តើអ្នកមានធ្លាប់សម្គាល់ទេថា ព្រះមហាក្សត្រីយានី Elizabeth II តែងតែស្ពាយកាបូបដៃ របស់ទ្រង់ជារៀងរាល់ពេល យាងចេញទៅទីសាធារណៈម្តងៗ? តើអ្នកចង់ដឹងទេថា មកពីមូលហេតុអ្វី?

ចង់ដឹងយ៉ាងណានោះ តាមដានអាថ៌កំបាំងនេះទាំងអស់គ្នា!

អ្នកនិពន្ធប្រចាំរាជវាំង Sally Bedell Smith បានលើកឡើងថា កាបូបដៃ របស់ម្ចាស់ក្សត្រី មានផ្ទុក កូនកញ្ចក់ ក្រែម ប៊ិច ស្ករគ្រាប់ជីអង្កាម និងវ៉ែនតាសម្រាប់ទ្រង់ទត។ ប្រសិនបើនៅថ្ងៃអាទិត្យវិញ ទ្រង់មានយកមូលប្បទានប័ត្រ ២ ទៅ ៣ សន្លឹក ដាក់ចូលក្នុងកាបូបដៃបន្ថែម សម្រាប់ទុកបរិច្ចាគដល់ព្រះវិហារ។ 

ប៉ុន្តែទោះជាយ៉ាងណា កាបូបដៃរបស់ទ្រង់ ត្រូវបានប្រើប្រាស់ជាសញ្ញាសំងាត់ទៅវិញទេ ដើម្បីឲ្យអ្នកបម្រើទាំងឡាយដឹង ដោយមិនចាំបាច់មានព្រះបន្ទូលឡើយ ដូចជា ៖

• ប្រសិនបើអ្នកកំពុងតែពិភាក្សាជាមួយទ្រង់ ហើយទ្រង់បែរជាផ្លាស់ប្តូរ កាបូបដៃ ពីព្រះហស្ថម្ខាង ទៅព្រះហស្ថម្ខាងទៀត នោះវាជាសញ្ញាប្រាប់ទៅដល់ អ្នកបម្រើរាជវាំងថា ទ្រង់ចង់បញ្ចប់កិច្ចពិភាក្សានោះហើយ។ អ្នកអាចប្រហែលជាមិនដឹង ប៉ុន្តែបន្តិចក្រោយមក នឹងមានអ្នកបម្រើណាម្នាក់មកអញ្ជើញអ្នក ឲ្យទៅពិភាក្សាជាមួយនឹងអ្នកដទៃជាមិនខានឡើយ។

• ក្នុងករណីដែលម្ចាស់ក្សត្រី ដាក់កាបូបដៃរបស់ទ្រង់ មកលើតុ ដែលកំពុងតែសោយព្រះក្រយា គឺមានន័យថា ទ្រង់ចង់ឲ្យកម្មវិធីនោះ បញ្ចប់ត្រឹមរយៈពេល ៥នាទីទៀត។

• នៅខណៈពេលដែលទ្រង់ បែរជាដាក់កាបូបចុះ ទៅលើដី ពេលកំពុងមានកិច្ចពិភាក្សា នោះមានន័យថា ទ្រង់មិនសប្បាយចិត្ត ក្នុងកិច្ចសន្ទនានោះទេ និងត្រូវការអ្នកបម្រើណាម្នាក់មកជួយកាត់ផ្តាច់ការសន្ទនានោះ។

• មួយវិញទៀត ប្រសិនបើក្រឡេកឃើញទ្រង់ បង្វិលចិញ្ចៀនរបស់ទ្រង់ឲ្យក្រឡាប់ចុះក្រោម នោះមានន័យថាទ្រង់ត្រូវការ ឲ្យមានអ្នកមក “ជួយសង្រ្គោះ” ជាបន្ទាន់។

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះសញ្ញាសំងាត់របស់ម្ចាស់ក្សត្រី នៃចក្រភពអង់គ្លេសនេះ? 

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ធ្លាប់ដឹងទេ? អ្នកនយោបាយជាច្រើនប្រើប្រាស់ស្បែកជើង ជាអាវុធសម្ងាត់ ដើម្បីធ្វើឲ្យពួកគេកាន់តែមានអំណាច

ដើម្បីក្លាយខ្លួនជាអ្នកនយោបាយដ៏ជោគជ័យមួយរូប ពួកគេចាំបាច់ត្រូវមានចំនុចមួយចំនូនដូចជា មានគំនិតល្អៗ មានការគាំទ្រពីមហាជន និងមានកម្ពស់លើសពីមហាជនទូទៅ។

កិច្ចការនយោបាយ គឺជាបរិយាកាសមួយ ដែលពោរពេញទៅដោយការប្រកួតប្រជែងនូវគំនិត និងការសម្រេចចិត្ត។ ប៉ុន្តែអ្នកមានដែលឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកនយោបាយទាំងនោះ និយមពាក់ស្បែកជើង ដែលមានកែងខ្ពស់ៗ?

បើយោងទៅតាមការសិក្សាស្រាវជ្រាវបែបសង្គម និងភស្តុតាងប្រវត្តិសាស្រ្តមួយចំនួនបានបង្ហាញថា មនុស្សប្រុសដែលមានកម្ពស់ខ្ពស់ភាគច្រើន អាចទទួលបានភាពជោគជ័យនៅក្នុងសង្គម ព្រោះមហាជនទូទៅ តែងតែមាននិន្នាការវិជ្ជមានទៅលើមនុស្សដែលមានកម្ពស់ខ្ពស់។

“ពួកយើងអាចសរុបសេចក្តីបានថា កម្ពស់គឺមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយឥទ្ធិពល និងឋានៈរបស់មនុស្សនៅក្នុងសង្គម” នេះបើយោងទៅតាមការសិក្សាមួយកាលពីឆ្នាំ ២០១៥ ដោយសាកលវិទ្យាល័យ Groningen ប្រទេសហូឡង់។

បើយោងទៅតាម កាសែត The New York Times ឯណោះវិញបានឲ្យដឹងថា បេក្ខជនជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានកម្ពស់ខ្ពស់ មានច្រើនជាង២ដង នៃបេក្ខជនដែលមានកម្ពស់ទាប។ ហើយគ្រប់ពេលដែលអ្នកឃើញ អ្នកនយោបាយក្នុងរដ្ឋតិចសាស់ពាក់ស្បែកជើងកវែងបែប Cowboy នោះ អ្នកនឹងគិតថា ពួកគេធ្វើបែបនេះ ដើម្បីទាក់ទាញប្រជាប្រិយភាពតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ​ អ្នកនយោបាយមកពីរដ្ឋផ្លរីដា លោក Senator Marco Rubio និងប្រធានាធិបតីរុស្សី លោក Vladimir Putin ក៏បានជួលអ្នកជំនាញឲ្យផលិតស្បែកជើង ដែលមានកែងខ្ពស់សម្រាប់ពួកគេផងដែរ។ វាពិតជាពិបាកខ្លាំងណាស់ដើម្បីដឹងច្បាស់ថា ពួកគេមានកម្ពស់ពិតប្រាកដប៉ុន្មាននោះ ព្រោះថាកម្ពស់ ដែលពួកគេបានដាក់នៅក្នុងរបាយការណ៍ និងកម្ពស់ពិតប្រាកដនៅខាងក្រៅរបស់ពួកគេ គឹមិនដូចគ្នាឡើយ។

លើសពីនេះ មហាជនមួយចំនួនបានគិតថា ស្បែកជើងមួយគូដែលប្រធានាធិបតីកាណាដា លោក Justin Trudeau បានពាក់ចូលទៅកាន់សេតវិមាននៅសប្តាហ៍នេះ ត្រូវបានថែមកែងឲ្យកាន់តែខ្ពស់ ។ តាមពិតទៅលោក Justin Trudeau មានកម្ពស់តែ ១.៨៧ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលគាត់ឈរជិតលោក Trump ដែលមានកម្ពស់ ១.៩០ ម៉ែត្រនោះ គឺស្ទើរតែស្មើគ្នាទៅហើយ។ ប៉ុន្តែមហាជនមួយចំនួន បានកើតការសង្ស័យទៅលើលោក Trump វិញ ដោយសារតែនៅក្នុងប័ណ្ណបើកបរចាស់របស់លោក Trump បានបង្ហាញថាលោកមានកម្ពស់តែ ១.៨៧ម៉ែត្រ ប៉ុណ្ណោះ។

តាមពិតទៅវាជារឿងធម្មតាទៅហើយ ដែលអ្នកនយោបាយមួយចំនួន ជាពិសេសអ្នកដែលមានកម្ពស់ទាបនោះ ព្យាយាមពន្លើសកម្ពស់របស់ខ្លួន ដើម្បីឲ្យបានខ្ពស់ប្រហាក់ប្រហែលអ្នកដទៃទៀតដែរ។

ឧទាហរណ៍ជាក់ស្តែងដូចជា សមាជិកព្រឹទ្ធសភារបស់រដ្ឋផ្លរីដាលោក Rubio។ គាត់បានដាក់នៅក្នុងរបាយការណ៍ ផ្លូវការណ៍របស់គាត់ថា គាត់មានកម្ពស់ ១.៧៧ម៉ែត្រ ដែលតាមការពិតគាត់មានកម្ពស់តែ ១.៧២ម៉ែត្រតែប៉ុណ្ណោះ។

ដូច្នេះ បើសិនជាអ្នកនយោបាយគ្រប់រូបចង់ក្លាយជាកំពូលមនុស្ស ដែលអាចគ្រប់គ្រងប្រជាជនក្នុងតំបន់បាន ពួកគេគួរតែព្យាយាមសាកល្បងពាក់ស្បែកជើង ដែលមានកែងខ្ពស់ៗបែបនេះជាមុនសិន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]