ភ្នំពេញ៖ ក្រោយខកខានមិនបានចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៨ នៅសិង្ហបុរី កាលពីឆ្នាំ២០១៥ ដោយសារម្ចាស់ផ្ទះមិនដាក់វិញ្ញាសាទម្ងន់ធ្ងន់នោះ កីឡាការិនីតេក្វាន់ដូឆ្នើមកម្ពុជា ស៊ន សៀវម៉ី នឹងមានឱកាសបង្ហាញខ្លួនជាថ្មី ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីក្នុងឆ្នាំ២០១៧នេះវិញហើយ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបានជោគជ័យលើការស្នើសុំម្ចាស់ផ្ទះម៉ាឡេស៊ី ដើម្បីដាក់បញ្ចូលវិញ្ញាសាតេក្វាន់ដូទម្ងន់ធ្ងន់ ដែលជាវិញ្ញាសាប្រកួតរបស់ សៀវម៉ី ទៅក្នុងការប្រកួតស៊ីហ្គេមឆ្នាំនេះ។
សូមរំឮកថា វិរៈកីឡាការិនី ស៊ន សៀវម៉ី គឺជាម្ចាស់មេដាយមាសលើប្រភេទទម្ងន់ក្រោម ៧៣គីឡូក្រាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៧ នៅមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៣ ប៉ុន្ដែឆ្នាំ២០១៥ ដោយសារម្ចាស់ផ្ទះសិង្ហបុរីមិនដាក់វិញ្ញាសានេះ នាងមិនបានចូលរួមជួយដណ្ដើមមេដាយជូនជាតិឡើយ។ ប៉ុន្ដែឥឡូវ សៀវម៉ី មានឱកាសចូលរួម ដើម្បីការពារតំណែងមេដាយមាសទម្ងន់ធ្ងន់របស់ខ្លួនវិញហើយ។ នេះបើតាមការឲ្យដឹងពីលោក ញ៉ាន សុខវិសាល នាយបេសកកម្មរបស់កមម្ពុជា។
លោក ញ៉ាន សុខវិសាល បានបញ្ជាក់ថា ដំបូងឡើយស៊ីហ្គេម ឆ្នាំ២០១៧នេះ ម្ចាស់ផ្ទះម៉ាឡេស៊ីបានសម្រេចដាក់ប្រភេទ កីឡាតេក្វាន់ដូចូលក្នុងវិញ្ញាសាប្រកួត ដោយកំណត់យកត្រឹមប្រភេទទម្ងន់ស្រាល មិនមានទម្ងន់ធ្ងន់របស់កញ្ញា ស៊ន សៀវម៉ី ឡើយ។ ប៉ុន្ដែក្រោយមកថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានព្យាយាមស្នើ និងតស៊ូមតិជាមួយថ្នាក់ដឹកនាំកីឡាម៉ាឡេស៊ី និងក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ រហូតដល់ពេលថ្មីៗកន្លងទៅ ម៉ាឡេស៊ីក៏ឯកភាពលើសំណើរបស់កម្ពុជា ដើម្បីដាក់បន្ថែមវិញ្ញាសាតេក្វាន់ដូទម្ងន់ធ្ងន់វិញ។
នាយបេសកកម្មដឹកនាំអត្តពលិករបស់កម្ពុជាដដែលបានបន្ថែមថា ជុំវិញការសម្រេចរបស់ម្ចាស់ផ្ទះម៉ាឡេស៊ីខាងលើ នឹងផ្ដល់ផលចំណេញសម្រាប់កម្ពុជា ព្រោះ សៀវម៉ី គឺជាកីឡាការិនីឆ្នើមម្នាក់ធ្លាប់ដណ្ដើម បានមេដាយជាច្រើនជូនកម្ពុជា ហើយនាងក៏ធ្លាប់ដណ្ដើមបានមេដាយមាសកីឡាស៊ីហ្គេមទម្ងន់ក្រោម ៧៣គីឡូក្រាមនេះ កាលពីឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ហើយក៏ធ្លាប់ដណ្ដើមបានមេដាយមាសកីឡាអាស៊ី កាលពីឆ្នាំ២០១៤ នៅសាធារណៈរដ្ឋកូរ៉េទៀតផង៕
ប្រភព៖ Khmertalking
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ កីឡាករប្រដាល់ ឡុង សុភី បើកហាងបាយបាន10ថ្ងៃសម្រេចចិត្តបិទចោលវិញ
រាជធានីភ្នំពេញ ៖ ក្រោយការប្រកាសថា សម្រេចចិត្តលក់ម៉ូតូបើកហាងបាយដើម្បីរកចំណូល កីឡាករ ឡុង សុភី និងភរិយាក៏បានដំណើរការមុខរបរលក់បាយកុម្ម៉ង់ និងអាហារកញ្ចប់ដូចការគ្រោងទុកមែន ។ មុខរបរនេះត្រូវបានប្រកាសថាចំណេញក្នុងមួយថ្ងៃមិនក្រោម១៥ម៉ឺនរៀលនោះទេ ដោយចាត់ទុកថាជោគជ័យ ប៉ុន្តែដំណើរការបានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ក៏ត្រូវគេឱ្យបិទចោលដោយសារតែមានចម្រូងចម្រាសកើតឡើង ។
អ្នកប្រដាល់ល្បីឈ្មោះលោក ឡុង សុភី បានអះអាងថា ដោយសារតែការប្រឹងប្រែងឡើងប្រដាល់ញឹកញាប់ក្នុងមួយរយៈពេលមុន ទើបលោក និងភរិយា តស៊ូបើកបានហាងបាយមួយកន្លែងនៅម្ដុំផ្សារដីហុយភ្នំពេញថ្មី ដោយបានចំណាយអស់ដើមច្រើនគួរសមទម្រាំតែអាចបើកចេញ ។ លោកជួលផ្ទះនោះតម្លៃមួយខែ២៥០ដុល្លារ ប៉ុន្តែបើកបានតែមួយរយៈខ្លីក៏មានបញ្ហា ។
លោកថា តាំងពីបើកហាងនោះមកមានរឿងឈឺក្បាលជាប្រចាំ ជាពិសេសពាក់ព័ន្ធនឹងការចតម៉ូតូបណ្ដាលឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ចរាចរណ៍នៅត្រង់ប្រជុំជនផ្សារដីហុយនោះ ដែលបង្ខំឱ្យខាងអាជ្ញាធរមាត់ធំមាត់តូចដល់ម្ចាស់ផ្ទះជាច្រើនលើកច្រើនសា ។ លោកថា អាជីវកម្មទទួលជោគជ័យ ប៉ុន្តែដោយសារតែមិនចង់ឱ្យម្ចាស់ផ្ទះមានបញ្ហា និងមិនចង់មានបញ្ហាជាមួយម្ចាស់ផ្ទះដោយសារតែរឿងរ៉ាវនោះ ទើបលោកសម្រេចចិត្តបិទចោល ដោយភាគីម្ចាស់ផ្ទះយល់ព្រមផ្ដល់ឱ្យលោកចំនួន៣០០ដុល្លារវិញ ក្រោយបើកបានត្រឹមតែ១០ថ្ងៃ ហើយជំរុញឱ្យបិទចោល ។
លោកថា ខ្លួនចំណាយអស់ខ្ទង់ពាន់ដុល្លារលើការចាត់ចែងទិញចាន ទិញឆ្នាំង និងកាត់ទូតូចធំៗប៉ុន្តែមិនសោកស្ដាយទេដោយសារតែពេលថ្ងៃក្រោយលោក និងភរិយាគង់តែរកទីតាំងថ្មី ដើម្បីបើកហាងលក់បាយជាថ្មី ។ លោកនិយាយថា អាជីវកម្មក្រោយបើកដំណើរការអត់មានថ្ងៃខាតនោះទេ ដោយបើកបានតែប៉ុន្មានថ្ងៃក៏ស្គាល់ចំណេញតែម្ដង ទើបលោកសប្បាយចិត្ត ហើយមានគម្រោងពង្រីកមុខរបរមួយនេះឱ្យរឹងមាំ ។
លោកសម្ដែងការសោកស្ដាយដែលការលក់ដូរចាប់ផ្ដើមមានម៉ូយ ហើយការចំណាយដើមទិញចូលថែមនេះថែមនោះមានជាប់រហូត ប៉ុន្តែចុងក្រោយលោក និងភរិយាមិនចង់មើលមុខមិនចំជាមួយម្ចាស់ផ្ទះដោយសារតែខាងសណ្ដាប់ធ្នាប់ធ្វើការព្រមាន ទើបសម្រេចចិត្តបិទចោល ។
លោកស្រឡាញ់ទីតាំងដែលខ្លួនបើកជួល ហើយបើកុំតែមានបញ្ហាប្រហែលជាមុខរបរដែលលោកបើកដំណើរការរីកចម្រើនខ្លាំងក្លាទៅហើយ ។ លោកនិយាយថា៖«មុខរបរហ្នឹងបើកភ្លាមចំណេញភ្លែត មួយថ្ងៃៗចំណេញមិនក្រោម១៥ម៉ឺនទេ ព្រោះយើងជួលចំកន្លែងអ៊ូអរ តែវាស៊យត្រង់កន្លែងខ្ញុំជួលហ្នឹងចំគេដេញទើបខ្ជិលបិទចោលតែម្ដងទៅ ព្រោះតែខ្ញុំក៏មិនចង់មានបញ្ហាជាមួយខាងម្ចាស់ផ្ទះដែលសុទ្ធតែអ្នករាប់អានគ្នាដែរហ្នឹង!»។
លោកថា បើតាមគោលការណ៍ ម្ចាស់ផ្ទះមិនអាចដកផ្ទះនោះឈប់ជួលបានទេ ប៉ុន្តែមកពីលោកមិនចង់ឱ្យមានបញ្ហា ហើយក៏គិតថាការចំណាយដើមទុនកន្លងមកក៏អាចបានរបស់សម្រាប់បើកថ្ងៃក្រោយទើបសម្រេចចិត្តបិទចោល ។ លោកទើបតែបានបិទហាងកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ក្នុងពេលដែលតំបន់ផ្សារដីហុយធ្វើថ្នល់ និងជីកប្រព័ន្ធលូ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាបក្នុងការលក់ដូរ ។
លោកថា ការបង្ខំឱ្យបិទហាងចោលមិនធ្វើឱ្យលោកខាតដើមនោះទេ ដោយសារតែលោកគង់តែស្វែងរកផ្ទះបើកហាងថ្មី ដើម្បីបង្កើតមុខរបរនេះដដែល ។ លោកថា ក្រៅពីប្រដាល់មានតែមុខរបរលក់បាយប៉ុណ្ណោះដែលលោកសម្លឹងឃើញ អ៊ីចឹងហើយទើបលោកអត់ខ្វល់រឿងត្រូវគេដេញ ហើយសល់អីវ៉ាន់ពេញផ្ទះនោះ ។
លោកនិយាយថា៖«តាំងពីបើកមកយើងអស់ច្រើន តែអត់ខាតទេព្រោះយើងសល់អីវ៉ាន់ អីុចឹងទៅកន្លែងថ្មីគ្រាន់តែរៀបរយចំណាយខ្លះទៀតគឺបានហើយ!» ។
យ៉ាងណាមិញ លោកថា ខ្លួនមិនទាន់មានគម្រោងស្វែងរកកន្លែងថ្មីដើម្បីជួលបើកលក់ទៀតនោះទេ ដោយសារតែលោកហាក់មានអារម្មណ៍នឿយណាយ និងចាត់ទុកថាចាំស្វែងរកបានទីតាំងច្បាស់លាស់ជាងហ្នឹងចាំបើកដំណើរការ ។ លោកថា សម្ភារក្រោយការទុកចោលពិតជាខូចខាតច្រើន ប៉ុន្តែមិនមានជម្រើសនោះទេ ទើបលោកទទួលប្រដាល់ឱ្យបានច្រើនលើកទប់ពេលអាជីវកម្មបិទចោលអត់ប្រាក់ចំណូល ។ លោកបានទទួលការប្រដាល់រហូតដល់៣ទៅ៤ដងក្នុងមួយខែ សម្រាប់ខែកុម្ភៈកន្លងទៅ និងសម្រាប់ខែមីនានេះ ។
កីឡាករ ឡុង សុភី មិនទាន់មានគម្រោងទទួលប្រកួតខ្សែក្រវាត់ជាថ្មីនោះទេ ដោយសារតែលោកប្រកាសថាចង់ប្រកួតមិត្តភាពៗច្រើនជាង ព្រោះបានប្រកួតញឹកហើយបានលុយច្រើន ។
លោកទទួលស្គាល់ថា ការប្រកួតតែទទួលញឹកញាប់ គឺពិតជាមិនសូវបានល្អ ប៉ុន្តែមិនមានជម្រើសនោះទេក្នុងពេលដែលហាងបាយលោកទើបនឹងត្រូវបិទចោល ហើយទទួលបន្ទុកជាថ្មីក្នុងពេលដើមទុនក៏កល់លើមុខរបរអស់ ហើយការរកចំណូលក៏មិនមានទាំងស្រុងក្រោយបើកហាងបាយបានតែ១០ថ្ងៃ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]