ឥណ្ឌា៖ ពិតជាមិនធម្មតា! ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ប្រទេសឥណ្ឌា បានបង្កើតប្រវត្តិសាស្រ្តថ្មី ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដែលបានបំពេញការហោះហើររបស់ខ្លួនជាលើកដំបូង ដោយក្នុងនោះសមាជិកបំរើការងារទាំងអស់នៅលើយន្តហោះ ព្រមទាំងពីឡុត សុទ្ធតែជាស្រ្តីភេទ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នេះជាដំណើរហោះហើរតាមជើងយន្តហោះ ចេញពីទីក្រុង Delhi ប្រទេសឥណ្ឌា ឆ្ពោះទៅទីក្រុង San Francisco សហរដ្ឋអាមេរិក។ បុគ្គលិកដែលទទួលតួនាទីក្នុងជើងហោះហើរមួយនេះ សុទ្ធតែជាស្ត្រីភេទទាំងអស់ ចាប់តាំងពីបុគ្គលិកចាំឆែកសំបុត្រចេញដំណើរ រហូតឡើងទៅលើយន្តហោះ រួមទាំងពីឡុត។

ប្រភពព័ត៌មានបានបន្តទៀតថា ជើងហោះហើរពោរពេញដោយបុគ្គលិកនារីភេទ ដែលតំណាងឲ្យក្រុមអាកាសចរណ៍ឥណ្ឌាមួយនេះ បានបង្កើតកំណត់ត្រាពិភពលោក World Guinness Record រួចមិនត្រឹមតែប៉ុណ្ណោះ ពួកគេគ្រោងនឹងធ្វើការហោះហើរបែបនេះម្តងទៀត ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ផងដែរ។

អ្នកនាង Kshamata Bajpaiyee ដែលជាកាពីទេន យន្តហោះប្រភេទប៊ូអ៊ីង 777-200LR នេះបានបញ្ជាក់ឲ្យដឹងថា «ការហោះហើរមួយនេះ តំណាងឲ្យឥទ្ធិពលរបស់ស្ត្រីភេទគ្រប់រូប ហើយវាអាចនឹងឲ្យស្រ្តីយើងគ្រប់គ្នាមើលឃើញថា ពួកយើងក៏អាចទទួលបានភាពជោគជ័យ ដូចបុរសៗដែរ»

នាងបានបន្ថែមទៀតថា «នេះគឺជាសារមួយសម្រាប់ជំរុញឲ្យស្រ្តីៗគ្រប់រូប ដែលមានក្តីស្រមៃចង់ក្លាយជាអ្នកបើកយន្តហោះ ឬហោះហើរលើវេហ៍អាកាស បើទោះបីវាជាជំនាញបច្ចេកទេសក៏ពិតមែន ប៉ុន្តែមិនមានន័យថាបុរសៗសុទ្ធតែធ្វើបានទាំងអស់នោះ។ មួយវិញទៀត នេះក៏ចង់បង្ហាញឲ្យឃើញដែរថា ការងារដែលប្រុសៗអាចធ្វើ នារីៗក៏អាចធ្វើបានដូចគ្នាដែរ»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាមួយនេះ បានបង្កើន និងទទួលយកចំនួនបុគ្គលិកភេទស្រីរបស់ខ្លួនរហូតដល់ ២០% ក្នុងឆ្នាំនេះ ច្រើនជាងឆ្នាំមុន ទទួលយកត្រឹមតែ៥%ប៉ុណ្ណោះ៕  

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ខ្លាំងមែន! បុរសជនជាតិប្រេស៊ីលម្នាក់ លេងហ្គីតាបណ្តើរ ឲ្យគ្រូពេទ្យវះកាត់ ខួរក្បាលបណ្តើរ

ប្រេស៊ីល៖ នេះគឺជារឿងដ៏កម្រនឹងជួបប្រទះមួយ ដែលមានអ្នកជំងឺ ជនជាតិប្រេស៊ីលម្នាក់ បានលេងហ្គីតា បណ្តើរ ឲ្យគ្រូពេទ្យ វះកាត់យកដុំសាច់ចេញពីខួរក្បាលបណ្តើរ ហាក់ដូចជាមិនមានរឿងអ្វីកើតឡើងទាំងអស់។

លោក Rolden Batista អាយុ ៤០ឆ្នាំ ត្រូវបានគ្រូពេទ្យប្រគល់ហ្គីតាមកឲ្យលេង នៅអំឡុងពេលពាក់កណ្តាលនៃការវះកាត់ដ៏ស្មុគស្មាញ ដើម្បីយកដុំសាច់មួយដុំ មានរាងដូចបេះដូង ដែលដុះនៅក្នុងខួរក្បាលរបស់គាត់ចេញ។

គួរឲ្យដឹងថាលោក Rolden ចាប់ផ្តើមមានអាការៈឈឺក្បាលញឹកញាប់ កាលពីឆ្នាំមុន ហើយវាធ្វើឲ្យលោកដឹងថា ប្រាកដជាមានអ្វីមិនល្អកើតឡើងនៅក្នុងក្បាលរបស់លោកជាក់ជាមិនខាន។ បន្ទាប់មកលោក Rolden ដែលជាអ្នកជំនាញខាងប្រព័ន្ធទូរគមនាគមន៍នៅទីក្រុង Santos ក៏សម្រេចចិត្តទៅមន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យមើល។

តាមរយៈការស្កេនកាំរស្មីអ៊ិច ក្រុមគ្រូពេទ្យបានរកឃើញដុំសាច់មួយដុំ មានរាងដូចបេះដូង ស្ថិតនៅក្នុងខួរក្បាលរបស់លោក Rolden និងចាំបាច់ត្រូវធ្វើការវះកាត់យកដុំសាច់នោះចេញជាបន្ទាន់។ ការវះកាត់គឺមានជម្រើស២ ដោយទី១ គឺចាក់ថ្នាំសន្លប់មិនដឹងខ្លួន និងទី២ គឺនៅដឹងខ្លួនក្នុងអំឡុងពេលវះកាត់។

លោក Rolden ក៏បានសម្រេចជ្រើសយកជម្រើសទី២ ដោយសារតែវាមានឱកាសជោគជ័យច្រើនក្នុងការវះកាត់។ លោកបាននិយាយថា “ពេលនោះក្រុមគ្រូពេទ្យក៏នឹកឃើញគំនិតមួយ ដោយឲ្យលោកលេងហ្គីតា ក្នុងពេលកំពុងវះកាត់”។

គ្រូពេទ្យផ្នែកវះកាត់ បានពន្យល់ថា ការធ្វើបែបនេះ គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីជួយដល់អ្នកជំងឺ ប្រសិនបើក្រុមគ្រូពេទ្យមានកំហុសបច្ចេកទេសណាមួយ ក្នុងអំឡុងពេលវះកាត់។ គ្រូពេទ្យបាននិយាយថា “ប្រសិនបើអ្នកជំងឺមិនអាចចាំចង្វាក់ភ្លេងបាន ពេលកំពុងវះកាត់ នោះវានឹងផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យធ្វើការសម្រួលទីតាំងរបស់ខួរក្បាល ដែលមានតួនាទីគ្រប់គ្រងការធ្វើចលនា ការនិយាយ និងអារម្មណ៍ជាថ្មី មុនពេលវាហួសពេល”។

គួរបញ្ជាក់ថា ការវះកាត់បានបញ្ចប់ដោយជោគជ័យ ហើយបច្ចុប្បន្នលោក Rolden កំពុងសម្រាកព្យាបាលស្នាមវះកាត់ នៅឯផ្ទះរបស់លោក៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]