ហ្ស៊ីមបាវេថ្មីៗនេះវីដេអូឃ្លីបរន្ធត់មួយ បង្ហាញពីទិដ្ឋភាពអ្នកភូមិ រស់នៅក្នុងប្រទេសហ្ស៊ីមបាវេ វះពោះក្រពើយក្សមួយក្បាល ដើម្បីយកសាកសពកុមារា អាយុ៨ឆ្នាំម្នាក់ដែលបានស៊ី។ នេះបើយោងតាមការចុះផ្សាយ ទីសារព័ត៌មានដេលីម៉ែល។

រូបភាពក្នុងវីដេអូឃ្លីបនេះ ត្រូវបានថតឡើងតាមរយៈទូរស័ព្ទដៃស្មាតហ្វូន របស់អ្នកស្រុកដែលបានឃើញ ហេតុការណ៍ផ្ទាល់ភ្នែក ស្ថិតក្នុងភូមិ Mushumbi Pools ខេត្ត Mashonaland ភាគខាងជើង ប្រទេសហ្ស៊ីមបាវេ (Zimbabwe) ។ ក្នុងនោះគេឃើញ ពីសកម្មភាពរបស់បុរសម្នាក់ បាននឹងកំពុងតែទាញយកបំណែកសាកសព របស់កុមារាដែលបានស្លាប់នោះ ដាក់នៅលើភួយពណ៌ប្រផេះមួយ ក្បែរសាកសពសត្វក្រពើ។ មន្រ្តីប៉ូលិសក្នុងតំបន់ និងអ្នកភូមិជាច្រើនផ្សេងទៀត ក៏ត្រូវបានឃើញ នាំគ្នាឈរចោមរោមទិដ្ឋភាពនោះ ព្រោងព្រាតផងដែរ។

ប្រភពតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកភូមិជាច្រើនបានកើតការសង្ស័យ ដោយជឿជាក់ថា ក្រពើមួយក្បាលខាងលើនេះ បានស៊ីកុមារារងគ្រោះ ទើបពួកគេសម្រេចចិត្តបាញ់ សម្លាប់វាចោលតែម្តង។ ហើយនៅពេលដែលអ្នកភូមិ ចាប់វះពោះរបស់វា ក៏ស្រាប់តែប្រទះឃើញសាកសពកុមារា ដែលមិនត្រូវបានបង្ហាញសញ្ញាណនោះ យ៉ាងពិតប្រាកដមែន ស្ថិតក្នុងរូបភាពដ៏គួរឲ្យរន្ធត់ចិត្តយ៉ាងខ្លាំង។ លុះ២ថ្ងៃក្រោយមក បន្ទាប់ពីរៀបចំធ្វើពិធីបុណ្យរួចរាល់ ពួកគេក៏បានយកសាកសព ក្មេងប្រុសខាងលើទៅបញ្ចុះ (កប់) ផងដែរ។

អ្នករាយការណ៍ក្នុងតំបន់ លោក Simbarashe Sithole បានឲ្យដឹងថា «ក្រពើមួយក្បាលនោះត្រូវបានគេបាញ់សម្លាប់ រួចហើយក៏ចាប់វះពោះរបស់វា ហើយក៏ឃើញសាកសពកុមារារងគ្រោះ នៅខាងក្នុងតែម្តង»

គួរឲ្យដឹងដែរថា ថ្មីៗនេះក្នុងប្រទេសហ្ស៊ីមបាវេ បានទទួលរងនូវការវាយប្រហារ ដោយភ្លៀវធ្លាក់យ៉ាងខ្លាំងជោគជាំ ជាហេតុធ្វើឲ្យផ្ទៃទឹកទន្លេ និងទំនប់ឡើងខ្ពស់ ដែលជាមូលហេតុហូរនាំយកសត្វក្រពើ ចូលមកក្នុងតំបន់របស់អ្នកស្រុករស់នៅ ដោយយើងមើលនឹងភ្នែកធម្មតា សឹងតែមិនឃើញឡើយ។

ទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ខ្លារខិនមួយក្បាល ត្រូវហ្វូងឆ្កែអ្នកប្រមាញ់ ខាំហែកស៊ីយ៉ាងសាហាវ រហូតទាល់តែងាប់ (មានវីដេអូ)

ណាមីប៊ី៖ វីដេអូឃ្លីបដ៏គួរព្រឺព្រួចមួយ ថតជាប់ទិដ្ឋភាពរបស់ខ្លារខិនអភ័ព្វមួយក្បាល នៅតំបន់ព្រៃមួយកន្លែង ក្នុងប្រទេសណាមីប៊ី ត្រូវបានវាយប្រហារដោយសត្វឆ្កែ៤ក្បាល របស់ក្រុមអ្នកបរបាញ់សត្វព្រៃខុសច្បាប់ សម្រុកក្បាលគ្នាខាំហែកស៊ីទាំងកំរោល មុនពេលវាត្រូវបានវាយ នឹងដំបងព្រនង់រហូតដល់ងាប់។

ជាក់ស្តែង តាមរយៈរូបភាពក្នុងវីដេអូឃ្លីប គេអាចលឺសូរសម្លេងសើច របស់ក្រុមអ្នកបរបាញ់សត្វព្រៃខុសច្បាប់ខាងលើ ខណៈដែលពួកគេកំពុងតែ នាំគ្នាសម្លឹងឈរមើលសត្វឆ្កែរបស់ខ្លួន ដណ្តើមគ្នាខាំហែកស៊ីខ្លារខិន។

ក្នុងនោះគេឃើញទៀតថាដែរថា ខ្លារខិនដ៏គួរឲ្យអាណិតខាងលើនេះ បានដេកដួលនៅនឹងដី ខណៈខ្លួនវាអស់សមត្ថភាពនឹងតបត។ ក្រោយមក ម្នាក់ក្នុងចំណោមក្រុមអ្នកប្រមាញ់ ក៏បានយកដំបងឈើដ៏វែងមួយ ទៅរុញបុកមាត់របស់ខ្លារខិនខាងលើនេះ មុនពេលដែលអ្នកប្រមាញ់ផ្សេងទៀត ចូលមកវាយប្រហារវា ដោយប្រើពូថៅកាប់សម្លាប់យ៉ាងអាក្រក់បំផុត។

លោក Audrey Delsink ប្រធាននៃមនុស្សធម៌អន្តរជាតិ (Humane Society International) បានមានប្រសាសន៍ថា «ការវាយប្រហារនេះ (ប្រមាញ់) គឺជារឿងមួយដ៏គួរឲ្យរន្ធត់ចិត្តយ៉ាងខ្លាំង នៅទូទាំងប្រទេសណាមីប៊ី និងពិភពលោកទាំងមូល» ។

អ្នកស្រី Nasha Kalinina អ្នកនាំពាក្យ ពីខាង International Trade Policy Specialist រួមជាមួយនឹងខាង Humane Society International បានថ្លែងដែរថា «គ្មានវិធីសាស្រ្តសម្លាប់ដ៏ត្រឹមត្រូវណាមួយ ត្រូវបានលើកយកមកបង្ហាញឡើយ។ មានន័យថា រាល់ការសម្លាប់ទាំងអស់ គឺប្រព្រឹត្តទៅដូចជាអន្ទាក់ដ៏ឃោរឃៅ ការដាក់ថ្នាំបំពុល និងការបរបាញ់ដោយប្រើសត្វឆ្កែជា។ រឿងដែលជាបញ្ហានោះ បុរសទាំងអស់ (ក្រុមអ្នកប្រមាញ់) ក្នុងវីដេអូឃ្លីបនេះ យើងអាចមើលឃើញថា ពួកគេមានកាំភ្លើងនៅជាប់នឹងខ្លួន ប៉ុន្តែបែរជាមិនប្រើប្រាស់វាទៅវិញ» ។

អ្នកស្រីបានឲ្យដឹងទៀតថា «ពួកយើងចង់មានការហាមឃាត់ ក្នុងការសម្លាប់សត្វ ដោយប្រើវិធីសាស្រ្តបែបនេះ ដូចជា ការដាក់អន្ទាក់ ដាក់ថ្នាំបំពុល ប្រមាញ់ដោយប្រើសត្វឆ្កែ និងការប្រើប្រាស់ដំបងព្រនង់វាយជាដើម។ ព្រោះទាំងអស់នោះ វាបណ្តាលឲ្យរងការឈឺចាប់ យ៉ាងធ្ងន់ធ្ងរទៅលើសត្វ»។

គួរឲ្យដឹងដែរថា ក្រុមអ្នកប្រយុទ្ធប្រឆាំងការពារសត្វព្រៃ ជឿជាក់ថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅកសិដ្ឋានមួយកន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងកសិកម្ម ដែលមានទីតាំងស្ថិតនៅភាគខាងកើត ឧទ្យានជាតិ Waterberg Plateau National Park នៃប្រទេសណាមីប៊ី។ ខាងក្រុមអ្នកប្រយុទ្ធប្រឆាំងការពារសត្វព្រៃខាងលើ បានធ្វើការស្នើរសុំឲ្យខាង រដ្ឋាភិបាលក្នុងតំបន់ គួរណាស់ចាត់វិធានការទប់ស្កាត់ និងចេញគោលការណ៍ហាមឃាត់ លើការសម្លាប់សត្វព្រៃស្ថិតក្នុងរូបភាព ដ៏គួរឲ្យរន្ធត់នេះផងដែរ។

ទោះបីជាយ៉ាងណាក្តី ទាក់ទងជាមួយនឹងវីដេអូឃ្លីប ដែលត្រូវបានបែកធ្លាយនេះ បច្ចុប្បន្នកំពុងតែស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ដើម្បីតាមចាប់ខ្លួនជនល្មើស មកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]