ប៉ាគីស្ថាន៖ យុវជនម្នាក់ បានធ្វើឲ្យមិត្តភក្តិ និងក្រុមគ្រួសាររបស់គេ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបង្ហាញសមត្ថភាពដ៏អស្ចារ្យស្តែងៗ  ដោយការពត់ស្មាទៅក្រោយខ្នង បានដល់ទៅ ៣៦០ដឺក្រេឯណោះ។

យុវជនឆ្អឹងទន់រូបនេះមានឈ្មោះថា Abdullah Shah អាយុ១៧ឆ្នាំ  តែងតែបង្ហាញសមត្ថភាពដ៏អស្ចារ្យនេះ នៅសួនច្បារសាធារណៈ  នៅស្រុកកំណើតរបស់គេនាទីក្រុង Lahore ប្រទេសប៉ាគីស្ថាន គ្រាន់ជាការកម្សាន្តធម្មតាៗ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយជួបបញ្ហាភ្លាត់ឆ្អឹងស្មា  Abdullah Shah អាចពត់ដៃទាំង០២ ទៅប៉ះនឹង.ក ឆ្អឹងស្លាបប្រចៀវ និងចង្កេះ ថែមទៀតផង។ យុវជន Abdullah Shah បានរៀនសមត្ថភាពទាំងនេះដោយខ្លួនឯង ហើយគេនិយាយទាំងមានមោទនភាពថា លោកមិនដែលទទួលរងរបួសណាមួយ បន្ទាប់ពីការសម្តែងនេះឡើយ។ 

Abdullah Shah និយាយថា “សម្រាប់ខ្ញុំវាងាយស្រួលដូចជាបកចេកអ៊ីចឹង។ ខ្ញុំបានសម្តែងបែបនេះជាច្រើនឆ្នាំមកហើយ ហើយពិតជាសប្បាយរីករាយមែនទែន”។ រូបគេបន្តថា “ខ្ញុំមិនត្រឹមតែអាចពត់ស្មានោះទេ ប៉ុន្តែខ្ញុំថែមទាំងអាចពត់ដៃ និងជើងទាំង២ ថែមទៀតផង”។

Abdullah Shah ដែលជាអ្នកងប់ងុលនឹងកីឡាកាយសម្បទារូបនេះ បានចាប់ផ្តើមចេះពត់ដៃជើងនេះ តាំងពី៤ឆ្នាំមុន ដោយហ្វឹកហាត់នៅផ្ទះ។ លោកបានដាក់សម្ពាធខ្លាំងលើស្មារបស់លោកក្នុងគោលបំណង ដើម្បីពង្រីកវា ប៉ុន្តែជាលទ្ធផលបែរជាធ្វើឲ្យភ្លាត់ ឆ្អឹងស្មាទៅវិញ។

បើទោះជាភ្លាត់ឆ្អឹងស្មាក៏ដោយ ប៉ុន្តែរូបគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលគេអាចពត់វាមកកន្លែងដើមវិញ ដោយមិនមានការឈឺចាប់សូម្បីតែបន្តិច។ ហើយនៅពេលនេះ Abdullah មានគោលបំណងចង់មានឈ្មោះល្បីល្បាញ តាមរយៈទេពកោសល្យរបស់គាត់ ប៉ុន្តែរូបគេក៏មានបំណងចង់ក្លាយជាគ្រូពេទ្យម្នាក់ទៅថ្ងៃអនាគតផងដែរ៕ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ប្រពៃណីចម្លែក! ឪពុកម្ដាយនឹងមានសំណាងល្អ ប្រសិនបើចាប់កូនកោរសក់ ហើយកូននោះស្រែកយំខ្លាំង

ប្រទេសចិន ជាប្រទេសដែលមានអរិយធម៌ចាស់ជាងគេមួយ ក្នុងចំណោមប្រទេសដែលមានអរិយធម៌ចាស់ៗផ្សេងទៀតក្នុងពិភពលោក។ បើទោះសម័យកាលចេះតែវិវឌ្ឍទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ក៏ពិធីបុណ្យសាសនា និងអបិយជំនឿផ្សេងៗ នៅតែត្រូវបានមនុស្សមួយចំនួន បន្តអនុវត្តរហូតមកដល់សព្វថ្ងៃ។

ជាក់ស្តែងពិធីបុណ្យមួយត្រូវបានប្រារព្ធធ្វើឡើងនៅរៀងរាល់ថ្ងៃទី២ នៃខែទី២ ក្នុងប្រតិទិនចន្ទគតិរបស់ចិន ដែលពិធីបុណ្យនេះមានឈ្មោះថា Longtaitou ឬមានន័យថា “ថ្ងៃដែលសត្វនាគងើបក្បាល”។

ជារឿងដែលចម្លែកក្នុងថ្ងៃពិធីបុណ្យនេះដែរ ដែលឪពុកម្ដាយគ្រប់រូបបាននាំកូនប្រុសតូចៗរបស់ពួកគេ ទៅហាងកាត់សក់ដើម្បីធ្វើការកោរសក់ ថ្វាយដល់សត្វនាគ ដែលពួកគេមានជំនឿថាកូនប្រុសប្រៀបដូចជាសត្វនាគ ហើយនៅពេលដែលពួកគេយំក្នុងពេលកោរសក់ វាប្រៀបបានដូចជាសត្វនាគកំពុងតែនាំទឹកភ្លៀងមកឲ្យពួកគេ ដូច្នោះដែរ។ អ្វីដែលពិសេសនោះ កូនណាដែលយំខ្លាំងក្នុងពេលកោរសក់នេះ នោះឪពុកម្ដាយរបស់គេ នឹងមានលាភសំណាងកាន់តែច្រើនក្នុងឆ្នាំថ្មីនេះ។

យ៉ាងណាមិញ ពិធីបុណ្យនេះជាពិធីបុណ្យប្រពៃណី បែបកសិកម្មរបស់ចិន ដែលប្រជាជនចិនមានជំនឿទៅលើសត្វនាគថា សត្វនាគជាអ្នកនាំខ្យល់ និងទឹកភ្លៀងមកស្រោចស្រពលើដំណាំកសិកម្មរបស់ពួកគេ ដែលក្នុងកំឡុងខែទី២ ក្នុងប្រតិទិនចន្ទគតិរបស់ចិន ជាខែដែលប្រជាជនចិនបានចាប់ផ្ដើមធ្វើការបង្កបង្កើនផលកសិកម្មរបស់ពួកគេ។

ជាការបំពេញចិត្តសត្វនាគ ឬជាការថ្វាយដង្វាយដល់សត្វនាគ ប្រជាជនចិនបាននាំគ្នាសែនមី និងនំពងទាដែលជាសំណែនដែលស្ដេចនាគចូលចិត្ត។ លើសពីនោះ ពួកគេត្រូវបានហាមឃាត់មិនឲ្យធ្វើការដេរប៉ាក់ ក្នុងកំឡុងពេលពិធីបុណ្យដោយគេមានជំនឿថា ការដេរប៉ាក់នេះប្រៀបដូចជាយកម្ជុលទៅចាក់ភ្នែកនាគ។ មួយវិញទៀត ការបោសសំអាតផ្ទះក៏ត្រូវបានហាមឃាត់ដូចគ្នា ព្រោះពួកគេចង់ឲ្យមានធូលីនៅពាសពេញបរិវេណផ្ទះ ដើម្បីឲ្យស្ដេចនាគមើលឃើញដូចជាមានភាពរាំងស្ងួត និងនាំទឹកភ្លៀងមកឲ្យពួកគេ។

ជាចុងក្រោយពិធីបុណ្យនេះ នៅតែជាពិធីបុណ្យចម្លែកសម្រាប់ជនបរទេស ដែលវាបានធ្វើឲ្យអ្នកថតរូបជាច្រើនជុំវិញពិភពលោកមានការចាប់អារម្មណ៍ និងតែងតែត្រៀមរង់ចាំថតសកម្មភាពក្មេងៗទាំងនោះ ជាមួយការកោរសក់ ជាម៉ូតប្លែកៗផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]