រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ប្រកាស​ថា សម្រេចចិត្ត​លក់​ម៉ូតូ​បើកហាង​បាយ​ដើម្បី​រក​ចំណូល កីឡាករ ឡុ​ង សុ​ភី និង​ភរិយា​ក៏​បាន​ដំណើរការ​មុខរបរ​លក់​បាយ​កុម្ម៉ង់ និង​អាហារ​កញ្ចប់​ដូច​ការ​គ្រោងទុក​មែន ។ មុខរបរ​នេះ​ត្រូវ​បាន​ប្រកាស​ថា​ចំណេញ​ក្នុង​មួយ​ថ្ងៃ​មិន​ក្រោម​១៥​ម៉ឺន​រៀល​នោះ​ទេ ដោយ​ចាត់​ទុក​ថា​ជោគជ័យ ប៉ុន្តែ​ដំណើរការ​បាន​ត្រឹមតែ​១០​ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​គេ​ឱ្យ​បិទ​ចោល​ដោយសារ​តែ​មាន​ចម្រូងចម្រាស​កើតឡើង ។

អ្នក​ប្រដាល់​ល្បីឈ្មោះ​លោក ឡុ​ង សុ​ភី បាន​អះអាង​ថា ដោយសារ​តែ​ការ​ប្រឹងប្រែង​ឡើង​ប្រដាល់​ញឹកញាប់​ក្នុង​មួយ​រយៈពេល​មុន ទើប​លោក និង​ភរិយា តស៊ូ​បើក​បាន​ហាង​បាយ​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ​ភ្នំពេញ​ថ្មី ដោយ​បាន​ចំណាយ​អស់​ដើម​ច្រើន​គួរសម​ទម្រាំ​តែ​អាច​បើក​ចេញ ។ លោក​ជួល​ផ្ទះ​នោះ​តម្លៃ​មួយ​ខែ​២៥០​ដុល្លារ ប៉ុន្តែ​បើក​បាន​តែ​មួយ​រយៈ​ខ្លី​ក៏​មាន​បញ្ហា ។

លោក​ថា តាំងពី​បើកហាង​នោះ​មក​មានរឿង​ឈឺក្បាល​ជា​ប្រចាំ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ចត​ម៉ូតូ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ចរាចរណ៍​នៅ​ត្រង់​ប្រជុំជន​ផ្សារ​ដី​ហុយ​នោះ ដែល​បង្ខំ​ឱ្យ​ខាង​អាជ្ញាធរ​មាត់ធំមាត់តូច​ដល់​ម្ចាស់ផ្ទះ​ជា​ច្រើន​លើក​ច្រើន​សា ។ លោក​ថា អាជីវកម្ម​ទទួល​ជោគជ័យ ប៉ុន្តែ​ដោយ​សារ​តែ​មិន​ចង់ឱ្យ​ម្ចាស់ផ្ទះ​មាន​បញ្ហា និង​មិន​ចង់​មាន​បញ្ហា​ជាមួយ​ម្ចាស់ផ្ទះ​ដោយសារ​តែ​រឿងរ៉ាវ​នោះ ទើប​លោក​សម្រេចចិត្ត​បិទ​ចោល ដោយ​ភាគី​ម្ចាស់ផ្ទះ​យល់ព្រម​ផ្ដល់​ឱ្យ​លោក​ចំនួន​៣០០​ដុល្លារ​វិញ ក្រោយ​បើក​បាន​ត្រឹមតែ​១០​ថ្ងៃ ហើយ​ជំរុញ​ឱ្យ​បិទ​ចោល ។

លោក​ថា ខ្លួន​ចំណាយ​អស់​ខ្ទង់ពាន់​ដុល្លារ​លើ​ការ​ចាត់ចែង​ទិញ​ចាន ទិញ​ឆ្នាំង និង​កាត់​ទូ​តូច​ធំ​ៗ​ប៉ុន្តែ​មិន​សោកស្ដាយ​ទេ​ដោយសារ​តែ​ពេល​ថ្ងៃក្រោយ​លោក និង​ភរិយា​គង់តែ​រក​ទីតាំង​ថ្មី ដើម្បី​បើកហាង​លក់​បាយ​ជា​ថ្មី ។ លោក​និយាយ​ថា អាជីវកម្ម​ក្រោយ​បើក​ដំណើរការ​អត់​មាន​ថ្ងៃ​ខាត​នោះ​ទេ ដោយ​បើក​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ក៏​ស្គាល់​ចំណេញ​តែ​ម្ដង ទើប​លោក​សប្បាយចិត្ត ហើយ​មាន​គម្រោង​ពង្រីក​មុខរបរ​មួយ​នេះ​ឱ្យ​រឹង​មាំ ។

លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​ការ​លក់ដូរ​ចាប់ផ្ដើម​មាន​ម៉ូយ ហើយ​ការ​ចំណាយ​ដើម​ទិញ​ចូល​ថែម​នេះ​ថែម​នោះ​មាន​ជាប់​រហូត ប៉ុន្តែ​ចុង​ក្រោយ​លោក និង​ភរិយា​មិន​ចង់​មើល​មុខ​មិន​ចំ​ជាមួយ​ម្ចាស់ផ្ទះ​ដោយសារ​តែ​ខាង​សណ្ដាប់ធ្នាប់​ធ្វើការ​ព្រមាន ទើប​សម្រេចចិត្ត​បិទ​ចោល ។

លោក​ស្រឡាញ់​ទីតាំង​ដែល​ខ្លួន​បើក​ជួល ហើយ​បើ​កុំ​តែ​មាន​បញ្ហា​ប្រហែលជា​មុខរបរ​ដែល​លោក​បើក​ដំណើរការ​រីក​ចម្រើន​ខ្លាំងក្លា​ទៅ​ហើយ ។ លោក​និយាយ​ថា​៖«​មុខរបរ​ហ្នឹង​បើក​ភ្លាម​ចំណេញ​ភ្លែត មួយ​ថ្ងៃ​ៗ​ចំណេញ​មិន​ក្រោម​១៥​ម៉ឺន​ទេ ព្រោះ​យើង​ជួល​ចំ​កន្លែង​អ៊ូអរ តែ​វា​ស៊យ​ត្រង់​កន្លែង​ខ្ញុំ​ជួល​ហ្នឹង​ចំ​គេ​ដេញ​ទើប​ខ្ជិល​បិទ​ចោល​តែ​ម្ដង​ទៅ ព្រោះតែ​ខ្ញុំ​ក៏​មិន​ចង់​មាន​បញ្ហា​ជាមួយ​ខាង​ម្ចាស់ផ្ទះ​ដែល​សុទ្ធតែ​អ្នក​រាប់អាន​គ្នា​ដែរ​ហ្នឹង​!»​។

លោក​ថា បើ​តាម​គោលការណ៍ ម្ចាស់ផ្ទះ​មិន​អាច​ដក​ផ្ទះ​នោះ​ឈប់​ជួល​បាន​ទេ ប៉ុន្តែ​មក​ពី​លោក​មិន​ចង់ឱ្យ​មាន​បញ្ហា ហើយ​ក៏​គិត​ថា​ការ​ចំណាយ​ដើមទុន​កន្លង​មក​ក៏​អាច​បាន​របស់​សម្រាប់​បើក​ថ្ងៃក្រោយ​ទើប​សម្រេចចិត្ត​បិទ​ចោល ។ លោក​ទើបតែ​បាន​បិទ​ហាង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​តំបន់​ផ្សារ​ដី​ហុយ​ធ្វើ​ថ្នល់ និង​ជីក​ប្រព័ន្ធ​លូ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប​ក្នុង​ការ​លក់ដូរ ។

លោក​ថា ការ​បង្ខំ​ឱ្យ​បិទ​ហាង​ចោល​មិន​ធ្វើ​ឱ្យ​លោក​ខាតដើម​នោះ​ទេ ដោយសារ​តែ​លោក​គង់តែ​ស្វែងរក​ផ្ទះ​បើកហាង​ថ្មី ដើម្បី​បង្កើត​មុខរបរ​នេះ​ដដែល ។ លោក​ថា ក្រៅពី​ប្រដាល់​មាន​តែ​មុខរបរ​លក់​បាយ​ប៉ុណ្ណោះ​ដែល​លោក​សម្លឹង​ឃើញ អ៊ីចឹង​ហើយ​ទើប​លោក​អត់​ខ្វល់​រឿង​ត្រូវ​គេ​ដេញ ហើយ​សល់​អីវ៉ាន់​ពេញ​ផ្ទះ​នោះ ។

លោក​និយាយ​ថា​៖«​តាំងពី​បើក​មក​យើង​អស់​ច្រើន តែ​អត់ខាត​ទេ​ព្រោះ​យើង​សល់​អីវ៉ាន់ អីុចឹងទៅ​កន្លែង​ថ្មី​គ្រាន់តែ​រៀបរយ​ចំណាយ​ខ្លះ​ទៀត​គឺ​បាន​ហើយ​!» ។

យ៉ាងណាមិញ លោក​ថា ខ្លួន​មិន​ទាន់​មាន​គម្រោង​ស្វែងរក​កន្លែង​ថ្មី​ដើម្បី​ជួល​បើក​លក់​ទៀត​នោះ​ទេ ដោយសារ​តែ​លោក​ហាក់​មាន​អារម្មណ៍​នឿយណាយ និង​ចាត់​ទុក​ថា​ចាំ​ស្វែង​រកបាន​ទីតាំង​ច្បាស់លាស់​ជាង​ហ្នឹង​ចាំ​បើក​ដំណើរការ ។ លោក​ថា សម្ភារ​ក្រោយ​ការ​ទុក​ចោល​ពិតជា​ខូចខាត​ច្រើន ប៉ុន្តែ​មិន​មាន​ជម្រើសនោះ​ទេ ទើប​លោក​ទទួល​ប្រដាល់​ឱ្យ​បាន​ច្រើន​លើក​ទប់​ពេល​អាជីវកម្ម​បិទ​ចោល​អត់​ប្រាក់​ចំណូល ។ លោក​បាន​ទទួល​ការ​ប្រដាល់​រហូត​ដល់​៣​ទៅ​៤​ដង​ក្នុង​មួយ​ខែ សម្រាប់​ខែកុម្ភៈ​កន្លង​ទៅ និង​សម្រាប់​ខែមីនា​នេះ ។

កីឡាករ ឡុ​ង សុ​ភី មិន​ទាន់​មាន​គម្រោង​ទទួល​ប្រកួត​ខ្សែក្រវាត់​ជា​ថ្មី​នោះ​ទេ ដោយសារ​តែ​លោក​ប្រកាស​ថា​ចង់​ប្រកួត​មិត្តភាព​ៗ​ច្រើនជាង ព្រោះ​បាន​ប្រកួត​ញឹក​ហើយ​បាន​លុយ​ច្រើន ។

លោក​ទទួលស្គាល់​ថា ការ​ប្រកួត​តែ​ទទួល​ញឹកញាប់ គឺ​ពិតជា​មិនសូវ​បាន​ល្អ ប៉ុន្តែ​មិន​មាន​ជម្រើស​នោះ​ទេ​ក្នុង​ពេល​ដែល​ហាង​បាយ​លោក​ទើបនឹង​ត្រូវ​បិទ​ចោល ហើយ​ទទួល​បន្ទុក​ជា​ថ្មី​ក្នុង​ពេល​ដើមទុន​ក៏​កល់​លើ​មុខរបរ​អស់ ហើយ​ការ​រក​ចំណូល​ក៏​មិន​មាន​ទាំងស្រុង​ក្រោយ​បើកហាង​បាយ​បាន​តែ​១០​ថ្ងៃ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]