(ស្ទឹងត្រែង)៖ លោកស្រី ខាវ ថងញ៉ុត ត្រូវជាភរិយារបស់អធិរាជសម្លេងមាស លោកតា ស៊ីន ស៊ីសាមុត តារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សឆ្នាំ៦០ បានថ្លែងកោតសរសើរ អំពីទេពកោសល្យរបស់ស្វាមីរបស់ខ្លួនប្រាប់លោក វ៉ាលីម ហេដ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថា គ្រាន់តែស្វាមីរបស់គាត់ ទៅពិសាគុយទាវមួយព្រឹក គាត់អាចសរសេរបទចម្រៀងបានចំនួន ២បទ យ៉ាងងាយស្រួល។

ការកោតសរសើរបែបនេះ ត្រូវបានរំលិចឡើងក្នុងគណនីហ្វេសប៊ុករបស់លោកឯកអគ្គរដ្ឋទូត វ៉ាលីម ហេដ ក្នុងពេលលោកបានឈប់សម្រាកនៅខេត្តស្ទឹងត្រែង ក្រោយពេលលោកត្រឡប់មកពីដំណើរកម្សាន្ត នៅខេត្តរតនគិរី។

ក្នុងគណនីហ្វេសប៊ុក លោក វ៉ាលីម ហេដ បានបញ្ជាក់ថា «លោកស្រីមានប្រសាសន៍ថា៖ លោក ស៊ីន ស៊ីសាមុត អាចសរសេរបានចម្រៀងបាន ២បទ ពេលទៅពិសាគុយទាវមួយព្រឹក»។

លោកស្រីបានបន្តថា អ្នកចម្រៀងផ្សេងទៀត អាចមានសម្លេងប្រហាក់ប្រហែលនឹងសម្លេងរបស់ លោក ស៊ីន ស៊ីសាមុត តែគ្មាននរណាម្នាក់មានភាពប៉ិនប្រសប់ ក្នុងការសរសេរបទចម្រៀងដូច លោក ស៊ីន ស៊ីសាមុត ឡើយ។

ក្នុងឱកាសនោះ លោកស្រី ខាវ ថងញ៉ុត បានទទួលលោកឯកអគ្គរដ្ឋទូតយ៉ាងកក់ក្ដៅ នៅគេហដ្ឋានរបស់លោកស្រី ជាទីដែលលោកស្រីរស់នៅស្ទើរតែមួយជីវិត ហើយត្រូវបានជួសជុលឡើងវិញ នៅឆ្នាំ២០១៥ ដោយប្រើថវិកាដែលបានពីការប្រគំតន្រ្តីមនុស្សធម៌ រៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីថែមទាំងបាននាំលោកឯកអគ្គរដ្ឋទូត និងប្រតិភូរបស់លោក ចូលទៅមើលផ្ទះពីកុមារភាពរបស់ លោក ស៊ីន ស៊ីសាមុត ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រ ពីផ្ទះបច្ចុប្បន្នរបស់លោកស្រី តែប៉ុណ្ណោះ៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា បទចម្រៀងប្រមាណ១៨១បទ របស់អធិរាជសំឡេងមាស លោកស៊ីន សាមុត ត្រូវបានក្រុមគ្រួសាររបស់លោក នាំយកទៅចុះកម្មសិទ្ធិបញ្ញា នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ មេសា ២០១៤ ។

ពិធីចុះកម្មសិទ្ធិបញ្ញានេះ បានធ្វើឡើងក្រោមវត្តមាន របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស៊ីន ច័ន្ទឆាយ៉ា ប្រធានសមាគមស៊ីន ស៊ីសាមុត និងត្រូវជាកូន ព្រមជាមួយនឹងភរិយា របស់លោកស៊ីន ស៊ីសាមុត ផងដែរ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានធ្វើការពិនិត្យគ្រប់ជ្រុងជ្រោយ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុននឹងធ្វើការចុះបញ្ជី បទចម្រៀងទាំងនោះ ក្នុងកម្មសិទ្ធិបញ្ញា ។ លោកបន្ថែមថា នេះគឺជាការបោះជំហានមួយ ដើម្បីទប់ស្កាត់ មិនឱ្យមានការរំលោភកម្មសិទ្ធិ ទៅបទចម្រៀងរបស់ សិល្បករពីជំនាន់មុន។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្នុងនាមអ្នកស្រឡាញ់ចូលចិត្ត បទចម្រៀងលោកស៊ីន ស៊ីសាមុត ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឯកភាពគ្នា បង្កើតកម្មវិធីតន្ត្រីសប្បុរសធម៌ មួយនៅឆ្នាំក្រោយ ក្នុងគោលបំណងរំលឹកដល់គុណូបការៈ និងប្រមូលថវិកាជួយដល់ គ្រួសាររបស់លោកស៊ីន ស៊ីសាមុត ដែលកំពុងជួបការលំបាក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]