(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងរៀបចំចលនាប្រឡងប្រណាំង ថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) ក្រោមប្រធានបទ «Selfie អង្គរអច្ឆរិយៈ» នៅថ្ងៃព្រះអាទិត្យរះចំកណ្ដាល ប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមថ្ងៃទី២០ ខែមីនា ខាងមុខនេះ ដើម្បីស្វែងរកអ្នកថតរូបថត ដែលមានអ្នកគាំទ្រច្រើនជាងគេ ពីលេខ១ ដល់លេខ៣។

បើយោងតាមការជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា អ្នកដែលទទួលបានជ័យលាភី គឺទទួលបានដូចជា លិខិតសរសើរ និងរង្វាន់លើកទឹកចិត្ត ដោយអ្នកជាប់លេខ១ ទទួលបាន១លានរៀល,​ លេខ២ ទទួលបាន៨០ម៉ឺនរៀល និងលេខ៣ ទទួលបាន៥០ ម៉ឺនរៀល ដែលកម្មវិធីនេះ គ្រោងនឹងប្រព្រឹត្ត​ទៅនៅ​ចន្លោះ ម៉ោង៥៖០០នាទី ដល់ម៉ោង៧៖០០នាទីព្រឹក ពីថ្ងៃទី២០ ដល់ថ្ងែទី២១ខែមីនា ឆ្នាំ២០១៧នេះ។​

សូមរំ​ឭកថា តាមការព្យាករណ៍ទុក នៅព្រឹកព្រលឹមថ្ងៃទី២០ និង២១ ខែមីនា ឆ្នាំ២០១៧ខាងមុខ ម៉ោងប្រមាណចាប់ពី៥ ទៅ៧ ព្រឹក នៅពេលព្រះអាទិត្យ នឹងរះឡើង តាមកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត។ ហេតុការណ៍នេះ តែងទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ឃើញព្រឹត្តការណ៍ ដ៏អស្ចារ្យនេះ ហើយចង់ផ្តិតយករូបភាព​ ទុកជាអនុស្សាវរីយ៍រាប់ម៉ឺននាក់។

អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាអញ្ជើញទៅទស្សនា និងផ្ដិតយករូបភាពដ៏មហស្ចារ្យនេះ ព្រមទាំងជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ ឲ្យបានទូលំទូលាយ និងជាការចូលរួមចំណែកដល់យុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្ដៅ»។

សូមអានសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោមនេះ៖

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ប្រជាពលរដ្ឋ: ព្រៃលិចទឹកជុំវិញបឹងទន្លេសាប កំពុងរងការ​បំផ្លាញធ្ងន់ធ្ងរ បើនៅតែ​យ៉ាងនេះ ហិនហោច​អស់ហើយ

(បឹងទន្លេសាប)៖ ព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប ដែលធ្លាប់តែជាជម្រកត្រីពងកូន ខួបប្រាំងខួបវស្សានោះ បាននិងកំពុងរងការបំផ្លិចបំផ្លាញហិនហោច ជាបណ្ដើរៗហើយ ពិសេសនៅរដូវប្រាំងនេះ ផ្សែងហុយក្មួលក្មាញ់ ចេញពីការដុតព្រៃលិចទឹកទាំងនោះ កើតមានស្ទើរគ្រប់ទីកន្លែង ដែលសកម្មភាពល្មើសនេះ ហាក់គគ្លើននឹងច្បាប់ពេញទំហឹងហើយ។

ប្រជាពលរដ្ឋមូលដ្ឋាន និងក្រុមសង្គមស៊ីវិល បានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់​បទល្មើស​ទាំង​នោះ ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទេ ច្បាស់ណាស់ព្រៃរនាមលិចទឹកទាំងនោះ នឹងបាត់បង់លឿន​ក្នុងរយៈ​ពេលដ៏ខ្លីខាងមុខ ហើយបើគ្មានព្រៃលិចទឹកទេនោះ តើត្រីទៅពងកូនឯណា ពូជត្រីកម្រនឹងបាត់បង់លឿនប៉ុណ្ណា តើមានអ្វី​សម្រាប់ទប់ទល់ទឹកជំនន់ទៀត។

ក្រុមអ្នកតាមដានសកម្មភាពនេះ បានរិះគន់ថា បច្ចុប្បន្ន ពួកឈ្មួញដីមួយចំនួន បានប្រើប្រាស់គ្រឿងចក្រ ហែកហ៊ួឈូសឆាយព្រៃ​លិចទឹក ទន្ទ្រានយកដី។

ជាមួយគ្នានឹងយុទ្ធសាស្រ្តបែបថ្មី ពួកឈ្មួញបានជួលប្រជាពលរដ្ឋ នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប កាប់រានបំផ្លាញព្រៃលិច​ទឹកជាបន្តបន្ទាប់ ពេលកាប់រានបានដីហើយ ពួកគេប្រមូលទិញយកទាំងអស់ ឬមួយចំនួនណាមួយ ហើយលើកទឹកចិត្តឲ្យ​ប្រជាជនខិតខំកាប់រានបន្តទៅមុខទៀត។

ប្រជាពលរដ្ឋមួយចំនួនទៀត ក៏កាប់ព្រៃទុកសម្រាប់ធ្វើស្រែខ្លួនឯងផងដែរ បើនៅតំបន់ខ្លះ មានបឹងបួធម្មជាតិៗធំ ការធ្វើស្រែនឹង​បានផលល្អតាមហ្នឹងដែរ ប៉ុន្តែបើដីរានថ្មីនោះ មិនមានប្រភពទឹកវិញ ការធ្វើស្រែនឹងប្រឈមនឹងការខាតបង់រាល់ឆ្នាំ។

ស្ថានភាពបែបនេះ បាននិងកំពុងកើតមាន ពិសេសក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ ដែលខណៈនេះ ស្រូវរាប់រយ​ហិកតាបានស្វិតស្រពោនជាបណ្តើរៗ ព្រោះគ្មានទឹកស្រោចស្រព។ នេះបានគេហៅថា «ត្រីរស់ក៏រួច ទន្សាយក៏រួច» ព្រោះព្រៃ​ក៏ហិនហោច ទឹកក៏រីងអត់ ឯស្រូវស្រែក៏ស្កកខូចអស់។

កាលពីថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ២០១៧ កន្លងទៅ កម្លាំងក្រុមប្រតិបត្តិការពិសេស ចំនួន៧២នាក់ ត្រូវបានបញ្ជូនឲ្យចុះទៅ​បំពេញ​បេសក​កម្ម បង្ក្រាបបទល្មើសនេសាទ នៅខេត្តកំពង់ឆ្នាំ និងខេត្តកំពង់ធំ។ ការបញ្ជូនកម្លាំងពិសេសនេះ អនុវត្តតាម​អនុសាសន៍​ដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការបញ្ជាដឹកនាំផ្ទាល់របស់ នាយឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណ:កម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តបឹងទន្លេសាប។ បេសកកម្មខាងលើ គួរណាតែវាតទីដល់ស្រុកស្ទោង ខេត្តកំពង់ធំនេះហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]