(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យក្មេងស្រស់ស្អាត គឹម កែវមរកត ហៅ អេម៉ា ខណៈដែលបច្ចុប្បន្នមានតែឈ្មោះថា រស់នៅក្នុងផលិតកម្ម «ភ្លេងវរីខត» ប៉ុន្តែធាតុពិតនាង ហាក់មិនត្រូវបាន ផលិតកម្មចាប់អារម្មណ៍ លើនាងប៉ុន្មានឡើយ អ្វីដែលសំខាន់នាងហាក់បាក់ស្រកស្រុតសម្រស់យ៉ាងខ្លាំង មើលទៅហាក់ចាស់ជាងឆ្នាំមុនៗ ខណៈដែលនាងប្រឹងប្រែង ច្រៀងតាមក្លឹបនានាផង និងរៀនផង ក្នុងពេលតែមួយ គ្មានពេលសម្រាក់គ្រប់គ្រាន់នោះទេ។

តារាចម្រៀង គឹម កែវមរកត ហៅ អេម៉ា មិនសូវមានបទចម្រៀងលក់លើទីផ្សារច្រើនឡើយ ព្រោះតារាក្នុងផលិតកម្ម «ភ្លេងវរីខត» មានច្រើន ហើយក៏បានចាកចេញបណ្ដើរៗ ហើយដែរ ស្របពេលមានតារាក្នុងផលិតកម្ម ភ្លេងរីខតតិចតួចណាស់ ដែលមានប្រជាប្រិយភាពលោតឡើងខ្លាំង។

តារាចម្រៀង អេម៉ា ថ្វីត្បិតតែមិនមានបទចម្រៀងចេញច្រើន តែនៅគេស្គាល់ថា ជាអេម៉ាភ្លេងរីខត ហើយជាតារាចម្រៀងស្រីមួយដួង ច្រៀងប្រចាំនៅ Aprus Pub និង Base club ក្រៅពីនោះនាងបានច្រៀងឲ្យ ក្រុមតន្ត្រីពីរក្រុម គឺ P Enter និង Sambath entertainment ខណៈដែលនាងបានបង្ហាញវត្តមាន ញឹកញាប់នៅក្រុម P Enter ។

ក្រៅពីមមាញឹកក្នុងអាជីពចម្រៀង គឹម កែវមរកត ពុំបានបោះបង់ការសិក្សាចោលឡើយ ពោលនាងនៅតែបន្តថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យន័រតុន ផ្នែកសំណង់ ហើយជាឆ្នាំបញ្ចប់ទៀត ដូចនេះនាងត្រូវធ្វើនិក្ខេបបទ ដើម្បីបញ្ចប់ឆ្នាំផង ច្រៀងផង ដែលរៀងរាល់យប់នាងខំធ្វើការ និងពេលថ្ងៃឡើងរៀន ទើបធ្វើឲ្យនាង ហាក់បាក់សម្រស់ចាស់ជាងមុនច្រើន។ ថ្វីត្បិតតែការរៀនធ្វើឲ្យ គឹម កែវមរកត ហាក់មានសម្ពាធច្រើន តែនាងមិនបោះបង់ចោលការសិក្សានេះឡើយ ពោលនាងតស៊ូដល់ទីបំផុត ព្រោះចង់ធ្វើជាមនុស្ស មានចំណេះដឹង សម្រាប់អនាគត ប្រសើរជាងស្រវាតែភាពល្បីល្បាញក្នុងរយៈពេលខ្លី ព្រោះចំណេះដឹងអាចធ្វើឲ្យនាង មានអនាគតភ្លឺស្វាងជាងសិល្បៈ ដែលមានតែការប្រកួតប្រជែង ប៉ុណ្ណោះ។

កញ្ញា អេម៉ា ក្រៅពីជាអ្នកសិល្បៈមានគោលជំហររឹងមាំ ចំពោះផែនការណ៍អនាគត នាងក៏ជាតារាសិល្បៈម្នាក់ ដែលម៉ឺងមាត់ ព្រមទាំងម៉ត់ចត់ថែមទៀតផង៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ផលិតករ​​រឿង​ «កំពូល​ស៊យ​ឆ្លង​ភព»​ លោក តន់ វុទ្ធី ​អស់រលីងពីខ្លូន ទើប​គ្មាន​​​លទ្ធ​​ភាព​​​សម្ពោធ​​​​​រឿង​មុន​បញ្ចាំង

(ភ្នំពេញ)៖ ពិតជាក្ដុកក្ដួលចិត្តជាពន់ពេក ខណៈដែលផលិតករភាពយន្តម្នាក់ បានសម្ដែងចេញនូវការពិតរបស់ខ្លួន គឺការចំណាយលុយថតរឿង «កំពូលស៊យឆ្លងភព» រហូតអស់រលីងពីខ្លួន និងជំពាក់ប្រាក់នៅក្នុងធនាគារបន្ថែមទៀត ធ្វើឲ្យលោកគ្មានលទ្ធភាព សម្ពោធមុនពេលដាក់បញ្ចាំងរឿងរបស់ខ្លួន ដូចបណ្ដាផលិតកម្មដទៃឡើយ។

លោក តន់ វុទ្ធី គឺជាផលិតករមួយរូបចិត្តធំ និងហ៊ានលះបង់យ៉ាងធំធេង ដើម្បីភាពយន្តខ្មែរ ដែលកម្រមានអ្នកជំនួញផ្នែកភាពយន្តណាម្នាក់ហ៊ានធ្វើដូចលោក ខណៈដែលកន្លងមក លោកធ្លាប់មានការចុះផ្សាយនូវព័ត៌មានខាងធនាគារគំរាមរឹបអូសដីស្រែ ពីផលិតកររូបនេះម្ដងរួចមកហើយ ដោយសារតែលោកខ្វះទុនបានទៅចងការលុយពីធនាគារបន្ថែម មកផលិតភាពយន្តខាងលើ។ តែស្របពេលរឿងដែលរបស់លោក ផលិតយកគុណភាពល្អត្រូវប្រើពេលវេលាយូរ ទើបធ្វើឲ្យរាំងស្ទះការប្រមូលថវិកា ពីការចាក់បញ្ចាំងមកសងធនាគារទាំងការ និងដើមវិញ។

ជាការពិតភាពយន្តនីមួយៗ នៅពេលថតចប់រួចរាល់ ម្ចាស់ផលិតកម្ម ឬផលិតករនោះ តែងតែធ្វើពិធីបើកសម្ពោធ យ៉ាងអធិកអធម ដើម្បីទាក់ទាញអ្នកទស្សនា និងដើម្បីបង្ហាញពីភាពជោគជ័យ ក្នុងការផលិតរឿងរបស់ខ្លួន ឲ្យទស្សនិកជនបានជ្រាប។ ដោយឡែកផលិតករក្នុងរឿង «កំពូលស៊យឆ្លងភព» បែរជាចេញមុខអះអាងថា ខ្លួនពុំមានលទ្ធភាពនឹងចាយទុនបន្ថែម ក្នុងការសម្ពោធរឿង នៅមុនពេលដាក់បញ្ចាំងក្នុងរោងភាពយន្តនោះទេ ពោលគឺខ្លួនកំពុងតែវ័ណ្ឌក ជំពាក់ប្រាក់ធនាគារ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់រូបលោក។

ប្រភពព័ត៌មានទម្លាយចេញឲ្យដឹងថា តាមការពិតភាពយន្តរឿង «កំពូលស៊យឆ្លងភព» ត្រូវចាក់បញ្ចាំងនៅថ្ងៃទី១៦ មីនាខាងមុខ ហើយក៏មានគម្រោង ធ្វើពិធីសម្ពោធនៅថ្ងៃទី១៥ មុនថ្ងៃចាក់បញ្ចាំងមួយថ្ងៃ ប៉ុន្តែត្រូវបានផលិតករ មិនបានធ្វើពិធីសម្ពោធទេ ព្រោះគ្មានលទ្ធភាព ខណៈដែលរឿងបានថតចប់រួចរាល់ហើយ។

ដោយឡែកជុំវិញ បញ្ហាដ៏គួរឲ្យខ្លោចចិត្តនេះ ផលិតកររឿង «កំពូលស៊យឆ្លងភព» លោក តន់ វុទ្ធី ក៏បានទទួលស្គាល់ថា នៅពេលនេះលោកពិតជាគ្មានទុនធ្វើពិធីសម្ពោធ ដើម្បីផ្សព្វផ្សាយឲ្យទស្សនិកជនបានដឹងជាព័ត៌មានទេ លោកពិតជាមានការបារម្ភខ្លាចរឿង «កំពូលស៊យឆ្លងភព» មិនមានអ្នកបានដឹង និងមិនសូវមានបងប្អូនខ្មែរ ទៅជួយគាំទ្រ។ ប៉ុន្តែធ្វើម៉េចបើលោកគ្មានជម្រើស។ ផលិតករក្រខ្សត់រូបនេះបន្តថា ទន្ទឹមនឹងការព្រួយបារម្ភនេះ លោកគ្មានពាក្យអ្វីក្រៅពី លើម្រាមដៃដប់សុំឲ្យបងប្អូនខ្មែរ ជាពិសេសយុវវ័យដែលតែងចូលរួមគាំទ្រភាពយន្តខ្មែរ សូមចូលរួមជួយលើកទឹកចិត្តលោក ដែលកំពុងប្រឈមនឹងបញ្ហាទាំងអស់នេះ។

គួរបញ្ជាក់ថា ខណៈដែលភាពយន្តរឿង «កំពូលស៊យឆ្លងភព»ចាប់ផ្ដើមផ្សព្វផ្សាយឈុតខ្លីៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានព័ត៌មានថា រឿងដំបូងរបស់ផលិតកម្ម អូហ្វីម មួយនេះ គ្រោងធ្វើពិធីសម្ពោធចាក់បញ្ចាំង នៅថ្ងៃទី១៥ មុនថ្ងៃបញ្ចាំងមួយថ្ងៃ ប៉ុន្តែសម្រាប់ព័ត៌មានផ្លូវការ និងក្ដុកក្ដួល គឺផលិតករមិនបានធ្វើពិធីសម្ពោធ ដើម្បីជូនដំណឹងដល់មហាជន ឲ្យបានដឹងទេ ព្រោះលោកគ្មានលទ្ធភាព គឺអស់ទុនពីខ្លួនតែម្ដង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]