ចិន៖ ក្ដីប្រាថ្នារបស់គូស្នេហ៍គ្រប់គូ គឺអាចកាន់ដៃគ្នាចូលរោងការ និងកសាងក្រុមគ្រួសារដ៏កក់ក្ដៅមួយ និងប្ដូរផ្ដាច់ដើម្បីរួមរស់ជាមួយគ្នាអស់មួយជីវិត។

ជាក់ស្ដែងគូស្នេហ៍ដែលកើតចេញពីការស្រលាញ់ ដែលគ្រាន់តែឃើញភ្លាមស្រឡាញ់ភ្លែតមួយគូក្នុងប្រទេសចិន បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ជាមួយនឹងវត្ថុបញ្ចាំចិត្ត ដែលភាគីខាងប្រុសប្រើប្រាស់ ដើម្បីសុំមិត្តស្រីរបស់ខ្លួនរៀបការ។

នៅលើទីកន្លែងសារធារណៈមួយ ដែលខាងប្រុសបានរៀបចំរួចជាស្រេច ដើម្បីធ្វើឲ្យសង្សារខ្លួនភ្ញាក់ផ្អើល មានទីតាំងស្ថិតក្នុងទីក្រុង Urumqi  ប្រទេសចិន។​​ បុរសសង្ហារឈ្មោះ Liu Fei និងមិត្តភក្ដិរបស់ខ្លួន បានត្រៀមលក្ខណៈសម្បត្តិយ៉ាងរៀបរយ ដើម្បីសុំមិត្តស្រីដែលស្រលាញ់គ្នាអស់រយៈពេល៤ឆ្នាំមកហើយរៀបការ។

ជាមួយនឹងទឹកមុខភ្ញាក់ផ្អើល មិត្តស្រីរបស់គាត់ឈ្មោះ Wang Fangfangបានដើរសំដៅមករកគូស្នេហ៍របស់ខ្លួនទាំងក្ដីរំភើប។ អ្វីដែលអស្ចារ្យ លើសពីនេះទៀតនោះ លោក Liu បានធ្វើឲ្យគូស្នេហ៍ និងមនុស្សគ្រប់គ្នានៅទីនោះមានការភ្ញាក់ផ្អើល ដោយសារវត្ថុបញ្ចាំចិត្តរបស់គាត់ចំពោះមិត្តស្រី គឺដុំអាចម៌ផ្កាយទម្ងន់៣៣តោន ដែលផុសឡើងនៅក្បែរខ្លួនរបស់នាង។

មូលហេតុដែលបណ្ដាលឲ្យបុរសខាងលើ ប្រើប្រាស់ដុំអាចម៌ផ្កាយនេះជាវត្ថុពិសេសដើម្បីសុំមិត្តស្រីគាត់រៀបការ ក៏ដោយសារតែ កាលពីពេល ពួកគេស្គាល់គ្នាដំបូង ពួកគេទាំង២ ត្រូវបានមិត្តភក្ដិនាំទៅមើអាចម៌ផ្កាយនេះ ដែលអ្នកនៅក្នុងតំបន់ Kashgar អះអាងថាដុំថ្មនេះជាអាចម៌ផ្កាយដែលគេរើសបាន។ នាង Wangក៏បានប្រាប់ទៅសង្សារនាងថា នាងចាប់អារម្មណ៍ខ្លាំងណាស់ទៅលើដុំអាចម៌ផ្កាយដ៏ធំនេះ ដែលវាបានក្លាយជាមូលហេតុដែលធ្វើឲ្យ Liu សម្រេចចិត្តទិញ ដុំអាចម៌ផ្កាយនេះដោយស្ងាត់ៗ ពីអ្នកលក់នោះ ក្នុងតម្លៃ១លានយ័ន (ប្រមាណ ១៤៤ ៦៤៥ដុល្លារអាមេរិក)។

យ៉ាងណាមិញ ជាមួយនឹងការប្រឹងប្រែងរៀបចំទីកន្លែង និងចំណាយលុយទិញដុំអាចម៌ផ្កាយដ៌ធំនេះ​ដើម្បីធ្វើឲ្យមិត្តស្រីរំជួលចិត្ត ជាលទ្ធផលកញ្ញា Wangបានយល់ព្រមរៀបការតាមសំណើររបស់គាត់ ដែលធ្វើឲ្យអ្នកនៅទីនោះ ភ្ញាក់ផ្អើល និងងឿងឆ្ងល់ថា អាចម៌ផ្កាយនោះជារបស់ពិត ឬក៏យ៉ាងណា? 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

សាកសពសត្វចម្លែកដ៏ធំមួយ ត្រូវបានគេប្រទះឃើញ នៅលើឆ្នេរសមុទ្រ (មានវីដេអូ)

អង់គ្លេស៖ ភាវៈមានជីវិតនៅលើពិភពលោក មានច្រើនប្រភេទណាស់ ចំណែកឯសត្វកម្រៗ ក៏ត្រូវបានគេរកឃើញជាបន្តបន្ទាប់ដោយភាពចៃដន្យណាមួយ។

សត្វកម្រទាំងអស់នោះ ភាគច្រើនរស់នៅក្នុងមហាសមុទ្រ ដែលជាទីកន្លែងដែលកម្រមានមនុស្សទៅដល់ ហើយយើងក៏មិនដឹងដែរថា នៅក្រោមបាតមហាសាគរដ៏ធំល្វឹងល្វើយនោះ មានផ្ទុកនូវសត្វចម្លែកៗដែលយើងមិនធ្លាប់បានឃើញ ប៉ុន្មានប្រភេទនោះដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ សាកសពសត្វចម្លែកដ៏ធំមួយក្បាល ត្រូវបានគេប្រទះឃើញនៅតាមបណ្ដោយឆ្នេរសមុទ្រ Devon ក្នុងតំបន់ Hartland នៃចក្រភពអង់គ្លេស។

បំណែកសាកសព សត្វចម្លែកនោះបានរសាត់មកទើរលើតំបន់ថ្មចម្រូងចម្រាស់ តាមបណ្ដោយឆ្នេរសមុទ្រនេះ ដែលប្រវែងបំណែកសាកសពសត្វចម្លែកមានប្រវែងដល់ទៅ ១០ម៉ែត្រ។ អ្នកប្រទះឃើញសាកសព នេះក៏បានទាក់ទងទៅមន្រ្តីពាក់ព័ន្ធដើម្បីចុះមកត្រួតពិនិត្យ ដើម្បីកំណត់ប្រភេទសត្វដ៏កម្រនេះ។

អ្នកជំនាញ បានប្រាប់ថា ពួកគេក៏ពុំទាន់កំណត់បានថា សត្វនេះជាសត្វអ្វីឲ្យពិតប្រាកដដែរ ខណៈដែលសាកសពរបស់វាបានបែកខ្ទេចមើលពុំយល់ គ្រាន់តែពួកគេបានប្រាប់ថា សត្វនេះអាចជាសត្វត្រីបាឡែន ប្រភេទ Fin ដែលវាជាប្រភេទថនិកសត្វធំជាងគេលំដាប់ទី២ក្នុងលោក បន្ទាប់ពីត្រីបាឡែនខៀវ។ ពួកគេក៏បានបន្ថែមទៀតថា សត្វត្រីបាឡែនប្រភេទ Finនេះ អាចមានប្រវែងដល់ទៅជាង២៤ម៉ែត្រ និងមានទំងន់ដល់ទៅ៨០តោនឯណោះ។

យ៉ាងណាមិញ ក្រោយធ្វើកាសន្និដ្ឋានបឋម ក្រុមអ្នកជំនាញបានរក្សាបរិវេណសត្វចម្លែកនោះទុក ដោយមិនឲ្យមានអ្នកចូលទៅក្បែរឡើយ ដោយខ្លាចសាកសពនោះអាចបង្កគ្រោះថា្នក់ដូចកាលពីលើកមុន ដែលកាលនោះសាកសពត្រីបាឡែនមួយបានផ្ទុះយ៉ាងខ្លាំងក្លាគួរឲ្យរអើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]