ភ្នំពេញ៖ ការបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា «លោកពុក» ពីកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅស្រីរបស់អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត ពិតជាបានធ្វើឱ្យមានភាពអាល័យ និងបង្កប់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះឪពុករបស់នាង ដែលបានលាចាកលោកនេះទៅហើយ កាលពីឆ្នាំ២០១៥កន្លងទៅ។

នៅលើឆាកតន្ត្រីក្នុងកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ ភីអិនអិន ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា បានស្រក់ទឹកភ្នែករហាម និងអួលដើមក.ច្រៀងលែងចេញ ខណៈដែលទើបតែបកស្រាយបទចម្រៀងបានប៉ុន្មានឃ្លាប៉ុណ្ណោះ។

នេះបានបង្ហាញថា មិនមែនត្រឹមតែជាការច្រៀងបញ្ចេញសម្លេងតែមួយមុខនោះទេ ប៉ុន្តែជាការស្តែងចេញនូវអារម្មណ៍ពិតពីក្នុងបេះដូង ដែលនឹករលឹកយ៉ាងខ្លាំងទៅដល់លោកឪពុកជាទីស្រលាញ់ដែលបានចាកចេញទៅ គ្មានថ្ងៃវិលត្រលប់មកវិញ។ 

ទិដ្ឋភាពរបស់កញ្ញា ពិតជាបានអង្រួនចិត្តអ្នកទស្សនាវីដេអូមួយនេះ ឱ្យមានភាពកម្សត់ ស្រក់ទឹកភ្នែក សោកសៅទៅតាម នឹករលឹកទៅដល់អ្នកមានគុណយ៉ាងខ្លាំង៕

ទស្សនាវីដេអូការបកស្រាយបទចម្រៀងពីកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា និងកញ្ញា ម៉ានិត ទាំងអស់គ្នា៖

កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា
ឪពុក កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលត្រូវជាកូនប្រុស លោកតា ស៊ីន សាមុត

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់មួយទៀត ភរិយាអធិរាជ​សម្លេង​មាស ស៊ីន ស៊ីសាមុត ប្រាប់​លោកឯកអគ្គរដ្ឋទូត​អាមេរិក​ថា «ប្ដីរបស់ខ្ញុំ​គ្រាន់តែ​ពិសា​គុយទាវ​មួយព្រឹក​ អាច​សរសេរ​បទចម្រៀង​​បាន២បទ»​

លោកស្រី ខាវ ថងញ៉ុត ត្រូវជាភរិយារបស់អធិរាជសម្លេងមាស លោកតា ស៊ីន ស៊ីសាមុត តារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សឆ្នាំ៦០ បានថ្លែងកោតសរសើរ អំពីទេពកោសល្យរបស់ស្វាមីរបស់ខ្លួនប្រាប់លោក វ៉ាលីម ហេដ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថា គ្រាន់តែស្វាមីរបស់គាត់ ទៅពិសាគុយទាវមួយព្រឹក គាត់អាចសរសេរបទចម្រៀងបានចំនួន ២បទ យ៉ាងងាយស្រួល។

ការកោតសរសើរបែបនេះ ត្រូវបានរំលិចឡើងក្នុងគណនីហ្វេសប៊ុករបស់លោកឯកអគ្គរដ្ឋទូត វ៉ាលីម ហេដ ក្នុងពេលលោកបានឈប់សម្រាកនៅខេត្តស្ទឹងត្រែង ក្រោយពេលលោកត្រឡប់មកពីដំណើរកម្សាន្ត នៅខេត្តរតនគិរី។

ក្នុងគណនីហ្វេសប៊ុក លោក វ៉ាលីម ហេដ បានបញ្ជាក់ថា លោកស្រីមានប្រសាសន៍ថា៖ «លោក ស៊ីន ស៊ីសាមុត អាចសរសេរបានចម្រៀងបាន ២បទ ពេលទៅពិសាគុយទាវមួយព្រឹក»។

លោកស្រីបានបន្តថា អ្នកចម្រៀងផ្សេងទៀត អាចមានសម្លេងប្រហាក់ប្រហែលនឹងសម្លេងរបស់ លោក ស៊ីន ស៊ីសាមុត តែគ្មាននរណាម្នាក់មានភាពប៉ិនប្រសប់ ក្នុងការសរសេរបទចម្រៀងដូច លោក ស៊ីន ស៊ីសាមុត ឡើយ។

ក្នុងឱកាសនោះ លោកស្រី ខាវ ថងញ៉ុត បានទទួលលោកឯកអគ្គរដ្ឋទូតយ៉ាងកក់ក្ដៅ នៅគេហដ្ឋានរបស់លោកស្រី ជាទីដែលលោកស្រីរស់នៅស្ទើរតែមួយជីវិត ហើយត្រូវបានជួសជុលឡើងវិញ នៅឆ្នាំ២០១៥ ដោយប្រើថវិកាដែលបានពីការប្រគំតន្រ្តីមនុស្សធម៌ រៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីថែមទាំងបាននាំលោកឯកអគ្គរដ្ឋទូត និងប្រតិភូរបស់លោក ចូលទៅមើលផ្ទះពីកុមារភាពរបស់ លោក ស៊ីន ស៊ីសាមុត ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រ ពីផ្ទះបច្ចុប្បន្នរបស់លោកស្រី តែប៉ុណ្ណោះ៕

លោកស្រី ខាវ ថងញ៉ុត និងលោកឯកអគ្គរដ្ឋទូត​អាមេរិក​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]