អាមេរិក៖ ស្ថិតក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ មនុស្សជាច្រើននៅជុំវិញពិភពលោក មិនថាប្រុសមិនថាស្រី តែងតែប្រាថ្នាចង់បាននូវរូបស្រស់ស្អាត និងសង្ហារ សាកសមជាមួយនឹងដងខ្លួន ដើម្បីជាភាពទាក់ទាញក្នុងក្រសែភ្នែករបស់អ្នកដទៃ។ ខណៈក៏មានមនុស្សមួយ សុខចិត្តចំណាយលុយអស់ខ្ទង់រាប់ពាន់ រាប់ម៉ឺនដុល្លារ ដើម្បីធ្វើការវះកាត់កែសម្ផស្សឲ្យស្អាតផងដែរ។

ដោយឡែក ងាកមកមើលយុវជនសញ្ជាតិអាមេរិកម្នាក់ មានវ័យ២២ឆ្នាំនេះវិញ បែរជាមានគំនិតគិតផ្ទុយស្រឡះពីមនុស្សគ្រប់ ដោយចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ ធ្វើការវះកាត់កែសម្ផស្ស ដើម្បីផ្លាស់ប្តូរខ្លួនឯងឲ្យក្លាយទៅជា មនុស្សក្រៅភព ឬហៅថា «Alien» ទៅវិញ។

Vinny Ohh មកពីទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានឆ្លងកាត់ដំណើរការវះកាត់កែសម្ផស្ស រហូតដល់ទៅជាង១១០ដង ដោយចំណាយអស់ប្រាក់ជាង ៥០,០០០ដុល្លារអាមេរិក ដោយសារតែចង់ក្លាយខ្លួនទៅជាមនុស្សក្រៅភព (Alien) ។

ជាក់ស្តែងតាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលយុវជនវ័យជំទង់ Vinny បានថតឡើងមកនេះ ក្នុងកាយវិការដ៏សែនល្វត់ល្វន់ ដោយមានការតុបតែងខ្លួនយ៉ាងចម្លែក ត្រូវបានគេជឿជាក់ថា មើលទៅគេហាក់បីដូចជាមិនមែនជាបុរសភេទ ហើយរឹតតែមិនមែនជានារីភេទ ឲ្យចំលក្ខណៈពិតប្រាកដឡើយ។

ប្រភពបានឲ្យដឹងថា នៅអាយុ១៧ឆ្នាំ Vinny បានចាប់ផ្តើមកែបបូរមាត់ជាលើដំបូង មុនពេលដែលចាប់ផ្តើម ធ្វើការវះកែកាត់កែ ជាបន្តបន្ទាប់ទៅលើ ច្រមុះ ចង្កា និងឆ្អឹងត្រង់បរិវេណចិញ្ចើម និងនៅចំណុចផ្សេងទៀតជាច្រើន នៅលើដងខ្លួនរបស់គេ។

តាមរយៈរូបភាពផ្សេងទៀត គេឃើញដែរថា Vinny ដែលមានតួនាទីធ្វើការងារ ជាតារាម៉ូដែលក្រៅម៉ោងខាងលើនេះ បានពាក់នូវ Contact Lenses ពណ៌ខ្មៅក្រិប រួមជាមួយនឹងក្រញ៉ាំសត្វ ប្រៀបបីដូចជាពួក Alien (មនុស្សចម្លែកក្រៅភព) និងបានពាក់សក់ក្លែងក្លាយ ពណ៌ឆើតឆាយថែមទៀតផង។

ទោះបីជាយ៉ាងណាក្តី Vinny បាននិយាយថា «ខ្ញុំចង់ក្លាយខ្លួនជា Alien ដែលគ្មានភេទដូចជាមនុស្ស។ ខ្ញុំចង់ឲ្យរូបភាពខាងក្រៅរបស់ខ្ញុំ ឆ្លុះបញ្ចាំងពីអារម្មណដែលខ្ញុំមាននៅខាងក្នុង។ រាល់រូបភាពដែលបង្ហាញឡើង ខ្ញុំពិតជាចង់ធ្វើជាកូនកាត់ដូចពួក Alien ណាស់! មិនមែនជាប្រុស ហើយក៏មិនមែនជាស្រីដែរ។ ខ្ញុំចង់វះកាត់ប្រដាប់ភេទរបស់ខ្ញុំចោល តាំងពីអាយុ ១៧ឆ្នាំមកម្ល៉េះ ប៉ុន្តែនៅពេលដែលទៅជួបគ្រូពេទ្យ គេថាធ្វើអ៊ីចឹងវាអាចទៅរួច តែបញ្ហាអាក្រក់នឹងធ្លាក់មក»

Vinny បានបន្ថែមទៀតថា «ខ្ញុំមិនចង់ឲ្យគេថា ខ្ញុំព្យាយាមកែខ្លួនឯង ឲ្យដូចទៅជាមនុស្សស្រីឡើយ។ ខ្ញុំអាចរស់តែម្នាក់ឯងបាន ដោយគ្មានចំណង់ខាងផ្លូវភេទ ដូច្នេះហើយទើបជាមូលហេតុ ដែលខ្ញុំសួរខ្លួនឯងថា ហេតុអីខ្ញុំចាំបាច់មានប្រដាប់ភេទជាបុរស ឬជាស្រ្តីធ្វើអី»

គួរឲ្យដឹងដែរ ថ្មីៗនេះ Vinny ក៏មានគម្រោង ថានឹងត្រូវចំណាយប្រាក់ប្រមាណ ១៦០,០០០ដុល្លារជាបន្ត ដើម្បីធ្វើការវះកាត់ទៅលើប្រដាប់ភេទ កាត់ចុងដោះ និងផ្សិតផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី តាមរយៈការអះអាងរបស់ គ្រូពេទ្យជំនាញបានឲ្យដឹងថា ការធ្វើបែបនេះគឺមិនអាចទៅរួចឡើយ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?   

ប្រភព៖ ដេលីម៉ែល

ដោយឡែក​ ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ពិតជាគួរឲ្យសរសើរមែន! កុមារាអភ័ព្វពិការដៃ ទាំងសងខាងពីកំណើត ខំប្រឹងរៀនសូត្រប្រើជើងសរសេរអក្សរ រហូតធ្វើតេស្តប្រលង ទទួលបានលទ្ធផលដ៏ល្អ

ចិន៖ កាលពីថ្មីៗនេះ កុមារាជនជាតិចិនម្នាក់បានធ្វើឲ្យគ្រប់គ្នា មានការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តនៃការខិតខំតស៊ូរៀនសូត្ររបស់គេ រហូតទទួលបានលទ្ធផលប្រលងដ៏ល្អមួយ ថ្វីបើរូបគេត្រឹមតែជាមនុស្សពិការដៃទាំងសងខាងក្តី។ នេះបើយោងតាមប្រភពសារព័ត៌មាន សៀងហៃ បានចុះផ្សាយ។

កុមារា Jiang Tianjin មានអាយុ៨ឆ្នាំ ជាកូនសិស្សម្នាក់ សិក្សានៅសាលាបឋមសិក្សាមួយកន្លែង ក្នុងស្រុក Shehong ខេត្ត Sichuan ប្រទេសចិន។ Jiang ជាកូនសិស្សម្នាក់ ដែលមានសភាពខុសប្លែក ពីមិត្តរួមថ្នាក់របស់គេដទៃទៀតផងដែរ។ នោះក៏ដោយសារតែ Jiang គេគឺជាកុមារាអភ័ព្វ ពិការដៃទាំងសងខាងពីកំណើត ជាហេតុធ្វើឲ្យរូបគេប្រើជើងខាងស្តាំជំនួស ដើម្បីសរសេរអក្សរផងដែរ។

បើតាមប្រភពបានឲ្យដឹងថា Jiang ជាក្មេងម្នាក់ ដែលតែងតែចូលចិត្តអង្គុយ នៅតុមុខគេក្នុងថ្នាក់រៀន ហើយព្យាយាមសម្របខ្លួនឯង ដោយផ្តោតទៅលើការសិក្សារៀនសូត្រយ៉ាងខ្លាំង រហូតក្លាយខ្លួនជាសិស្សពូកែម្នាក់ នៅក្នុងថ្នាក់ថែមទៀតផង។ អ្វីដែលពិបាកចិត្តបន្ថិចនោះ នៅពេលដែលគ្រូបង្រៀនរបស់គេ មានសំណួរដើម្បីចោទសួរឲ្យសិស្សឡើងឆ្លើយ មិត្តរួមថ្នាក់របស់ Jiang តែងនាំគ្នាលើកដៃដើម្បីជាសញ្ញា។ ប៉ុន្តែផ្ទុយស្រលះពី Jiang បានត្រឹមតែអង្គុយនៅថ្នាក់ យ៉ាងស្ងៀមស្ងាត់ម៉ង់ៗតែម្នាក់ឯង ដោយសុខចិត្តរង់ចាំឲ្យគ្រូរបស់គេ ចុចឈ្មោះហៅគេតែប៉ុណ្ណោះ។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ គ្រូបង្រៀនរបស់ Jiang Tianjin បានបង្ហាញក្រដាសប្រលងធ្វើតេស្តមួយ ដើម្បីឲ្យគ្រប់គ្នាបានឃើញ ពីសមត្ថភាពរបស់ក្មេងប្រុសរូបនេះ ដែលជាលទ្ធផល Jiang បានទទួលពិន្ទុយ៉ាងល្អបំផុត ក្នុងការប្រលងរបស់គេ ដោយកើតចេញពីការខិតខំប្រឹងប្រែង ប្រើត្រឹមតែម្រាមជើងដើម្បីសរសេរអក្សរ និងខួរក្បាលដើម្បីគិតតែប៉ុណ្ណោះ។

ដោយឡែក បើងាកទៅមើលពីអតីតកាលរបស់កុមារ Jiang វិញ ជីវិតរបស់គេគឺពិតជាគួរឲ្យអាណិតខ្លាំងណាស់។ នៅពេលដែលម្តាយរបស់គេ ឆ្លងទន្លេបានរូបគេភ្លាម រួចបានដឹងថា Jiang ពិការដៃទាំងសងខាង បានធ្វើឲ្យម្តាយរបស់គេរន្ធត់ចិត្ត រហូតដល់ថ្នាក់សន្លប់បាត់បង់ស្មារតីតែម្តង។ នៅគ្រានោះដែរម្តាយរបស់ Jiang សន្លប់មិនដឹងខ្លួន គ្រួសារសាច់ញាតិក៏បានលួចយក Jiang ចេញទៅឆ្ងាយ ដោយបានយកគេទៅទម្លាក់ឲ្យ អ្នករត់ស៊ីក្លូម្នាក់ដើម្បីយកទៅចិញ្ចឹម។ បន្ទាប់ពីម្តាយ Jiang ភ្ញាក់ដឹងខ្លួនមិនឃើញកូនខ្លួនឯង គាត់ក៏បានស្រែកយំយ៉ាងខ្លាំង។

ចំណែកឯ អ្នករត់ស៊ីក្លូវិញ ក្រោយបានដឹងថា ក្មេងប្រុសតូច (Jiang) ដែលគេទម្លាក់យកមកឲ្យគាត់នោះ កើតមកគ្មានដៃ គាត់ក៏បានយកគេទៅទម្លាក់បន្តចោល នៅក្បែរចិញ្ចើមផ្លូវវិញផងដែរ។ ប៉ុន្តែជាសំណាងល្អហើយ ដែលត្រូវបានក្រុមមន្រ្តីប៉ូលិស ប្រទះឃើញរួចក៏ប្រកាសទាក់ទង បញ្ជូនកុមារាអភ័ព្វរូបនេះ ទៅកាន់មន្ទីរពេទ្យបានជួបមុខម្តាយរបស់គេវិញ រហូតមកដល់សព្វថ្ងៃតែម្តង។

ម្តាយរបស់ Jiang បាននិយាយថា ថ្វីត្បិតតែកូនប្រុសរបស់គាត់ កើតមកគ្មានដៃក៏ពិតមែន តែរូបគាត់សន្យាថា នឹងមើលថែទាំកូនរបស់ខ្លួនឲ្យដល់ទីបំផុត និងមិនឲ្យរូបគេរបូតចេញទៅណា ឆ្ងាយពីដៃដូចមុនទៀតឡើយ។

ដោយសារតែរឿងរ៉ាវដ៏គួរឲ្យកំសត់ បូករួមជាមួយនឹងការខិតខំ តស៊ូព្យាយាមរៀនសូត្រ យ៉ាងយកចិត្តទុកដាក់របស់ Jiang នេះហើយ ទើបធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន រំជួលចិត្ត និងកោតសរសើរដល់ Jiang យ៉ាងខ្លាំង មិនបាក់ទឹកចិត្តតស៊ូក្នុងជីវិត រហូតក្លាយខ្លួនជាសិស្សឆ្នើម ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]