ថៃ៖ គួរឲ្យសោកសង្រេងចំពោះស្ថានភាពទារក អាយុ១០ខែម្នាក់ កើតមកមានរូបរាងមិនប្រក្រតី ជើងទាំងពីរជាប់គ្នាមើលទៅប្រៀបដូចជាកូនមច្ឆា។  មិនតែប៉ុណ្ណោះ ទម្រង់មុខខុសទ្រង់ទ្រាយ មានក្រអូមមាត់ឆែប ហើយថែមទាំងពិការភ្នែកមួយចំហៀងទៀតផង។

ទារក Jermkwan Krathumnat ហៅ Kwan អាយុ១០ខែ រស់នៅក្នុងខេត្ត Kananchaburi ប្រទេសថៃ ។ នៅពេល Kwan ទៅទទួលបានការព្យាបាលដំបូង វេជ្ជបណ្ឌិតជាច្រើន មានការភ្ញាក់ផ្អើលដោយពុំអាចសន្មត់អំពីភេទ ថាជាប្រុស ឬស្រីទេ ដោយសារជើងជាប់គ្នា បិទជិតប្រដាប់ភេទ។ វេជ្ជបណ្ឌិតបានសន្និដ្ឋានថា នេះជាជំងឺចម្លែកម្យ៉ាងឈ្មោះថា Sirenomelia ធ្វើឲ្យទារកមានរូបរាងស្រដៀងមច្ឆា ពោលគឺជើងទាំងពីរស្អិតជាប់គ្នា។

ស្ថានភាពជំងឺរបស់ Kwan ទារកកំសត់រូបនេះ បានធ្វើឲ្យមហាជនមានក្តីអាណិតអាសូរ រំជួលចិត្តគ្រប់ៗគ្នា។  គួរឲ្យដឹងថា អតីតសង្ឃ និងជាម្ចាស់មូលនិធិសប្បុរសធម៌ ឈ្មោះ Mr Bhin បានប្រកាសរកជំនួយសប្បុរសនៅក្នុងបណ្តាញសង្គម។ លោកបានបរិច្ចាគថវិកាចំនួនជាង ៨៥៨ដុល្លារ  និងមានក្រុមហ៊ុនទូរទស្សន៍ក្នុងស្រុកមួយ បរិច្ចាគថវិកាជិត៣០០ដុល្លារផងដែរ សម្រាប់ចំណាយលើថ្លៃព្យាបាល និងចិញ្ចឹមទារក។

ឪពុកម្តាយ និងគ្រួសាររបស់ទារក Kwan សុទ្ធតែជួបការលំបាក រកប្រាក់មកព្យាបាលជំងឺ ទើបដូច្នោះហើយ បានជាមានការបង្កើតមូលនិធិសប្បុរសធម៌មួយឡើង នៅលើបណ្តាញសង្គម។

សព្វថ្ងៃទារក Kwan កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Srirat ទីក្រុងបាងកក ចំនែកឯក្រុមគ្រួសារវិញ ត្រូវធ្វើដំណើរចំងាយ ១២០គីឡូម៉ែត្រ រាល់ពេលដែលចង់មកសួរសុខទុក្ខម្តងៗ។

ចំពោះស្ថានភាពជំងឺវិញ វេជ្ជបណ្ឌិតមិនទាន់ច្បាស់នៅឡើយទេថា ជើងទាំងពីរដែលជាប់គ្នានោះ មានបញ្ហា ឬអត់ ទាល់តែចាំមើលពេលធំលូតលាស់បន្តិចសិន តែអ្វីដែលសំខាន់គឺត្រូវព្យាបាលក្រអូមមាត់ឆែបរបស់ Kwan សិន៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ស្រៀវសាច់! គ្រូពេទ្យទាញដង្កូវចម្លែក ២ក្បាលពីក្នុងត្រចៀក និងក របស់កូនឆ្មាកម្សត់មួយក្បាល

អាមេរិក៖ ឆ្មាជាសត្វស្លូតបូត និងគួរឲ្យស្រលាញ់មួយប្រភេទ ដែលមនុស្សទូទៅតែងតែយកវាមកធ្វើជាសត្វចិញ្ចឹម។ លើសពីនេះ វាក៏មានសមត្ថភាពពិសេស ក្នុងការចាប់សត្វចង្រៃតូចៗនៅក្នុងផ្ទះផងដែរ ដែលធ្វើឲ្យមនុស្សទូទៅស្រលាញ់សត្វនេះកាន់តែខ្លាំងឡើង។

ដោយឡែក កូនឆ្មាកម្សត់មួយ ត្រូវបានអ្នកស្រលាញ់សត្វចិត្តធម៌ម្នាក់ ប្រទះឃើញវាកំពុងដើរតែលតោល និងស្ថិតក្នុងសភាពដូចត្រូវរបួស នៅក្នុងកន្លែងចតឡានមួយកន្លែងក្នុងទីក្រុង Florence នៃរដ្ឋ Kentucky សហរដ្ឋអាមេរិក។

ដោយក្ដីអាណិតអាសូរ អ្នកស្រលាញ់សត្វចិត្តបុណ្យរូបនោះក៏បានចាប់វាដាក់ក្នុងឡាន និងយកវាទៅកាន់បសុពេទ្យក្នុងតំបន។

ផ្ទុយខុសស្រឡះពីការគិតថា ឆ្មានោះត្រូវបានរងរបួសដោយសារការយាយីពីសត្វធំៗ ក្រុមគ្រូពេទ្យបានបង្ហាញនូវការភ្ញាក់ផ្អើលមួយ ដែលនោះគឺជាដង្កូវស៊ីសាច់មួយប្រភេទ ចោះទម្លុះ និងរស់នៅក្នុងត្រចៀក និង ក របស់ឆ្មាកម្សត់នោះ។

ក្រុមគ្រូពេទ្យបានចាប់កូនឆ្មាយ៉ាងណែន និងយកកន្ត្រៃមកចាប់ទាញដង្កូវនោះចេញពីវាម្ដងមួយៗ ដែលតាមរយៈឃ្លីបវីដេអូ ពិតជាមើលទៅគួរឲ្យស្រៀវសាច់បំផុត។

ឆ្មាតូចនោះបានស្រែកយំ ដោយការឈឺចាប់ ប៉ុន្ដែយ៉ាងណាក៏វាបានរួចផុតពីការយាយីរបស់ដង្កូវស៊ីសាច់ដ៏ធំនេះដែរ។

យ៉ាងណាមិញ ក្រុមគ្រូពេទ្យបានបង្ហាញថា ដង្កូវនេះជាប្រភេទដង្កូវ Cuterebra ដែលដង្កូវប្រភេទនេះរស់នៅដោយ កកេរស៊ីសាច់ និងរស់នៅក្នុងសាច់សត្វដទៃដើម្បីស៊ីឈាម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]