រាជធានីភ្នំពេញ ៖ កាមរីឆ្លាមចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកច្រឡំដាក់លេខថយក្រោយកិន ម៉ូតូពីរគ្រឿង និងសន្ដិសុខម្នាក់អង្គុយលើម៉ូតូរបួសបាក់ឆ្អឹងខ្នង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១ មីនា នៅមុខភោជនីយដ្ឋានរាត្រី ត្រង់ចំណុចផ្លូវលេខ១១១កែងផ្លូវ២៣២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្ដកាមរីឆ្លាមពណ៌ស្ករមួយគ្រឿង បើកទៅផឹកស៊ីនៅភោជនីយដ្ឋានមួយ ។
បន្ទាប់មកមានបុរស៤នាក់ជិះម៉ូតូ២គ្រឿង ចូលទៅផឹកស៊ីនៅក្នុងហាងនោះដែរ ដោយចតម៉ូតូនៅពីក្រោយរថយន្ដ។ លុះផឹកស៊ីស្រវឹងធ្លាក់ភ្នែកបន្ដិចហើយម្ចាស់រថយន្ដកាមរីឆ្លាមបាន ចេញមុនគេបើករថយន្ដត្រឡប់ទៅវិញ ប៉ុន្ដែពេលម្ចាស់រថយន្ដបញ្ឆេះហើយមិនបានបើកទៅមុខទេ បែរជាច្រឡំដាក់លេខថយក្រោយទើបទៅកិនម៉ូតូ២គ្រឿង និងសន្ដិសុខម្នាក់ដែលនៅអង្គុយលើម៉ូតូនោះ បណ្ដាលឱ្យរងរបួស។
ជនរងគ្រោះឈ្មោះអ៊ូ សុផល ភេទប្រុស អាយុ៤២ឆ្នាំ ជាសន្ដិសុខឯកជនរងរបួសបាក់ឆ្អឹងខ្នង។ ចំណែកម៉ូតូ២គ្រឿងនោះ មួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម ដែលមានម្ចាស់ឈ្មោះសុខ សម្បត្ដិ ភេទប្រុសអាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៧E ផ្លូវលេខ៦Bs សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម៉ូតូមួយគ្រឿងទៀតម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ម្ចាស់ម៉ូតូឈ្មោះជ្រែង រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវរថយន្ដសង្គ្រោះ ដឹកយកទៅព្យាបាល ហើយសមត្ថកិច្ចបានចុះទៅធ្វើអន្ដរាគមន៍ ប៉ុន្ដែតំណាងម្ចាស់ភោជនីយដ្ឋានរាត្រីបានចេញមកធ្វើការសម្រប សម្រួល ដោយសួរទៅខាងជនរងគ្រោះជាម្ចាស់ម៉ូតូទាមទារប៉ុន្មាន ម្ចាស់ម៉ូតូវ៉េវបានទាមទារ២០ដុល្លារ ម្ចាស់ហាងធានាសង ចំណែកម្ចាស់ម៉ូតូស្មាស់រីវ៉ូទាមទារឱ្យជួសជុលម៉ូតូដូចដើម មិនដឹងចំនួនទឹកប្រាក់ប៉ុន្មានពិតប្រាកដ ទើបមិនអាចចរចាគ្នាត្រូវសមត្ថកិច្ចក៏យកម៉ូតូស្មាស់ និងរថយន្ដកាមរីឆ្លាមទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការដោះស្រាយបន្ដទៀត៕
ដោយ ៖ ធីតាកោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]