មនុស្សយើងម្នាក់ៗតែងតែមានទម្លាប់ជាក់លាក់ជាច្រើន ដែលគិតថាទម្លាប់ទាំងនោះមានសារៈសំខាន់ណាស់ សម្រាប់សុខភាព និងរូបរាងកាយរបស់យើង។ ប៉ុន្តែជាក់ស្តែង ទម្លាប់ប្រចាំថ្ងៃក្នុងនោះមួយចំនួន បែរជាគ្មានប្រយោជន៍ សម្រាប់សុខភាពអ្វីឡើយ។

ចង់ដឹងថាមានអ្វីខ្លះ តាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ!

១. ទម្លាប់ទទួលទានថ្នាំវីតាមីន

ការទទួលទានថ្នាំវីតាមីន ឬប្រភេទថ្នាំបំប៉នផ្សេងៗ មិនបានកាត់បន្ថយហានិភ័យ ការកើតជំងឺផ្សេងៗ មិនបានជួយបង្កើនការចងចាំ ឬជួយបំប៉នកម្លាំងអ្វីនោះទេ។ ក្រុមអ្នកវិទ្យាសាស្រ្តមួយនៅឯសហរដ្ឋអាមេរិក បានសន្និដ្ឋានការធ្វើតេស្តលើមនុស្សជាង ៤៥០,០០០ នាក់ ឃើញថាការទទួលទានវីតាមីនជំនួយចម្រុះបែបនេះ បែរជាមានផលប៉ះពាល់អវិជ្ជមានលើសុខភាពរបស់អ្នក ទៅវិញទេ។ 

២. ទម្លាប់ប្រើទឹកលាងដៃ គ្មានជាតិអាល់កុល

ទឹកលាងដៃ ដែលមនុស្សសម័យឥលូវចូលចិត្តប្រើប្រាស់ ពិតជាអាចជួយកម្ចាត់បាក់តេរី និងមេរោគបាន ប៉ុន្តែក្នុងករណីតែទឹកលាងដៃ ដែលមានជាតិអាល់កុល ៦០% ឡើងប៉ុណ្ណោះ។ ទឹកលាងដៃក្រៅពីនេះ គ្មានប្រសិទ្ធភាព ជួយកម្ចាត់មីក្រូសារពាង្គកាយកខ្វក់បានឡើយ។ ហេតុនេះ ជម្រើសដែលត្រឹមត្រូវបំផុត គឺលាងសម្អាតដៃ ជាមួយនឹងសាប៊ូ។ 

៣. ទម្លាប់មិនទទួលទានប៊ីចេង

យើងធ្លាប់តែឮគេនិយាយថា ប៊ីចេង អាចធ្វើឲ្យមនុស្សចង់ក្អួត និងឈឺក្បាល ព្រមទាំងកើតជំងឺផ្សេងទៀត នៅរយៈពេលយូរ។ ប៉ុន្តែ ជាក់ស្តែង វាអាចបង្កបញ្ហាទាំងនេះបានតែក្នុងករណីអ្នកទទួលទានប៊ីចេងផ្ទាល់ លើសពី ៣ ក្រាមប៉ុណ្ណោះ។ ហេតុនេះ ទោះបីជាអ្នកប្រើប្រាស់ ឬមិនប្រើប្រាស់ប៊ីចេងក៏ដោយ ក៏វាមិនមានអ្វីប៉ះពាល់ដល់អ្នកដែរ។ 

៤. ទម្លាប់ទទួលទានតែបន្លែ និងផ្លែឈើ

មនុស្សយើងសព្វថ្ងៃនេះ មានរបបអាហារ ដែលសម្រាប់បំបាត់ជាតិពុលផ្ទាល់ខ្លួន សម្រាប់ធានាថារាងកាយ នឹងគ្មានជាតិពុលយាយី។ គួរបញ្ជាក់ផងដែរថា របបអាហារទាំងនោះមនុស្សយើងភាគច្រើនគិតថាជាបន្លែ និងផ្លែឈើប៉ុណ្ណោះ ហេតុនេះ ប្រសិនបើអ្នកពិតជាទទួលទានអាហារបែបនេះច្រើនលើសហួសហេតុ រាងកាយអ្នកមិនអាចបញ្ចេញជាតិពុលបានគ្រប់គ្រាន់ ដូចដែលអ្នកគិតនោះទេ។ 

៥. ទម្លាប់ទទួលទានអាហារគ្មានគីមី

នៅតាមបណ្តាប្រទេសជាច្រើន គ្មានច្បាប់ណា ដែលហាមឃាត់មិនឲ្យបិទផ្លាកសម្គាល់លើផលិតផលថា “ជារបស់ធម្មជាតិ” “គ្មានជាតិគីមី” អ្វីនោះទេ។ ជាការពិត ភាគច្រើន វាគ្រាន់តែជា យុទ្ធសាស្រ្តទីផ្សារ សម្រាប់ទាក់ទាញអតិថិជនប៉ុណ្ណោះ។ ហេតុនេះ អ្នកអាចជ្រើសរើសទិញទំនិញ ដែលធម្មតាៗទៅបានហើយ ពីព្រោះតាមពិតវាគ្មានខុសគ្នាអ្វីឡើយ។ 

៦. ទម្លាប់មិនប្រើម៉ាស៊ីន Microwave

គេជឿថា ការកម្តៅម្ហូបអាហារ ក្នុងម៉ាស៊ីន Microwave អាចធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមក្នុងអាហារ។ ប៉ុន្តែ ជាក់ស្តែង ការប្រើប្រាស់ ចង្ក្រានហ្គាស ឬម៉ាស៊ីនដុតនំ កម្តៅ ក៏កាន់តែយ៉ាប់យ៉ឺនជាង ការប្រើម៉ាស៊ីន Microwave ទៅទៀត ដោយ Microwave វាមិនត្រឹមតែមានភាពងាយស្រួលប៉ុណ្ណោះទេ វាថែមទាំងអាចរក្សាសារធាតុវីតាមីន C ឲ្យនៅក្នុងអាហារបាន មិនដូចពីការគិតរបស់មនុស្សភាគច្រើនឡើយ។ 

៧. ទម្លាប់ទទួលទានតែផលិតផលគ្មានជាតិខ្លាញ់

រាងកាយរបស់មនុស្សក៏ទាមទារ នូវជាតិខ្លាញ់ដែរ ហេតុនេះ ការទទួលទានអាហារដែលសំបូរជាតិខ្លាញ់ល្អសម្រាប់សុខភាព គឺជារឿងត្រឹមត្រូវ មិនមែនបរិភោគតែផលិតផល គ្មានជាតិខ្លាញ់នោះទេ។ ជាក់ស្តែង ផលិតផលដែលគ្មានជាតិខ្លាញ់ទាំងនោះ មានផ្ទុកជាតិស្ករខ្ពស់ ដែលអាចប៉ះពាល់ដល់សុខភាព ថែមទៀតផង៕ 

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ទម្លាប់អាក្រក់ប្រចាំថ្ងៃទាំង ៧ ដែលកំពុងតែបំផ្លាញសុខភាពរបស់អ្នក ដោយមិនដឹងខ្លួន!

ការផ្លាស់ប្តូរទម្លាប់ដែល អ្នកឧស្សាហ៍ធ្វើជាប្រចាំ អាចមិនមែនជារឿងងាយនោះទេ។ ប៉ុន្តែអ្នកត្រូវតែដឹងថា ទម្លាប់មិនល្អមួយចំនួន វានឹងអាចធ្វើឲ្យ ប៉ះពាល់ដល់សុខភាពរាងកាយ របស់អ្នកបាន ដោយមិនខ្លួនថែមទៀតផង។

ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់មួយចំនួន ដែលអ្នកគួរតែបញ្ឃប់ ចាប់ពីថ្ងៃនេះតទៅ ៖

១. ទប់កណ្តាស់

នៅពេលដែលអ្នកប្រឹងទប់មាត់ ទប់ច្រមុះ មិនឲ្យកណ្តាស់ វានឹងធ្វើឲ្យកើនសម្ពាធក្នុងលលាដ៏ក្បាល រហូតបង្អាក់លំហូរឈាម ក្នុងសរសៃឈាម និងប្រព័ន្ធសរសៃប្រសាទ ដែលអាចបង្កឲ្យអ្នក ឈឺក្បាល ដាច់សរសៃឈាម និងអាចមានបញ្ហាត្រចៀកថែមទៀត។

២. ប្រើប្រាស់ទឹកអប់

សារធាតុសំយោគ ដែលមានក្នុងទឹកអប់ មានក្លិនឈួលខ្លាំង ជាងប្រេងក្រអូបបែបធម្មជាតិ។ មិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកប្រើប្រាស់វិលមុខ ចង់ក្អួត រហូតអាចរលាកភ្នែក បំពង់ក និងស្បែកទៀតផង។ ហេតុនេះ អ្នកគួរតែងាកមកប្រើប្រេងក្រអូបធម្មជាតិវិញ ទើបជាការប្រសើរ។

៣. រក្សាទុកម្ហូបអាហារ ក្នុងប្រអប់ប្លាស្ទិច

ប្រអប់ប្លាស្ទិចជាច្រើន មានសារធាតុគីមីសិប្បនិម្មិតដូចជា phthalate និង bisphenol ដែលអាចជ្រាបចូលអាហារ ប្រសិនបើទុករយៈពេលយូរ រួចបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធអង់ដូគ្រីន របស់អ្នក។ ជម្រើសល្អបំផុត គឺប្រអប់ធ្វើពីកែវ ដែកអ៊ីណុក និងជាតិសេរ៉ាមិច ជាពិសេស មានស្លាកសញ្ញាសំគាល់ដូចខាងក្រោមនេះ។

៤. ដុសធ្មេញភ្លាមៗ ក្រោយទទួលទានអាហារ

ទន្តពេទ្យ បានណែនាំឲ្យអ្នកទាំងអស់គ្នា ដុសសម្អាតធ្មេញ នៅយ៉ាងហោចណាស់ក៏ ៣០ នាទី ក្រោយពេលបរិភោគអាហាររួចដែរ។ ជាពិសេស អាហារនិងភេសជ្ជៈមានអាស៊ីតច្រើន ពីព្រោះនៅពេលអ្នក ដុសធ្មេញឆាប់ពេក ច្រាសនោះនឹងរុញជាតិអាស៊ីតចូលទៅកាន់តែកៀកជាមួយនឹង សាច់ភ្លុកនៃធ្មេញ រហូតធ្វើឲ្យអ្នកមានបញ្ហាស្រៀវស្រាញ និងខូចធ្មេញជាមិនខាន។

៥. ប្រើសាប៊ូប្រឆាំងមេរោគបាក់តេរីញឹកញាប់

ពពួកបាក់តេរីមួយចំនួនធំ រស់នៅលើស្បែក មានប្រយោជន៍ ក្នុងការការពាររាងកាយរបស់មនុស្ស។ ហេតុនេះ ប្រសិនបើយើងប្រើសាប៊ូ ប្រឆាំងបាក់តេរីញឹកញាប់ វាអាចកម្ចាត់បាក់តេរីល្អ និងបណ្តោយឲ្យបាក់តេរីអាក្រក់ ចូលយាយីរាងកាយបានយ៉ាងងាយ។

៦. ស្លៀកខោខូវប៊យតឹងៗ

ទោះបីជាស្លៀកទៅទាន់សម័យក៏ពិតមែន ក៏ខោខូវប៊យតឹងៗ រឹតស្បែក និងចុងសរសៃប្រសាទរបស់អ្នកយ៉ាងខ្លាំងផងដែរ។ វាអាចបង្កជាអារម្មណ៍ មិនស្រណុកសុខស្រួលជាប្រចាំ ជាពិសេស អាចបង្កជាការឈឺចាប់ រមាស់ និងស្ពឹក ដោយសារគ្មានខ្យល់ចេញចូលថែមទៀត។

៧. ទឹកផ្លែឈើស្រស់

មនុស្សភាគច្រើន មិនដឹងទេថា ទឹកផ្លែឈើស្រស់ ផ្តល់ផលល្អ ក្នុងករណីទទួលទានតិចតួចប៉ុណ្ណោះ។ ដូចជា ទឹកទំពាំងបាយជូរស្រស់ មិនល្អសម្រាប់អ្នកលើសទំងន់ និងអ្នកកើតជំងឺទឹកនោមផ្អែមនោះទេ។ ជាពិសេស ទឹកផ្លែឈើស្រស់មាន ជាតិអាឡែហ្ស៊ីខ្លាំង និងមិនល្អចំពោះកុមារឡើយ ប្រសិនបើពួកគេទទួលទានច្រើនពេក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]