងពីរជាប់គ្នាមើលទៅប្រៀបដូចជាកូនមច្ឆា។ មិនតែប៉ុណ្ណោះ ទម្រង់មុខខុសទ្រង់ទ្រាយ មានក្រអូមមាត់ឆែប ហើយថែមទាំងពិការភ្នែកមួយចំហៀងទៀតផង។

ទារក Jermkwan Krathumnat ហៅ Kwan អាយុ១០ខែ រស់នៅក្នុងខេត្ត Kananchaburi ប្រទេសថៃ ។ នៅពេល Kwan ទៅទទួលបានការព្យាបាលដំបូង វេជ្ជបណ្ឌិតជាច្រើន មានការភ្ញាក់ផ្អើលដោយពុំអាចសន្មត់អំពីភេទ ថាជាប្រុស ឬស្រីទេ ដោយសារជើងជាប់គ្នា បិទជិតប្រដាប់ភេទ។ វេជ្ជបណ្ឌិតបានសន្និដ្ឋានថា នេះជាជំងឺចម្លែកម្យ៉ាងឈ្មោះថា Sirenomelia ធ្វើឲ្យទារកមានរូបរាងស្រដៀងមច្ឆា ពោលគឺជើងទាំងពីរស្អិតជាប់គ្នា។

ស្ថានភាពជំងឺរបស់ Kwan ទារកកំសត់រូបនេះ បានធ្វើឲ្យមហាជនមានក្តីអាណិតអាសូរ រំជួលចិត្តគ្រប់ៗគ្នា។ គួរឲ្យដឹងថា អតីតសង្ឃ និងជាម្ចាស់មូលនិធិសប្បុរសធម៌ ឈ្មោះ Mr Bhin បានប្រកាសរកជំនួយសប្បុរសនៅក្នុងបណ្តាញសង្គម។ លោកបានបរិច្ចាគថវិកាចំនួនជាង ៨៥៨ដុល្លារ និងមានក្រុមហ៊ុនទូរទស្សន៍ក្នុងស្រុកមួយ បរិច្ចាគថវិកាជិត៣០០ដុល្លារផងដែរ សម្រាប់ចំណាយលើថ្លៃព្យាបាល និងចិញ្ចឹមទារក។

ឪពុកម្តាយ និងគ្រួសាររបស់ទារក Kwan សុទ្ធតែជួបការលំបាក រកប្រាក់មកព្យាបាលជំងឺ ទើបដូច្នោះហើយ បានជាមានការបង្កើតមូលនិធិសប្បុរសធម៌មួយឡើង នៅលើបណ្តាញសង្គម។

សព្វថ្ងៃទារក Kwan កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Srirat ទីក្រុងបាងកក ចំនែកឯក្រុមគ្រួសារវិញ ត្រូវធ្វើដំណើរចំងាយ ១២០គីឡូម៉ែត្រ រាល់ពេលដែលចង់មកសួរសុខទុក្ខម្តងៗ។

ចំពោះស្ថានភាពជំងឺវិញ វេជ្ជបណ្ឌិតមិនទាន់ច្បាស់នៅឡើយទេថា ជើងទាំងពីរដែលជាប់គ្នានោះ មានបញ្ហា ឬអត់ ទាល់តែចាំមើលពេលធំលូតលាស់បន្តិចសិន តែអ្វីដែលសំខាន់គឺត្រូវព្យាបាលក្រអូមមាត់ឆែបរបស់ Kwan សិន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]