អង់គ្លេស៖ ភាវៈមានជីវិតនៅលើពិភពលោក មានច្រើនប្រភេទណាស់ ចំណែកឯសត្វកម្រៗ ក៏ត្រូវបានគេរកឃើញជាបន្តបន្ទាប់ដោយភាពចៃដន្យណាមួយ។

សត្វកម្រទាំងអស់នោះ ភាគច្រើនរស់នៅក្នុងមហាសមុទ្រ ដែលជាទីកន្លែងដែលកម្រមានមនុស្សទៅដល់ ហើយយើងក៏មិនដឹងដែរថា នៅក្រោមបាតមហាសាគរដ៏ធំល្វឹងល្វើយនោះ មានផ្ទុកនូវសត្វចម្លែកៗដែលយើងមិនធ្លាប់បានឃើញ ប៉ុន្មានប្រភេទនោះដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ សាកសពសត្វចម្លែកដ៏ធំមួយក្បាល ត្រូវបានគេប្រទះឃើញនៅតាមបណ្ដោយឆ្នេរសមុទ្រ Devon ក្នុងតំបន់ Hartland នៃចក្រភពអង់គ្លេស។

បំណែកសាកសព សត្វចម្លែកនោះបានរសាត់មកទើរលើតំបន់ថ្មចម្រូងចម្រាស់ តាមបណ្ដោយឆ្នេរសមុទ្រនេះ ដែលប្រវែងបំណែកសាកសពសត្វចម្លែកមានប្រវែងដល់ទៅ ១០ម៉ែត្រ។ អ្នកប្រទះឃើញសាកសព នេះក៏បានទាក់ទងទៅមន្រ្តីពាក់ព័ន្ធដើម្បីចុះមកត្រួតពិនិត្យ ដើម្បីកំណត់ប្រភេទសត្វដ៏កម្រនេះ។

អ្នកជំនាញ បានប្រាប់ថា ពួកគេក៏ពុំទាន់កំណត់បានថា សត្វនេះជាសត្វអ្វីឲ្យពិតប្រាកដដែរ ខណៈដែលសាកសពរបស់វាបានបែកខ្ទេចមើលពុំយល់ គ្រាន់តែពួកគេបានប្រាប់ថា សត្វនេះអាចជាសត្វត្រីបាឡែន ប្រភេទ Fin ដែលវាជាប្រភេទថនិកសត្វធំជាងគេលំដាប់ទី២ក្នុងលោក បន្ទាប់ពីត្រីបាឡែនខៀវ។ ពួកគេក៏បានបន្ថែមទៀតថា សត្វត្រីបាឡែនប្រភេទ Finនេះ អាចមានប្រវែងដល់ទៅជាង២៤ម៉ែត្រ និងមានទំងន់ដល់ទៅ៨០តោនឯណោះ។

យ៉ាងណាមិញ ក្រោយធ្វើកាសន្និដ្ឋានបឋម ក្រុមអ្នកជំនាញបានរក្សាបរិវេណសត្វចម្លែកនោះទុក ដោយមិនឲ្យមានអ្នកចូលទៅក្បែរឡើយ ដោយខ្លាចសាកសពនោះអាចបង្កគ្រោះថា្នក់ដូចកាលពីលើកមុន  ដែលកាលនោះសាកសពត្រីបាឡែនមួយបានផ្ទុះយ៉ាងខ្លាំងក្លាគួរឲ្យរអើម៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

រកឃើញរូបចម្លាក់ព្រះចៅផារ៉ាអ៊ុង របស់អេហ្ស៊ីបដ៏ធំ មានអាយុកាលជាង ៣០០០ឆ្នាំ ក្នុងរណ្ដៅភក់ (មានវីដេអូ)

អេហ្ស៊ីប៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយថា បុរាណវិទូមួយក្រុម មកពីប្រទេសអេហ្ស៊ីប និងអាល្លឺម៉ង់ បានរកឃើញរូបចម្លាក់ព្រះចៅផារ៉ាអ៊ុង ស្ដេចអេហ្ស៊ីប កម្ពស់៨ម៉ែត្រចំនួន១ ដែលមានអាយុកាលជាង ៣០០០ឆ្នាំ កប់នៅក្រោមរណ្ដៅភក់ ក្នុងតំបន់អនាធិបតេយ្យ នៃក្រុងគែរ ប្រទេសអេហ្ស៊ីប។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា រូបចម្លាក់ដ៏ធំមួយនេះទំនងជាត្រូវសាងសង់ឡើង ដើម្បីបង្ហាញការគោរពទៅដល់ព្រះចៅផារ៉ាអ៊ុង រ៉ាមសេស ទី២ ដែលបានគ្រប់គ្រងប្រទេសអេហ្ស៊ីប កាលពីជាង៣០០០ឆ្នាំមុន។

ប្រភពព័ត៌មានបានឲ្យដឹងថា ការរកឃើញនេះ ត្រូវបានធ្វើឡើងនៅក្បែរប្រាសាទរ៉ាមសេស ទី២ ស្ថិតក្នុងទីក្រុងបុរាណ Heliopolis ដែលបច្ចុប្បន្ន ស្ថិតនៅភាគខាងកើតរបស់ទីក្រុងគែរ។ ការរកឃើញនេះ ក៏ទទួលបានការសាទរពីសំណាក់នាយកដ្ឋានវត្ថុបុរាណ របស់ប្រទេសអេហ្ស៊ីបផងដែរ និងបានចាត់ទុកថាជាការរកឃើញដ៏មានសំខាន់បំផុតមួយ។

ប្រភពព័ត៌មានបានបន្តថា ក្រុមអ្នកជំនាញ បានប្រើប្រាស់រថយន្តស្ទូច និងអេស្កាវាទ័រ ដើម្បីលើកយកបំណែកដងខ្លួនរូបចម្លាក់ខាងលើនេះ ចេញពីក្នុងរណ្តៅឲ្យអស់ ហើយធ្វើការផ្គុំឡើងវិញ។ ប្រសិនបើការផ្គុំគ្នាធ្វើឡើងដោយជោកជ័យ រូបចម្លាក់នេះ នឹងត្រូវយកទៅដាក់នៅក្នុងសារមន្ទីរអេហ្ស៊ីប Grand Egyptian Museums នៅក្បែរ Giza Pyramids ហើយបើកឲ្យចូលទស្សនាក្នុងឆ្នាំ២០១៨។

គួរបញ្ជាក់ថា ព្រះចៅផារ៉ាអ៊ុង រ៉ាមសេស ទី២ ជាស្ដេចដ៏មានអំណាចបំផុតនៅអេហ្ស៊ីបសម័យបុរាណ។ ទ្រង់ជាស្ដេចទីបី នៃរាជវង្សទី១៩ របស់មហាក្សត្រអេហ្ស៊ីប សម័យបុរាណ ហើយព្រះអង្គបានគ្រប់គ្រងប្រទេសចាប់ពីឆ្នាំ ១២៧៩ ដល់១២១៣មុនគ.ស។

ក្នុងរយៈពេល៦៧ឆ្នាំ នៃការគ្រប់គ្រងប្រទេស ព្រះអង្គបានដឹកនាំកងកម្លាំងទាហានជាច្រើន និងពង្រីកអាណាចក្រអេហ្ស៊ីបចាប់ពីប្រទេសស៊ីរីភាគខាងកើត ទៅដល់ប្រទេស Nubia ភាគខាងត្បូង ហើយមិនតែប៉ុណ្ណោះទ្រង់ថែមទាំងបានកសាងប្រាសាទជាច្រើន និងមានបុត្រច្រើនជាងព្រះចៅផារ៉ាអ៊ុង ផ្សេងៗទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]