ខេត្តបន្ទាយមានជ័យ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ ចំពោះ​កូន​តុងទីន​ជា​ច្រើន​នាក់ បន្ទាប់​ពី​ទៅ​ដល់​តូប​មេ​តុងទីន​ស្រាប់តែ​មាន​អ្នក​ថ្មី​លក់ ហើយ​សាកសួរ​អ្នក​ជិតខាង​ថា​បាត់​មួយ​រយៈ​ហើយ​។

ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​ បាន​កើតឡើង​នៅ​រសៀល ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៧ នៅ​ចំណុច​ផ្សារ​ត្រី ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ នៅ​កន្លែង​កើតហេតុ​កូន​តុងទីន​មិន​ច្រើន​ទេ ប៉ុន្តែ​ពេល​សួរនាំ​ពួក​គាត់​និយាយ​ថា ចំនួន​កូន​តុងទីន​មាន​១៣៩​នាក់ ខ្លះ​លេង​៥​ក្បាល ខ្លះ​លេង​៣​ឬ​២​ក្បាល ដែល​សរុប​ទឹកប្រាក់​ប្រមូល​ក្នុង​មួយ​ថ្ងៃ​ៗ មិន​តិច​ជាង​១​ម៉ឺន​ដុល្លា​អា​មេ​រិ​ក​ឡើយ​។

ក្រុម​កូន​តុងទីន​និយាយ​ថា មេ​តុងទីន​នោះ​ប្តី​ឈ្មោះ ជា ប្រពន្ធ​ឈ្មោះ ឡេ​ង ជា​អាជីវករ​លក់​គ្រឿងក្រអូប​នៅ​ផ្សារ​ត្រី​ ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​មាន​តូប​រហូត​៣​។ ពាក់ព័ន្ធ​បញ្ហា​នេះ​ក្រុម​កូន​តុងទីន​ភាគច្រើន​ មិន​ហ៊ាន​ធ្វើ​បទ​សម្ភាស​ទេ តែ​ស្ត្រី​អាជីវករ​លក់​អង្ករ​ក្នុង​ផ្សារ​ត្រី​ឈ្មោះ អាង ឈុ​ន អាយុ​៤៤​ឆ្នាំ និយាយ​ថា សម្រាប់​គ្រួសារ​គាត់​លេង​តុងទីន​៥​ក្បាល​អស់ប្រាក់​១៥​ម៉ឺន​បាត និង​ស្ត្រី​ម្នាក់​ទៀត​ ជា​ម្ចាស់​ហាង​កាហ្វេ​ក្នុង​ផ្សារ​ត្រី​នោះ​ដែរ​មិន​ប្រាប់​អត្តសញ្ញាណ​បាន​និយាយ​ថា គ្រួសារ​គាត់​លេង​៥​ក្បាល​ដែរ អស់ប្រាក់​រហូត​៣០​ម៉ឺន​បាត​។

ក្រុម​អាជីវករ​និយាយ​ថា មេ​តុងទីន​រូប​នេះ​ ទំនងជា​រៀប​គម្រោង​ រត់​យូរហើយ​ព្រោះ តូប​ទាំងអស់​បាន​សេង​ទៅ​ឲ្យ​អ្នក​ថ្មី​គ្មាន​នរណា​ដឹង​ទេ លុះ​ឃើញ​អ្នក​ថ្មី​មក​លក់ ហើយ​ពេល​សួរនាំ​ម្ចាស់​ថ្មី​ប្រាប់​ថា សេង​ពី​មេ​តុងទីន​ខាងលើ ទើប​ដឹង​ថា មេ​តុងទីន​រត់​ក៏​នាំ​គ្នា​ភ្ញាក់ផ្អើល​តែ​ម្តង​។ មុន​នេះ​បន្តិច​ដោយ​មាន​សេចក្តីរាយការណ៍​ ដល់​សមត្ថកិច្ច​លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជា​កម្លាំង​ទៅ​ជួប​ជាមួយ​កូន​តុងទីន​ និង​ណែនាំ​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង​ ចៀសវាង​កើត​មាន​អំពើ​ហិង្សា​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

អាសូរណាស់! ស្រ្តីម្នាក់សម្រាលកូនដំបូង នៅកណ្តាលវាលស្រែក្នុងខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ អាសូណាស់! កូនទី១ ឈឺពោះសម្រាលក្រោមកម្តៅថ្ងៃ កណ្តាលវាលស្រែ ឆ្ងាយពីភូមិ ជិតមួយគីឡូម៉ែត្រ និង ឃា្លតឆ្ងាយពីមណ្ឌលសុខភាព ស្រែក្រសាំង រាប់គីឡូម៉ែត្រនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដំរីផុង ឃុំកោះសម្ពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទាំងនេះគឺជាការរៀបរាប់របស់អ្នកភូមិ សំដៅដល់ស្រ្តីម្នាក់ឈ្មោះ ថេង ធារី អាយុ២៦ឆ្នាំ ស្រុកកំណើត នៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របូរី ខេត្តក្រចេះ និងទើបមករស់នៅធ្វើស្រែចំការ នៅភូមិដំរីផុងឃុំកោះ​សម្ពាយ​ស្រុកសៀមបូក បានមួយឆ្នាំប៉ុណ្ណោះ។

តែយ៉ាងណាក៏ដោយ ដោយសារតែមានបុណ្យជួយ បច្ចុប្បន្នទាំងទារក និងម្តាយកំពុងសម្រាកថែទាំសុខភាព នៅមណ្ឌល​សុខភាព ស្រែក្រសាំងស្រុកសៀមបូក ដោយរួចផុតពីគ្រោះថ្នាក់ហើយ ដោយសារតែបានប្រជាពលរដ្ឋបានជួយទាន់។

ស្ត្រីសម្រាលកូនខាងលើនេះ បានរៀបរាប់ថា នាងពុំដឹងខ្លួនឈឺពោះរៀបនឹងសម្រាលកូននោះទេ តែស្រាប់កើតឡើងភ្លាមៗ នៅថ្ងៃទី២៧ ខែកុម្ភៈនេះ ទាំងពុំដឹងខ្លួនបែបហ្នឹង។ នាងបន្តថា នេះជាចំណងដៃកូនទីមួយ​ក្រោយរៀបការ​ជាមួយប្តីបាន​ជាងមួយឆ្នាំកន្លងទៅ។

បុរសជាប្តីក៏បានរៀបរាប់ដែរថា ខ្លួនមិនដឹងប្រពន្ធត្រូវជួបប្រទះរឿងបែបនេះសោះ ហើយវាជាអនុស្សាវរីយ៍មួយ ដែលមិនអាច​បំភ្លេចបាន ក្រោយកូនប្រុសត្រូវសម្រាលនៅកណ្តាលវាលស្រែ ដ៏ជូរចត់បែបនេះ ហើយខ្លួនក៏មាន​ការរំភើបដែលបាន​ធ្វើជាឪពុក​ក្នុងប្រវត្តិជូរចត់របស់កូនគ្រានេះដែរ។

បុរសរូបនេះបន្តថា ទន្ទឹមនឹងប្រពន្ធផ្តើមឈឺពោះ ខ្លួនមានការបារម្ភណ៍ពីបញ្ហាប្រឈមទីមួយ គ្មានពេទ្យឆ្មប និងទីពីរ មណ្ឌល​សុខភាព​នៅឆ្ងាយរាប់គីឡូម៉ែត្រ និងជាការធ្វេសប្រហែសមួយ ដែលមិនបានទៅពិនិត្យផ្ទៃពោះ ទទួលការណែនាំ​នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដើម្បីត្រៀមលក្ខណៈជាមុន។

តាមការឲ្យដឹងពីប្អូនស្រីស្រ្តីខាងលើ នៅថ្ងៃទី២៧ ខែកុម្ភៈ រូបនាងរួមបងប្អូន ប្រុស ស្រី៤នាក់ រួមទាំងបងស្រីមាន ផ្ទៃពោះផង​នោះ​ទៅចូលបុណ្យលើកធាតុយាយនៅភូមិចម្ងាយពីខ្ទមស្រែ ជិតមួយគីឡូម៉ែត្រលុះដើបានជាង១០០ម៉ែត្រ គាត់ប្រាប់ថា ឈឺចង្កេះដោយពុំនឹកស្មានថា ឈឺពោះសម្រាលកូននោះទេ បន្ទាប់មកក៏ស្រាប់ឈឺពោះកាន់តែខ្លាំង និងដើរមិនរួចទើប​សម្រាល​នៅកណ្តាលស្រែតែម្តង។

នារីដដែលបន្តថា គ្រាកំពុងឈឺពោះជាការដៃដន្យបំផុត មានអ្នកគ្រូពេទ្យឆ្មបម្នាក់ឆ្លងកាត់ ជួយពិនិត្យ និងជូនដំណឹងទៅ ប្រធាន មណ្ឌលសុខភាពស្រែក្រសាំងឲ្យបញ្ជូនអ្នកគ្រូពេទ្យឆ្មបជំនាញពីរនាក់ រួមទាំងសភារៈមកជួយបន្ថែមទាន់ពេល ចំណែកប្​តីរបស់គាត់ប្រឹងកាប់ដើមឬស្សីចងអង្រឹង សែងទៅបណ្តើរតែការឈឺពោះនោះលឿនពេកសម្រាលភ្លាមៗ នៅកណ្តាល​ស្រែនោះតែម្តង បន្ទាប់មកក្រុមគអ្នកគ្រូពេទ្យឆ្មបមកដល់ជួយសម្អាតសុកចេញ និងបញ្ជូនតាមម៉ូតូបន្តទៅ​ទទួលការ​ថែទាំនៅមណ្ឌលសុខភាពភ្លាមៗដែរ។

លោក ឯម ប៊ុនសុំ ប្រធានមណ្ឌលសុខភាពភូមិស្រែក្រសាំង ឃុំស្រែក្រសាំងស្រុកសៀមបូក បានបញ្ជាក់ថា សុខភាពម្តាយ និងទារកមានសុខភាពល្អធម្មតា ហើយវាជារឿងមួយដែលកម្រសម្រាប់ស្ត្រីមានផ្ទៃពោះជួបប្រទះ ការសម្រាលកូន​ដោយខ្លួនឯង ដោយមិនដឹងខ្លួនបែបនេះ។

លោក ឯម ប៊ុនសុំ បានបន្ថែមថា ទាក់ទិនការសម្រាលកូនបែបនេះ មានការប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនលើក​ក្រោយសម្រាល មិនបានយកសុកចេញឈាម នឹងចាប់ផ្តើមធ្លាក់ដែលអាចកើតមានគ្រោះថ្នាក់គ្រប់ពេលលើសុខភាពម្តាយ។

លោកបានបញ្ជាក់បន្ថែមថា ខាងមណ្ឌលសុខភាពបានចុះផ្សព្វផ្សាយអប់រំដល់មូលដ្ឋានជាប្រចាំ តែមានប្រជាពលរដ្ឋ ខ្លះគាត់​ចូលរួមនិងខ្លះទៀតគាត់មិនបានចូលរួមស្តាប់ការផ្សព្វផ្សាយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]