ដើម្បីក្លាយខ្លួនជាអ្នកនយោបាយដ៏ជោគជ័យមួយរូប ពួកគេចាំបាច់ត្រូវមានចំនុចមួយចំនូនដូចជា មានគំនិតល្អៗ មានការគាំទ្រពីមហាជន និងមានកម្ពស់លើសពីមហាជនទូទៅ។

កិច្ចការនយោបាយ គឺជាបរិយាកាសមួយ ដែលពោរពេញទៅដោយការប្រកួតប្រជែងនូវគំនិត និងការសម្រេចចិត្ត។ ប៉ុន្តែអ្នកមានដែលឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកនយោបាយទាំងនោះ និយមពាក់ស្បែកជើង ដែលមានកែងខ្ពស់ៗ?

បើយោងទៅតាមការសិក្សាស្រាវជ្រាវបែបសង្គម និងភស្តុតាងប្រវត្តិសាស្រ្តមួយចំនួនបានបង្ហាញថា មនុស្សប្រុសដែលមានកម្ពស់ខ្ពស់ភាគច្រើន អាចទទួលបានភាពជោគជ័យនៅក្នុងសង្គម ព្រោះមហាជនទូទៅ តែងតែមាននិន្នាការវិជ្ជមានទៅលើមនុស្សដែលមានកម្ពស់ខ្ពស់។

“ពួកយើងអាចសរុបសេចក្តីបានថា កម្ពស់គឺមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយឥទ្ធិពល និងឋានៈរបស់មនុស្សនៅក្នុងសង្គម” នេះបើយោងទៅតាមការសិក្សាមួយកាលពីឆ្នាំ ២០១៥ ដោយសាកលវិទ្យាល័យ Groningen ប្រទេសហូឡង់។

បើយោងទៅតាម កាសែត The New York Times ឯណោះវិញបានឲ្យដឹងថា បេក្ខជនជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានកម្ពស់ខ្ពស់ មានច្រើនជាង២ដង នៃបេក្ខជនដែលមានកម្ពស់ទាប។ ហើយគ្រប់ពេលដែលអ្នកឃើញ អ្នកនយោបាយក្នុងរដ្ឋតិចសាស់ពាក់ស្បែកជើងកវែងបែប Cowboy នោះ អ្នកនឹងគិតថា ពួកគេធ្វើបែបនេះ ដើម្បីទាក់ទាញប្រជាប្រិយភាពតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ​ អ្នកនយោបាយមកពីរដ្ឋផ្លរីដា លោក Senator Marco Rubio និងប្រធានាធិបតីរុស្សី លោក Vladimir Putin ក៏បានជួលអ្នកជំនាញឲ្យផលិតស្បែកជើង ដែលមានកែងខ្ពស់សម្រាប់ពួកគេផងដែរ។ វាពិតជាពិបាកខ្លាំងណាស់ដើម្បីដឹងច្បាស់ថា ពួកគេមានកម្ពស់ពិតប្រាកដប៉ុន្មាននោះ ព្រោះថាកម្ពស់ ដែលពួកគេបានដាក់នៅក្នុងរបាយការណ៍ និងកម្ពស់ពិតប្រាកដនៅខាងក្រៅរបស់ពួកគេ គឹមិនដូចគ្នាឡើយ។

លើសពីនេះ មហាជនមួយចំនួនបានគិតថា ស្បែកជើងមួយគូដែលប្រធានាធិបតីកាណាដា លោក Justin Trudeau បានពាក់ចូលទៅកាន់សេតវិមាននៅសប្តាហ៍នេះ ត្រូវបានថែមកែងឲ្យកាន់តែខ្ពស់ ។ តាមពិតទៅលោក Justin Trudeau មានកម្ពស់តែ ១.៨៧ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលគាត់ឈរជិតលោក Trump ដែលមានកម្ពស់ ១.៩០ ម៉ែត្រនោះ គឺស្ទើរតែស្មើគ្នាទៅហើយ។ ប៉ុន្តែមហាជនមួយចំនួន បានកើតការសង្ស័យទៅលើលោក Trump វិញ ដោយសារតែនៅក្នុងប័ណ្ណបើកបរចាស់របស់លោក Trump បានបង្ហាញថាលោកមានកម្ពស់តែ ១.៨៧ម៉ែត្រ ប៉ុណ្ណោះ។

តាមពិតទៅវាជារឿងធម្មតាទៅហើយ ដែលអ្នកនយោបាយមួយចំនួន ជាពិសេសអ្នកដែលមានកម្ពស់ទាបនោះ ព្យាយាមពន្លើសកម្ពស់របស់ខ្លួន ដើម្បីឲ្យបានខ្ពស់ប្រហាក់ប្រហែលអ្នកដទៃទៀតដែរ។

ឧទាហរណ៍ជាក់ស្តែងដូចជា សមាជិកព្រឹទ្ធសភារបស់រដ្ឋផ្លរីដាលោក Rubio គាត់បានដាក់នៅក្នុងរបាយការណ៍ ផ្លូវការណ៍របស់គាត់ថា គាត់មានកម្ពស់ ១.៧៧ម៉ែត្រ ដែលតាមការពិតគាត់មានកម្ពស់តែ ១.៧២ម៉ែត្រតែប៉ុណ្ណោះ។

ដូច្នេះ បើសិនជាអ្នកនយោបាយគ្រប់រូបចង់ក្លាយជាកំពូលមនុស្ស ដែលអាចគ្រប់គ្រងប្រជាជនក្នុងតំបន់បាន ពួកគេគួរតែព្យាយាមសាកល្បងពាក់ស្បែកជើង ដែលមានកែងខ្ពស់ៗបែបនេះជាមុនសិន។ 

ប្រភព៖ Business Insider

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ វិធីដាំបន្លែក្នុងដបងាយៗ ដែលអ្នកអាចដាំបានដោយខ្លួនឯង ចំណាយតិច ចំណេញច្រើន...!

បច្ចុប្បន្ននេះ ការយកចិត្តទុកដាក់ ថែរក្សា ថ្នាក់ថ្នមសុខភាព គឺជារឿងសំខាន់ចាំបាច់បំផុតដែលមិនអាចធ្វេសប្រហែសបានឡើយ។ ជាពិសេសរឿងការទទួលទានម្ហូបអាហារនេះឯង បើគ្មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់នោះទេ ច្បាស់ជានាំទុក្ខមកដល់ខ្លួនមិនខាន។

ជឿជាក់ថា បន្លែដែលអ្នកបានទិញមកពីផ្សារពិតជាហូបទៅមិនស្និទ្ធមាត់ទេ មែនទេ ព្រោះភាគច្រើនសុទ្ធមានជាតិគីមីស្ទើរតែគ្រប់មុខ។ មានអ្នកខ្លះទៀតគិតចង់ដាំបន្លែហូបដោយខ្លួនឯងដែរ តែដីនៅផ្ទះមិនអំណោយផល និងគ្មានទីធ្លាសមល្មមនឹងអាចដាំបាន ពិសេសគឺអ្នករស់នៅក្នុងទីក្រុងតែម្តង។

ប៉ុន្តែពេលនេះអ្នកអាចនឹងអស់បារម្ភពីបញ្ហានេះ ព្រោះខ្មែរឡូតបានពាំនាំយកវិធីដាំបន្លែនៅក្នុងដបមកចែកជូនដល់ប្រិយមិត្តទាំងអស់គ្នាឱ្យបានដឹង។ មិនថាផ្ទះអ្នកតូចចង្អៀតប៉ុណ្ណាក៏អាចដាំបន្លែទទួលទានដោយខ្លួនឯងបានដែរ ដោយការដាំបន្លែនៅក្នុងដប។ វិធីដាំងាយៗ ចំណាយតិច និងចំណេញបានសុខភាពល្អ។

តោះទៅមើលសម្ភារៈ និងរបៀបដាំជាមួយគ្នា៖

១) ត្រៀមឧបករណ៍ដូចជា ដបទឹកសុទ្ធចាស់ៗ កាំបិតកាត់អេប៉ុង ឬដប និងអេប៉ុងសម្រាប់ដាំបន្លែ (អេប៉ុងដែលមានចោះរន្ធនៅកណ្តាល)។ ណែនាំឱ្យប្រើដបជ័រដែលស្អាត និងមានទំហំធំ ព្រោះងាយស្រួលដាំបន្លែបានងាយ ជាងកូនដបតូចៗ។

២) យកគ្រាប់ពូជដែល អ្នកចង់ដាំមកដាក់នៅក្នុងអេប៉ុង ដែលអ្នកបានចោះរន្ធវា ប្រមាណជា៣ ទៅ៥គ្រាប់។ ប៉ុន្តែប្រសិនបើអ្នកដាំជាប្រភេទស្ពៃ ឬសាឡាត់ គួរដាក់គ្រាប់ពូជតែ១គ្រាប់បានហើយ ដើម្បីកុំឱ្យពេលវាដុះមកប្រជ្រៀតគ្នា។ មុនដាំគួរយកគ្រាប់ទៅត្រាំទឹក ទុកចោលប្រមាណជា២ទៅ៣ម៉ោងសិន ដើម្បីឱ្យវាងាយដុះលូតលាស់ល្អ។

៣) យកអេប៉ុងដែលដាក់គ្រាប់ពូជបន្លែចូលរួចហើយ យកទៅដាក់ចូលក្នុងដបដែលបានកាត់រូច (តាមរូប) ហើយដាក់អេប៉ុងគ្រាប់ពូជលើមាត់ដបបញ្ឈរឡើងលើ ឯផ្នែកខាងក្រោមឱ្យប៉ះនឹងទឹកដែលនៅក្នុងដប។

៤) រង់ចាំឱ្យវាដុះ រយៈពេល៣ថ្ងៃ សឹមដាក់ជី AB (ជី AB គឺជាជាជីដែលប្រើសម្រាប់ដាំរុក្ខជាតិឱ្យមានការរីកលូតលាស់ ដោយមិនមានដី (Hydroponics)។ វាមាន២ប្រភេទគឺ ប្រភេទ A និងប្រភេទ B )។ ចំណែកឯការផ្សំជីនេះវិញ គឺត្រូវដាក់ឱ្យស្មើគ្នា ក្នុងសមាមាត្រ 5cc ដោយប្រើទឹក 1លីត្រ ត្រូវដាក់ជី AB ស្មើគ្នា និងយកទៅដាក់ក្នុងដបបន្លែជារៀងរាល់សប្តាហ៍ ពេលដែលទឹកក្នុងដបចាប់ផ្តើមស្រកចុះ។ ឬបើអ្នកមិនចង់ដាក់ជីនេះ បណ្តោយឱ្យវាដុះលូតលាស់តាមធម្មជាតិខ្លួនឯងក៏បាន ឱ្យតែដាក់ទឹកឱ្យវាបានដិតដល់។

៥) ឃ្លាំមើល ចាំបន្ថែមទឹកជីឱ្យបន្លែជានិច្ច និងបន្ថែមទឹកដែលនៅក្នុងកុំឱ្យរីងផុតឫសបន្លែឱ្យសោះ គឺឱ្យសមល្មម មានសភាពល្អប្រសើររហូតដល់វាធំល្មមអាចយកទៅបរិភោគបាន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]