ឆាប់ៗខាងមុខនេះ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងបង្ហាញជូនខ្សែភាពយន្តភាគហុងកុង TVB ចំនួនពីររឿងបន្ថែមទៀត ឆ្លុះបញ្ចាំងពីរសម័យកាលផ្សេងគ្នា មួយបែបសម័យ និងមួយបែបបុរាណ ប៉ុន្តែសាច់រឿងពិតជាល្អមើល និងមិនធ្វើឲ្យប្រិយមិត្តខកបំណងឡើយ។

ខ្សែភាពយន្តទីមួយនោះគឺរឿង «អាថ៌កំបាំងមរណៈ» ដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន បន្ទាប់ពីរឿង «ជំលោះក្នុងសំណាញ់ច្បាប់»។ «អាថ៌កំបាំងមរណៈ» គឺជាភាពយន្តភាគហុងកុងបែបសម័យ ដែលទទួលបានការគាំទ្រខ្លាំងនាចុងឆ្នាំ ២០១៦ ដោយមានតារាល្បីៗជាច្រើនចូលរួមសម្តែងដូចជា៖ Vincent Wong, Roger Kwok, Rebecca Zhu និង Stephanie Ho ជាដើម។ ខ្សែភាពយន្តនេះនឹងបង្ហាញពីខ្សែជីវិតរបស់ Wai Yat Sing (Roger Kwok) ដែលត្រូវបានគេចាប់ជំរិតទៅកាន់ដែនកោះមួយនៃប្រទេសវៀតណាម។ អំឡុងពេលនៃការជាប់ឃុំឃាំងនេះ ក្រុមគ្រួសាររបស់លោក គិតថាលោកបានស្លាប់បាត់ទៅហើយ។ ដប់ឆ្នាំក្រោយ Wai Yat Sing ក៏បានវិលត្រឡប់មកវិញ តែត្រូវបាត់បង់អ្វីៗគ្រប់យ៉ាងដែលខ្លួនធ្លាប់មាន។ តើ Wai Yat Sing នឹងមានវិធានការបែបណាសម្រាប់ខ្សែជីវិតដ៏វែងឆ្ងាយ និងស្មុគស្មាញមួយនេះ?

«អាថ៌កំបាំងមរណៈ» នឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី១៧ ខែមីនានេះតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង១១ថ្ងៃត្រង់ ទៅដល់ម៉ោង១រសៀល។

ដោយឡែកខ្សែភាពយន្តភាគហុងកុងមួយបែបទៀត នឹងបង្ហាញជូនពីសាច់រឿងបែបបុរាណវិញម្តង ដែលមានចំណងជើងថា «រូបមន្តជីវិត» បន្ទាប់ពីរឿង «អធិរាជសៀងហៃ»។ អ្វីដែលធ្វើឲ្យប្រិយមិត្តប្លែកអារម្មណ៍នោះ គឺការគ្រងសម្លៀកបំពាក់បែបចិនបុរាណ រួមនឹងភាពប៉ិនប្រសប់ក្នុងការសម្តែងរបស់តួអង្គនីមួយៗ មានទាំងកំប្លែងសើចចុកពោះ កម្សត់ ស្នេហា ការតស៊ូ មិនធ្វើឲ្យប្រិយមិត្តធុញទ្រាន់ឡើយ។

«រូបមន្តជីវិត» ជាខ្សែភាពយន្តដែលពាក់ព័ន្ធជាមួយនឹងការធ្វើម្ហូបយ៉ាងចំណានរបស់តួឯកប្រុស Tony Hung (Ding Yat San) និងមានរហ័សនាមថា «អណ្តាតមាស» ដែលអាចដឹងគ្រប់រសជាតិ និងគ្រឿងផ្សំទាំងអស់នៃមុខម្ហូប និងមិនអាចមាននរណាម្នាក់អាចប្រៀបជាមួយបាន ឡើយ។ ខ្សែភាពយន្តនេះចូលរួមសម្តែងដោយ Tony Hung (Ding Yat-san) Ram Chiang (Ding Yat) Sisley Choi (Sek Yau) រួមនិងតារាល្បីៗជាច្រើនដួងទៀត។ «រូបមន្តជីវិត» នឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី២០ ខែមីនាតទៅ រៀងរាល់ថ្ងៃ ចន្ទ ដល់ ពុធ វេលាម៉ោង ១១ថ្ងៃត្រង់ ទៅដល់ម៉ោង១រសៀល នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

តើរឿងទាំងពីរនេះល្អមើលយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

អាថ៌កំបាំងមរណៈ៖

រូបមន្តជីវិត៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]