អាមេរិក៖ ក្រុមហ៊ុន SpaceX បានប្រកាសថា ពលរដ្ឋធម្មតាចំនួន២នាក់ បានចំណាយលុយឲ្យក្រុមហ៊ុនរបស់ខ្លួន ដើម្បីធ្វើដំណើរកម្សាន្តជុំវិញភពព្រះច័ន្ទ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមសម្ដីរបស់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានឲ្យដឹងថា “បេសកកម្មនេះត្រូវបានគ្រោងទុកសម្រាប់ចុងឆ្នាំ២០១៨។ ហើយភ្ញៀវទេសចរទាំង២រូបនោះ ក៏បានចំណាយលុយថ្លៃកក់ផ្សេងៗ រួចរាល់អស់ហើយដែរ”។ លោកបន្ថែមថា ”ការធ្វើដំណើរកម្សាន្តមួយនេះ បង្ហាញឲ្យឃើញពីឱកាសសម្រាប់មនុស្សជាតិ ក្នុងការធ្វើដំណើរចូលទៅកាន់លំហរដ៏សែនជ្រៅ ជាលើកទី១ ក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយ”។

ប្រភពព័ត៌មានបានឲ្យដឹងថា ភ្ញៀវទេសចរទាំងនោះ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ ហើយពួកគេនឹងត្រូវហោះទោះកាន់លំហរតាមរយៈយានអវកាស ដែលនឹងត្រូវសាកល្បងហោះហើរដោយគ្មានមនុស្សបើកនៅចុងឆ្នាំនេះ។ 

លោក Elon Musk បានឲ្យដឹងថា “អ្នកដំណើរទាំង២ នឹងធ្វើដំណើរលឿន ហើយឆ្ងាយជាងអ្នកអវកាសមុនៗ ចូលទៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ហើយពួកគេក៏នឹងត្រូវធ្វើតេស្តសុខភាព និងកាយសម្បទា ព្រមទាំងចាប់ផ្ដើមឆ្លងកាត់ការហ្វឹកហាត់ផ្សេងៗ នៅចុងឆ្នាំនេះផងដែរ មុននឹងធ្វើដំណើរទៅកាន់ទីអវកាស"

លោកបានបន្តថា កិច្ចសហប្រតិបត្តិការរវាង ភ្នាក់ងារអវកាស Nasa របស់អាមេរិក ជាមួយនឹងក្រុមហ៊ុន SpaceX បានធ្វើឲ្យគម្រោងមួយនេះអាចទៅរួច។ តែទោះជាយ៉ាងណា ការធ្វើដំណើរលើកនេះ មិនមានការចុះចតយានអវកាសលើឋានព្រះច័ន្ទឡើយ គឺគ្រាន់តែធ្វើដំណើរជុំវិញភពព្រះចន្ទតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានបញ្ជូនអវកាសយានិក ទៅកាន់ភពព្រះចន្ទ ចាប់តាំងពីអំឡុងដើមទសវត្សរ៍ ឆ្នាំ១៩៧០ មកម្ល៉េះ៕

ប្រភព៖ BBC

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ណាសា ប្រកាសរកឃើញភពថ្មី ស្រដៀងភពផែនដី

សារព័ត៌មានដេលីម៉ែល បានចុះផ្សាយព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា អង្គការណាសា ធ្វើការប្រកាសជាផ្លូវការ កាលពីយប់មិញថា ពួកគេបានរកឃើញភពជាច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យថ្មីមួយ ដែលមានសភាពដូចជាភពផែនដី និងអាចមានលទ្ធភាពឲ្យជីវិតរស់នៅបានថែមទៀតផង។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រព័ន្ធព្រះអាទិត្យថ្មីនេះ មានភពចំនួន ៧ ដែលមានទំហំប្រហាក់ប្រហែលនឹងភពផែនដី ធ្វើដំណើរជុំវិញតារាពណ៌ក្រហមមួយ ដែលមានឈ្មោះថា TRAPPIST-1។ វាមានចម្ងាយ ៣៩ឆ្នាំពន្លឺ ពីផែនដី ហើយនៅក្នុងភពទាំង ៧នោះ គេជឿថាយ៉ាងហោចណាស់មានភពចំនួន ៣ដែលមានលក្ខណៈដូចភពផែនដី និងអាចឲ្យជីវិតរស់នៅបាន។

ការរកឃើញថ្មីនេះ ត្រូវបានធ្វើឡើងដោយក្រុមអន្តរជាតិ ដោយប្រើប្រាស់កែវពង្រីកកម្រិតខ្ពស់ និងទំនើប ដែលបានបង្ហោះទៅក្នុងលំហអាកាស និងស្ថិតនៅទីដ៏សែនឆ្ងាយជុំវិញពិភពលោក។

ភពថ្មីដែលគួរឲ្យចាប់អារម្មណ៍ទាំងអស់នោះ គឺស្ថិតនៅកៀកៗនឹងគ្នា ប៉ុន្តែការនៅកៀកគ្នាបែបនេះ វាអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រអាចប្រើប្រាស់កែវពង្រីកដ៏ទំនើប Ultra-Sophisticated Telescopes និងម៉ាស៊ីនស្គែន ដើម្បីតាមដានភពទាំងអស់នោះ និងធ្វើការបញ្ជាក់ឲ្យកាន់តែច្បាស់ថានៅក្នុងភពទាំងនោះមានទឹក ហើយបរិយាកាសអាចទ្រទ្រង់ជីវិតលូតលាស់បាន។

ក្រុមតារាវិទូ បានឲ្យដឹងថា ភពទាំង ៧នោះ ត្រូវបានគេជឿជាក់ថា យ៉ាងហោចណាស់វាមានអាយុកាល ១ពាន់លានឆ្នាំ ហើយមានបឹង និងមហាសមុទ្រជាច្រើនទៀតផង។ ប៉ុន្តែមានភពចំនួន៣ នៅកៀកនឹងតារា TRAPPIST-1 ដែលអាចមានសភាពក្តៅខ្លាំង និងមិនមានទឹក ខណៈភព១ ផ្សេងទៀតហាក់នៅឆ្ងាយ និងមានសភាពត្រជាក់ខ្លាំង។

ទោះជាយ៉ាងណា នៅមានភពចំនួន ៣ ទៀតដែលស្ថិតនៅកណ្តាល គឺភព (E1 F1 និង G1) ជាភពដែលអ្នកវិទ្យាសាស្រ្តកំពុងចាប់អារម្មណ៍ខ្លាំង ព្រោះវាមិនក្ដៅ និងមិនត្រជាក់ពេកសម្រាប់ជីវិតលូតលាស់។ សីតុណ្ហភាពនៅលើផ្ទៃភព មានកម្រិតចាប់ពី សូន្យ ដល់ ១០០អង្សា ដូច្នេះទឹកនៅក្នុងភពនោះ នឹងមិនពុះ ហើយក្លាយជាចំហាយនោះទេ។

ចំពោះលក្ខណៈពិសេសផ្សេងៗរបស់ភពទាំង ៧ ដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យថ្មីនេះ រួមទាំងព័ត៌មានជាក់លាក់ផ្សេងទៀត អង្គការ ណាសា គ្រោងនឹងបង្ហាញនៅឆ្នាំក្រោយនេះ ដូច្នេះយើងរង់ចាំតាមដានទាំងអស់គ្នាថា ភពទាំងនោះ ពិតជាអាចឲ្យយើងរស់នៅបានដែរ ឬក៏អត់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]