ណាមីប៊ី៖ វីដេអូឃ្លីបដ៏គួរព្រឺព្រួចមួយ ថតជាប់ទិដ្ឋភាពរបស់ខ្លារខិនអភ័ព្វមួយក្បាល នៅតំបន់ព្រៃមួយកន្លែង ក្នុងប្រទេសណាមីប៊ី ត្រូវបានវាយប្រហារដោយសត្វឆ្កែ៤ក្បាល របស់ក្រុមអ្នកបរបាញ់សត្វព្រៃខុសច្បាប់ សម្រុកក្បាលគ្នាខាំហែកស៊ីទាំងកំរោល មុនពេលវាត្រូវបានវាយ នឹងដំបងព្រនង់រហូតដល់ងាប់។

ជាក់ស្តែង តាមរយៈរូបភាពក្នុងវីដេអូឃ្លីប គេអាចលឺសូរសម្លេងសើច របស់ក្រុមអ្នកបរបាញ់សត្វព្រៃខុសច្បាប់ខាងលើ ខណៈដែលពួកគេកំពុងតែ នាំគ្នាសម្លឹងឈរមើលសត្វឆ្កែរបស់ខ្លួន ដណ្តើមគ្នាខាំហែកស៊ីខ្លារខិន។

ក្នុងនោះគេឃើញទៀតថាដែរថា ខ្លារខិនដ៏គួរឲ្យអាណិតខាងលើនេះ បានដេកដួលនៅនឹងដី ខណៈខ្លួនវាអស់សមត្ថភាពនឹងតបត។ ក្រោយមក ម្នាក់ក្នុងចំណោមក្រុមអ្នកប្រមាញ់ ក៏បានយកដំបងឈើដ៏វែងមួយ ទៅរុញបុកមាត់របស់ខ្លារខិនខាងលើនេះ មុនពេលដែលអ្នកប្រមាញ់ផ្សេងទៀត ចូលមកវាយប្រហារវា ដោយប្រើពូថៅកាប់សម្លាប់យ៉ាងអាក្រក់បំផុត។

លោក Audrey Delsink ប្រធាននៃមនុស្សធម៌អន្តរជាតិ (Humane Society International) បានមានប្រសាសន៍ថា «ការវាយប្រហារនេះ (ប្រមាញ់) គឺជារឿងមួយដ៏គួរឲ្យរន្ធត់ចិត្តយ៉ាងខ្លាំង នៅទូទាំងប្រទេសណាមីប៊ី និងពិភពលោកទាំងមូល»

អ្នកស្រី Nasha Kalinina អ្នកនាំពាក្យ ពីខាង International Trade Policy Specialist រួមជាមួយនឹងខាង Humane Society International បានថ្លែងដែរថា «គ្មានវិធីសាស្រ្តសម្លាប់ដ៏ត្រឹមត្រូវណាមួយ ត្រូវបានលើកយកមកបង្ហាញឡើយ។ មានន័យថា រាល់ការសម្លាប់ទាំងអស់ គឺប្រព្រឹត្តទៅដូចជាអន្ទាក់ដ៏ឃោរឃៅ ការដាក់ថ្នាំបំពុល និងការបរបាញ់ដោយប្រើសត្វឆ្កែជា។ រឿងដែលជាបញ្ហានោះ បុរសទាំងអស់ (ក្រុមអ្នកប្រមាញ់) ក្នុងវីដេអូឃ្លីបនេះ យើងអាចមើលឃើញថា ពួកគេមានកាំភ្លើងនៅជាប់នឹងខ្លួន ប៉ុន្តែបែរជាមិនប្រើប្រាស់វាទៅវិញ»

អ្នកស្រីបានឲ្យដឹងទៀតថា «ពួកយើងចង់មានការហាមឃាត់ ក្នុងការសម្លាប់សត្វ ដោយប្រើវិធីសាស្រ្តបែបនេះ ដូចជា ការដាក់អន្ទាក់ ដាក់ថ្នាំបំពុល ប្រមាញ់ដោយប្រើសត្វឆ្កែ និងការប្រើប្រាស់ដំបងព្រនង់វាយជាដើម។ ព្រោះទាំងអស់នោះ វាបណ្តាលឲ្យរងការឈឺចាប់ យ៉ាងធ្ងន់ធ្ងរទៅលើសត្វ»

គួរឲ្យដឹងដែរថា ក្រុមអ្នកប្រយុទ្ធប្រឆាំងការពារសត្វព្រៃ ជឿជាក់ថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅកសិដ្ឋានមួយកន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងកសិកម្ម ដែលមានទីតាំងស្ថិតនៅភាគខាងកើត ឧទ្យានជាតិ Waterberg Plateau National Park នៃប្រទេសណាមីប៊ី។ ខាងក្រុមអ្នកប្រយុទ្ធប្រឆាំងការពារសត្វព្រៃខាងលើ បានធ្វើការស្នើរសុំឲ្យខាង រដ្ឋាភិបាលក្នុងតំបន់ គួរណាស់ចាត់វិធានការទប់ស្កាត់ និងចេញគោលការណ៍ហាមឃាត់ លើការសម្លាប់សត្វព្រៃស្ថិតក្នុងរូបភាព ដ៏គួរឲ្យរន្ធត់នេះផងដែរ។

ទោះបីជាយ៉ាងណាក្តី ទាក់ទងជាមួយនឹងវីដេអូឃ្លីប ដែលត្រូវបានបែកធ្លាយនេះ បច្ចុប្បន្នកំពុងតែស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ដើម្បីតាមចាប់ខ្លួនជនល្មើស មកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ស្រៀវសាច់! បុរសម្នាក់ធ្លាក់ពីជាន់ទី២ មកក្រោមជុងរបងដែកជាប់គូទ ស្រែករកពុទ្ធោ (មានវីដេអូ)

ចិន៖ ហេតុការណ៏រន្ធត់មួយបានកើតឡើង ដោយមានបុរសម្នាក់បានធ្លាក់ពីលើអគារមកដី ជុងគូទជាប់នឹងរបងដែក ស្រែកទ្រហោរដោយភាពឈឺចាប់។

ឧប្បត្តិហេតុនេះ បានកើតឡើងនៅសួនឧស្សាហកម្មស៊ីអាន ដែលមានទីតាំងនៅក្នុងទីក្រុងស៊ីអាន ខេត្តសាអានស៊ី ប្រទេសចិន។

នៅពេលកើតហេតុនោះ គឺបុរសរងគ្រោះកំពុងតែតម្លើងម៉ាស៊ីនត្រជាក់នៅជាន់ទី២នៃអគារ ស្រាប់តែគាត់បានធ្លាក់មកដីតែម្តង។ សំណាងមិនល្អ បុរសនេះមិនបានធ្លាក់មកផ្ទាល់នឹងដីទេ គឺគេបានធ្លាក់មកជុងគូទជាប់នឹងរបងដែកដែលនៅខាងក្រោមអគារនោះ ដែលបានធ្វើឲ្យកំប៉េះគូទរបស់គាត់ទាំងសងខាង ត្រូវបានដែកស្រួច២ដើមចាក់ចូលយ៉ាងឈឺផ្សារ។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញថា ក្រុមជួយសង្គ្រោះកំពុងព្យាយាមកាត់របងដែកដែលជុងជាប់នឹងគូទបុរសនោះ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការបញ្ជូនបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យ។

ចុងក្រោយ បុរសនោះក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការវះកាត់ និងព្យាបាលរបួស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]