(ភ្នំពេញ)៖ ពិតជាក្ដុកក្ដួលចិត្តជាពន់ពេក ខណៈដែលផលិតករភាពយន្តម្នាក់ បានសម្ដែងចេញនូវការពិតរបស់ខ្លួន គឺការចំណាយលុយថតរឿង «កំពូលស៊យឆ្លងភព» រហូតអស់រលីងពីខ្លួន និងជំពាក់ប្រាក់នៅក្នុងធនាគារបន្ថែមទៀត ធ្វើឲ្យលោកគ្មានលទ្ធភាព សម្ពោធមុនពេលដាក់បញ្ចាំងរឿងរបស់ខ្លួន ដូចបណ្ដាផលិតកម្មដទៃឡើយ។
លោក តន់ វុទ្ធី គឺជាផលិតករមួយរូបចិត្តធំ និងហ៊ានលះបង់យ៉ាងធំធេង ដើម្បីភាពយន្តខ្មែរ ដែលកម្រមានអ្នកជំនួញផ្នែកភាពយន្តណាម្នាក់ហ៊ានធ្វើដូចលោក ខណៈដែលកន្លងមក លោកធ្លាប់មានការចុះផ្សាយនូវព័ត៌មានខាងធនាគារគំរាមរឹបអូសដីស្រែ ពីផលិតកររូបនេះម្ដងរួចមកហើយ ដោយសារតែលោកខ្វះទុនបានទៅចងការលុយពីធនាគារបន្ថែម មកផលិតភាពយន្តខាងលើ។ តែស្របពេលរឿងដែលរបស់លោក ផលិតយកគុណភាពល្អត្រូវប្រើពេលវេលាយូរ ទើបធ្វើឲ្យរាំងស្ទះការប្រមូលថវិកា ពីការចាក់បញ្ចាំងមកសងធនាគារទាំងការ និងដើមវិញ។
ជាការពិតភាពយន្តនីមួយៗ នៅពេលថតចប់រួចរាល់ ម្ចាស់ផលិតកម្ម ឬផលិតករនោះ តែងតែធ្វើពិធីបើកសម្ពោធ យ៉ាងអធិកអធម ដើម្បីទាក់ទាញអ្នកទស្សនា និងដើម្បីបង្ហាញពីភាពជោគជ័យ ក្នុងការផលិតរឿងរបស់ខ្លួន ឲ្យទស្សនិកជនបានជ្រាប។ ដោយឡែកផលិតករក្នុងរឿង «កំពូលស៊យឆ្លងភព» បែរជាចេញមុខអះអាងថា ខ្លួនពុំមានលទ្ធភាពនឹងចាយទុនបន្ថែម ក្នុងការសម្ពោធរឿង នៅមុនពេលដាក់បញ្ចាំងក្នុងរោងភាពយន្តនោះទេ ពោលគឺខ្លួនកំពុងតែវ័ណ្ឌក ជំពាក់ប្រាក់ធនាគារ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់រូបលោក។
ប្រភពព័ត៌មានទម្លាយចេញឲ្យដឹងថា តាមការពិតភាពយន្តរឿង «កំពូលស៊យឆ្លងភព» ត្រូវចាក់បញ្ចាំងនៅថ្ងៃទី១៦ មីនាខាងមុខ ហើយក៏មានគម្រោង ធ្វើពិធីសម្ពោធនៅថ្ងៃទី១៥ មុនថ្ងៃចាក់បញ្ចាំងមួយថ្ងៃ ប៉ុន្តែត្រូវបានផលិតករ មិនបានធ្វើពិធីសម្ពោធទេ ព្រោះគ្មានលទ្ធភាព ខណៈដែលរឿងបានថតចប់រួចរាល់ហើយ។
ដោយឡែកជុំវិញ បញ្ហាដ៏គួរឲ្យខ្លោចចិត្តនេះ ផលិតកររឿង «កំពូលស៊យឆ្លងភព» លោក តន់ វុទ្ធី ក៏បានទទួលស្គាល់ថា នៅពេលនេះលោកពិតជាគ្មានទុនធ្វើពិធីសម្ពោធ ដើម្បីផ្សព្វផ្សាយឲ្យទស្សនិកជនបានដឹងជាព័ត៌មានទេ លោកពិតជាមានការបារម្ភខ្លាចរឿង «កំពូលស៊យឆ្លងភព» មិនមានអ្នកបានដឹង និងមិនសូវមានបងប្អូនខ្មែរ ទៅជួយគាំទ្រ។ ប៉ុន្តែធ្វើម៉េចបើលោកគ្មានជម្រើស។ ផលិតករក្រខ្សត់រូបនេះបន្តថា ទន្ទឹមនឹងការព្រួយបារម្ភនេះ លោកគ្មានពាក្យអ្វីក្រៅពី លើម្រាមដៃដប់សុំឲ្យបងប្អូនខ្មែរ ជាពិសេសយុវវ័យដែលតែងចូលរួមគាំទ្រភាពយន្តខ្មែរ សូមចូលរួមជួយលើកទឹកចិត្តលោក ដែលកំពុងប្រឈមនឹងបញ្ហាទាំងអស់នេះ។
គួរបញ្ជាក់ថា ខណៈដែលភាពយន្តរឿង «កំពូលស៊យឆ្លងភព»ចាប់ផ្ដើមផ្សព្វផ្សាយឈុតខ្លីៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានព័ត៌មានថា រឿងដំបូងរបស់ផលិតកម្ម អូហ្វីម មួយនេះ គ្រោងធ្វើពិធីសម្ពោធចាក់បញ្ចាំង នៅថ្ងៃទី១៥ មុនថ្ងៃបញ្ចាំងមួយថ្ងៃ ប៉ុន្តែសម្រាប់ព័ត៌មានផ្លូវការ និងក្ដុកក្ដួល គឺផលិតករមិនបានធ្វើពិធីសម្ពោធ ដើម្បីជូនដំណឹងដល់មហាជន ឲ្យបានដឹងទេ ព្រោះលោកគ្មានលទ្ធភាព គឺអស់ទុនពីខ្លួនតែម្ដង៕
ប្រភព៖ Fresh News
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ល្បីថា អ៊ីវ៉ា ត្រៀមចេញពីផលិតកម្មសាន់ដេ ព្រោះលែងលើកនាងឲ្យល្បីដូចពីមុន? តែស្តាប់នាងបកស្រាយសិន ចាំកាត់សេចក្តី!
ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងស្រី អ៊ីវ៉ា ហាក់ដូចជាស្ងាត់សូន្យ គ្មានចេញបទចម្រៀងថ្មីៗ ដូចតារាចម្រៀងផ្សេងៗ នៅក្នុងផលិតកម្មសាន់ដេ ទាល់តែសោះ។ ក្នុងនោះ ក៏មានមនុស្សមួយចំនួន បានគិតថា មូលហេតុដែលខាងផលិតកម្ម មិនចេញចម្រៀង ឬលើកនាងឲ្យល្បី ក៏ព្រោះតែនាង ជិតអស់កុងត្រា ទើបផលិតកម្ម ចេះតែបណ្តោយៗតែម្តងទៅ។
ប៉ុន្តែមិនថាយ៉ាងណា តារាស្រីរូបនេះ ក៏បានចេញមុខបកស្រាយឲ្យច្បាស់ ពីរឿងនេះផងដែរ ដែលនាងបានសរសេរសារ យ៉ាងវែងអន្លាយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ថា «សុំបកស្រាយការពិត នាងខ្ញុំនៅជាប់កុងត្រាជិត១ឆ្នាំទៀត មិនមែនចប់ខែមេសាទេ ហើយរឿងក្រុមហ៊ុនលើកមិនលើកជារឿងរបស់ក្រុមហ៊ុនទេខ្ញុំមិនសូវដឹងទេ ទុកឲ្យបងប្អូននិងបណ្ដាអ្នកគាំទ្រខ្ញុំយល់ឃើញចុះ ចំពោះរឿងសារព័ត៌មានដែលចុះផ្សាយថា ខ្ញុំត្រៀមចាកចេញទៅផលិតកម្មផ្សេងក៏មិនមែនជាការពិតដែរ សម្រាប់ខ្ញុំក៏មិនទាន់ប្រាកដចិត្តដែរ ថាខ្ញុំត្រូវបន្តរឺត្រូវចាកចេញ ជាក់ស្ដែងនៅសល់រយៈពេលជិត១ឆ្នាំ និងបើក្រុមហ៊ុនមិនមើលឃើញពីសមត្ថភាពខ្ញុំដូចពេលនេះ ខ្ញុំអាចនឹងចាកចេញមែន តែបើក្រុមហ៊ុនមើលឃើញពីសមត្ថភាពខ្ញុំ មិនទុកខ្ញុំចោល ខ្ញុំមិនចាកចេញទេ គ្មានអ្នកណាម្នាក់ចង់ផ្លាស់ប្ដូរ កន្លែងធ្លាប់ធ្វើការរាប់ឆ្នាំមកហើយទេ ទាល់តែមានបញ្ហាអ្វីមួយដែលមិនអាចឲ្យបន្តបាន ព្រោះយើងមិនអាច បិទច្រកសេដ្ឋកិច្ចយើងបានទេ ហើយទោះបីខ្ញុំទៅដល់កន្លែងណា ក៏ខ្ញុំមិនបំភ្លេចគុណដល់ក្រុមហ៊ុនសាន់ដេដែរ ព្រោះកន្លែងហ្នឹងហើយជាម្លប់ដ៏ត្រជាក់ជិត៧ឆ្នាំមកសម្រាប់ខ្ញុំ ឆ្នាំមុនខុសពី២ឆ្នាំនេះ គ្រប់យ៉ាងមិនដូចពីមុន អ្វីៗផ្លាស់ប្ដូរ ដូចនេះខ្ញុំក៏អាចនឹង ធ្វើការពិចារណាឲ្យច្បាស់សិន ថាត្រូវនៅរឺក៏ទៅ ជាចុងក្រោយនាងខ្ញុំអ៊ីវ៉ាសូមអរគុណពុកម៉ែបងប្អូន និងបណ្ដាអ្នកគាំទ្រដល់រូបនាងខ្ញុំរហូតមក ឲ្យជួបតែក្ដីសុខ និងសំណាងល្អ អរគុណចំពោះការរាប់អាន ដោយក្ដីគោរពពីនាងខ្ញុំអ៊ីវ៉ា»។
ជាមួយគ្នានោះដែរ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានយល់ស្របតាម កញ្ញា អ៊ីវ៉ា ផងដែរ ក៏ព្រោះតែពួកគេ យល់ឃើញថា នាងជាតារាចម្រៀងម្នាក់ ដែលមានសមត្ថភាពខ្ពស់ក្នុងការច្រៀង ហើយប្រសិនបើ ខាងផលិតកម្ម នៅតែមើលមិនឃើញ ពីទេពកោសល្យរបស់នាងតទៅទៀត គឺប្រហែលជានាង ត្រូវចាកចេញ ទៅរកទ្រនំផ្សេងហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]