ឥណ្ឌា៖ ស្ត្រីជាប្រពន្ធជនជាតិឥណ្ឌាម្នាក់ បានសម្រេចចិត្តកាត់លិង្គប្តីរបស់ខ្លួន ស្ទើរតែដាច់ជាពីរ ក្រោយពីខឹងនឹងស្វាមី បដិសេធមិនព្រមរួមភេទជាមួយនាង អស់រយៈជាងមួយទសវត្សរ៍ (១០ឆ្នាំ)។ នេះបើយោងតាម ប្រភពដកស្រង់ពី ទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

នាង Rita Yadav អាយុ២៨ឆ្នាំ បានវាយប្រហារទៅលើប្តីរបស់នាង លោក Ved Prakash អាយុ៣១ឆ្នាំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ មីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ នៅឯផ្ទះរបស់ពួកគេ ស្ថិតក្នុងភូមិ Khora ទីក្រុង Ghaziabad រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។

ស្រ្តីជាប្រពន្ធ នាង Rita បានអះអាងប្រាប់ថា មូលហេតុដែលនាងដាច់ចិត្ត កាត់លិង្គប្តីរបស់នាងបែបនេះ ក៏ដោយតែខឹងអន់ចិត្ត ខណៈឆាកជីវិតរស់នៅក្នុងគ្រួសារ រស់នៅជាមួយគ្នា អស់ជាង១១ឆ្នាំមកនេះ ប្តីរបស់នាងមិនដែលបានផ្តល់សេចក្តីឲ្យនាងឡើយ។ ពោល បុរសជាប្តីតែងតែបដិសេធមិនព្រម រួមភេទជាមួយនឹងនាងម្តងណាសោះ។ ហើយនាងជឿជាក់ថា ប្តីរបស់នាងអាចនឹងកំពុងតែមាន សាហាយស្មន់ជាមួយនឹងស្រីផ្សេងទៀតផងដែរ។

រូបភាព៖ នាង Rita Yadav (ជាប្រពន្ធ)

«គាត់តែងតែនិយាយថា ស្អប់ខ្ញុំណាស់! ហើយពួកយើងក៏ឧស្សាហ៍ឈ្លោះប្រកែកគ្នា សឹងតែរាល់ថ្ងៃទៀតផង។ គាត់និយាយថា គាត់ខ្ពើមមិនចង់ឃើញមុខខ្ញុំឡើយ។ គាត់តែងតែសម្លុតគំរាមខ្ញុំថា គាត់នឹងមានស្រីថ្មី។ ខ្ញុំពិតជាអស់សង្ឃឹម រឿងចង់បានកូនណាស់! ខ្ញុំធ្លាប់អង្វរសុំគាត់ (រួមភេទ) ប៉ុន្តែគាត់បែរនិយាយថា គាត់មានគូស្នេហ៍ផ្សេងប្រចាំចិត្តគាត់ទៅវិញ»

បើតាមប្រភព បានឲ្យដឹងថា រឿងហេតុនេះកើតឡើង បន្ទាប់ពីបុរសជាប្តីលោក Ved មុខរបរជាអ្នករត់តាក់ស៊ី បានត្រឡប់ចូលផ្ទះវិញយឺត រហូតដល់មេឃជិតភ្លឺ រួចក្រោយមកគាត់ក៏បានដើរចូលទៅងូតទឹក។ ឆ្លៀតក្នុងឱកាសនោះ ប្រពន្ធរបស់គាត់ ក៏បានដើរតាំងៗពីក្រោយ យកដុំថ្មសំលៀងកាំបិត វាយចំកណ្តាលក្បាលប្តីរបស់ខ្លួន រហូតទាល់តែសន្លប់បាត់បង់ស្មារតីតែម្តង។

បន្ទាប់មក នាងក៏បានយកកាំបិតដ៏មុតស្រួចមួយពីផ្ទះបាយ ហើយក៏ធ្វើសកម្មភាពកាត់លិង្គប្តីរបស់នាងតែម្តង។ ក្រោយមកទៀត នាង Rita Yadav ក៏បានចាក់សោរទុកប្តីរបស់នាងឲ្យនៅជាប់ខាងក្នុងបន្ទប់ទឹក ហើយនាងក៏បានធ្វើដំណើរ ទៅកាន់ស្ថានីយ៍ប៉ុស្តិ៍ប៉ូលិស (Khora Police Station) ដោយបាននិយាយរៀបរាប់ប្រាប់ នូវរឿងរ៉ាវដែលនាងបានធ្វើទៅលើប្តីរបស់នាង ដោយខ្លួនឯងថែមទៀតផង។

រយៈពេលប្រហែលកន្លះម៉ោងក្រោយមក ប្តីរបស់នាងបានដឹងខ្លួនឡើងវិញ ជាមួយនឹងសភាពឈឺចាប់យ៉ាងខ្លាំង ហើយគាត់ក៏បានស្រែកហៅ មិត្តភក្តិភូមិផងរបងជាមួយឲ្យមកជួយ រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Jaypee Hospital ក្នុងទីក្រុង ទាំងប្រញាប់ប្រញាល់។

ដោយឡែក នៅចំពោះមុខសមត្ថកិច្ច ស្រ្តីជាប្រពន្ធបានសារភាពថា នាងនិងស្វាមីតែងតែវាយតប់គ្នាជាប្រចាំ ហើយនាងក៏បានចោទប្រកាន់ប្តីនាងថា លួចលាក់មានសាហាយស្មន់ ក្បត់ចិត្នាងផងដែរ។ Rita បានសារភាពទៀតថា ការដែលនាងធ្វើដាក់ស្វាមីបែបនេះ ក៏ដោយសារតែចិត្តខឹងខ្លាំងពេក។

លោកវេជ្ជបណ្ឌិត Saurabh Gupta នៅមន្ទីរពេទ្យ Jaypee Hospital បានមានប្រសាសន៍ឲ្យដឹងថា លិង្គរបស់បុរសរងគ្រោះ ស្ទើរតែដាច់ចេញពីគ្នា ជម្រៅ៤អ៊ីញ (ប្រហែល១០សង់ទីម៉ែត្រ) ដោយមានហូរឈាមយ៉ាងច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមវេជ្ជបណ្ឌិតបានចំណាយពេល អស់៥ម៉ោងផងដែរ ក្នុងប្រតិបត្តិការវះកាត់ ជួយសង្គ្រោះជីវិតលោក Ved ខណៈពេលនេះគាត់បានរួចផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែត្រូវសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ដើម្បីឲ្យអាការៈធូរស្បើយសិនផងដែរ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននាង Raita ត្រូវបានចាប់ខ្លួន និងកំពុងតែរង់ចាំការកាត់ទោស ដោយចោទប្រកាន់នៅមាត្រា៣២៦ ពីបទបង្ករបួសស្នាមដោយប្រើប្រាស់អាវុធដោយចេតនា នៃច្បាប់ក្រមព្រហ្មទណ្ឌ របស់ឥណ្ឌាផងដែរ ៕ 

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ព្រឺសម្បុរ! អ្នកស្រុកជាង ៣០នាក់ត្រូវខ្មោចចូល ក្រោយពីរើសបានកូនតុក្កតាធ្មប់មួយ (មានវីដេអូ)

នីការ៉ាហ្គ័រ៖ សារព័ត៌មាន មីរ័រ របស់អង់គ្លេសបានចុះផ្សាយកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ថា សហគមន៍មួយកំពុងជ្រួលច្របល់ជាខ្លាំង បន្ទាប់ពីអ្នកភូមិជាង៣០នាក់ ត្រូវគេជឿជាក់ថា មានវិញ្ញាណខ្មោចចូលសណ្ឋិត បន្ទាប់ពីបានរកឃើញ កូនតុក្កតាធ្មប់មួយ។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកភូមិទាំងនោះ រស់នៅក្នុងទីក្រុង Santo Tomás ក្បែរ Waspan ភាគខាងត្បូងប្រទេស Nicaragua ។ ហើយមានអ្នកស្រុកមួយចំនួន ត្រូវបានគេនិយាយថា បានត្រូវអំពើម្យ៉ាងឈ្មោះ ”Grisi Siknis” ដែលមានន័យថា “ជំងឺឆ្កួត” ហើយជាញឹកញាប់បំផុត តែងកើតឡើងនៅលើសហគមន៍របស់អាមេរិកកណ្តាល។

អាការជំងឺមួយនេះ ជាញឹកញាប់បង្ហាញរោគសញ្ញាដូចជា ចង់ក្អួត ការថប់អារម្មណ៍ វិលមុខ ឆ្កួតៗ ខឹងឆេវឆាវ ភ័យខ្លាច ជាដើម។ ហើយអ្នកដែលកើតមានអាការៈជំងឺ ”Grisi Siknis” នេះក៏មានអារម្មណ៍ទាក់ទងទៅនឹងព្រលឹង ព្រមទាំងវិញ្ញាណបិសាចផងដែរ។

ប្រភពព័ត៌មានបានបន្តថា បន្ទាប់ពីមានហេតុការណ៍ចម្លែកនេះកើតឡើង ក៏មានស្រ្តីម្នាក់ឈ្មោះ Marisella ដែលរស់នៅក្នុងភូមិជាមួយគ្នានោះ បានព្យាយាមចូលមកជួយអ្នកជិតខាងរបស់ខ្លួន។ គាត់បានបង្កើតឱសថម្យ៉ាង ច្នៃដោយខ្លួនឯង សម្រាប់ព្យាបាលជំងឺមួយនេះ ដោយយកទៅចាក់នៅលើខ្នងអ្នកភូមិ ក្នុងគោលបំណង ដើម្បីបណ្តេញវិញ្ញាណខ្មោចព្រាយបិសាចចេញពីរាងកាយ។

បន្ទាប់ពីបានស៊ើបអង្កេតពីដើមចមនៃហេតុការណ៍ឲ្យស៊ីជម្រៅ ស្រ្តី Marisella បានឲ្យដឹងថា នាងបានរកឃើញពីមូលហេតុពិតប្រាកដហើយ គឺបណ្តាលមកពី កូនតុក្កតា តូចមួយ ដែលគេធ្វើមន្តអាគមន៍ពីលើ។ តុក្កតានោះ មានខ្សែពណ៌ខ្មៅរុំជាប់នឹងខ្លួន ហើយថែមទាំងមានសញ្ញាខ្វែង នៅពាសពេញមុខទៀតផង។

តុក្កតានោះត្រូវអ្នកស្រុករើសបាននៅតាមផ្លូវ ហើយគេជឿជាក់ថា វាមានជាប់មន្តអាគមងងឹតមកជាមួយ ដែលជាមន្តអាគមអាក្រក់។ ហើយនៅពេលនេះ អ្នកភូមិក៏បានសម្រេចចិត្តដុតតុក្កតានោះចោលបាត់ហើយ ដើម្បីកុំឲ្យមានជាប់មន្តអាគមន្តងងឹតទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]